រាជធានីភ្នំពេញ ៖ ក្រសួងបរិស្ថាន បានសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ នូវយុទ្ធសាស្ត្រ ចក្រាវិស័យបរិស្ថាន ២០២៣-២០២៨ ស្របពេលជាមួយនឹងការដាក់ចេញយុទ្ធនាការ ផ្ទៃមេឃពណ៌ខៀវ និងការបញ្ចេញឧស្ម័នសូន្យ ២០៥០ ។
ថ្លែងក្នុងពិធីសម្ភោដាក់ដំណើរការ កាលពីថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅទីស្តីការក្រសួង ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន ថ្លែងថា “នាវាបរិស្ថាន ផ្តើមចេញដំណើរហើយ ដោយមានបំពាក់ នូវផែនទីចង្អុលផ្លូវ គឺយុទ្ធសាស្ត្រចក្រាវិស័យបរិស្ថាន ហើយឈរលើផែនទីចង្អុលផ្លូវមួយនេះ វិស័យបរិស្ថានរបស់យើងទាំងអស់គ្នា នឹងទទួលបានប្រសិទ្ធិភាព និងប្រសិទ្ធផល ដើម្បីឈានឆ្ពោះទៅសម្រេចបាន នូវចក្ខុវិស័យកម្ពុជា ឆ្នាំ២០៥០។ ទន្ទឹមនឹងភាពស្អាត ភាពបៃតង និងចីរភាព នៃមុំ៣ សំខាន់របស់យុទ្ធសាស្ត្រចក្រាវិស័យបរិស្ថាន ។
ឯកឧត្តមរដ្ឋមន្ត្រី បានគូសបញ្ជាក់ទៀតថា ឈរលើភាពស្អាត ដោយផ្តើមចេញពីការគាំទ្ររបស់សិស្សានុសិស្ស លោកគ្រូ អ្នកគ្រូ ព្រះសង្ឃ កម្មករ កម្មការនី ប្រជាពលរដ្ឋកម្ពុជា ដៃគូអភិវឌ្ឍន៍ និងស្ថាប័នពាក់ព័ន្ធទាំងអស់ ដែលបានរួមចំណែក ដោយបេះដូងធ្វើឱ្យសាលារៀនស្អាត វត្តអារាមស្អាត ភូមិឋានស្អាត សហគមន៍ស្អាត និងទីក្រុងស្អាត គឺជាភាពជោគជ័យរបស់យើងទាំងអស់គ្នា ហើយភាពស្អាតទាំងក្នុងនិងក្រៅរបស់យើងនេះ ប្រៀបដូចជាស្នាមញញឹមស្រស់ស្អាតបំផុត ក្នុងការទាក់ទាញភ្ញៀវទេសចរណ៍អន្តរជាតិ ឲ្យមកទស្សនាប្រទេសរបស់យើង ។
ជាមួយគ្នានេះ ភាពស្អាតរបស់យើង បានកំពុងធ្វើរួចហើយនៅលើគោក គឺតាមរយៈយុទ្ធនាការកាត់បន្ថយការប្រើប្រាស់ប្លាស្ទិក នឹងបន្តទៅយុទ្ធនាការផ្ទៃមេឃពណ៌ខៀវ និងការបញ្ចេញឧស្ម័នសូន្យ ២០៥០ នៅលើអាកាស ហើយនឹងបន្តទៅការសម្អាត នៅក្នុងទឹកជាបន្តទៀត ដើម្បីកម្ពុជាស្អាត ៕
ចែករំលែកព័តមាននេះ