ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក​ហុងដា ជឿ​ថា គោព្រៃ​កម្ពុជា​អាច​ធ្វើ​បាន​ពេល​ប៉ះ​ម្ចាស់ផ្ទះ​ប៉ា​គី​ស្ថាន​រសៀល​នេះ

1 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ លោក Keisuke Honda អតីត​អ្នកចាត់ការ​ទូទៅ​ក្រុមបាល់ទាត់​ជម្រើសជាតិ​កម្ពុជា

រាជធានី​ភ្នំពេញ ៖ លោក Keisuke Honda អតីត​អ្នកចាត់ការ​ទូទៅ​ក្រុមបាល់ទាត់​ជម្រើសជាតិ​កម្ពុជា បាន​បង្ហាញ​ទំនុកចិត្ត​លើ​ក្រុម​គោព្រៃ​កម្ពុជា មុន​ជំនួប​តទល់​នឹង​ម្ចាស់ផ្ទះ​ប៉ា​គី​ស្ថាន ដែល​ជា​ការ​ប្រកួត​ជើង​ទី​២ វគ្គ​ជម្រុះ​ជុំ​ទី​១ ពានរង្វាន់​បាល់ទាត់​ពិភពលោក FIFA World Cup 2026 ប្រចាំ​តំបន់​អាស៊ី ដែល​នឹង​ធ្វើ​ឡើង​នៅ​ក្នុង​កីឡដ្ឋាន Jinnah Sports ដែល​មាន​មូលដ្ឋាន​នៅ​ទីក្រុង​អ៊ី​ស្លា​ម​ម៉ា​បា​ដ នា​វេលា​ម៉ោង ០៤:០០​នាទី​រសៀល ថ្ងៃ​ទី​១៧ ខែតុលា ឆ្នាំ​២០២៣ (​ម៉ោង​នៅ​កម្ពុជា​)​។

ការ​ប្រកួត​ជើង​ទី​១ នៅ​ពហុ​កីឡដ្ឋាន​ជាតិ​អូ​ឡាំ​ពិ​ក រាជធានី​ភ្នំពេញ កាលពី​ថ្ងៃ​ទី​១២ ខែតុលា ឆ្នាំ​២០២៣ បាន​បញ្ចប់​ទៅ​ជាមួយ​សកម្មភាព​ប្រកួត​ដ៏​ជក់ចិត្ត​ដិតអារម្មណ៍ បើ​ទោះបីជា​ពុំ​មាន​គ្រាប់​បាល់​ស៊ុត​បញ្ចូល​ទី​គ្នា​យ៉ាងណា​ក៏​ដោយ​។ ដូច្នេះ​ការ​ប្រកួត​នៅ​ថ្ងៃនេះ គឺ​ជំនួប​កាត់សេចក្តី​ថា កម្ពុជា ឬ ប៉ា​គី​ស្ថាន ដែល​អាច​ឡើង​បន្ត​ទៅ​កាន់ការ​ប្រកួត​ជុំ​បន្ទាប់​។

នៅ​ថ្ងៃ​ទី​១៧ ខែតុលា ឆ្នាំ​២០២៣ លោក Keisuke Honda បាន​បង្ហាញ​ទំនុកចិត្ត​សម្រាប់​ក្រុម​គោព្រៃ​កម្ពុជា ក្រោម​ការ​ដឹកនាំ​របស់​គ្រូបង្វឹក​ជនជាតិ​អា​ហ្ស​ង់​ទី​ន លោក Felix Dalmas នៅ​ក្នុង​ជំនួប​ទល់​នឹង​ម្ចាស់ផ្ទះ​ប៉ា​គី​ស្ថាន​។ បុរស​ជនជាតិ​ជប៉ុន​វ័យ​៣៧​ឆ្នាំ​រូប​នេះ បាន​បង្ហោះ​សា​រលើ​បណ្តាញ​ទំនាក់ទំនង​សង្គម​ហ្វេ​ស​ប៊ុ​ក​យ៉ាង​ដូច្នេះ​ថា «​សូម​ឱ្យ​មានការ​ប្រកួត​ល្អ កម្ពុជា​អ្នក​អាច​ធ្វើ​បាន​»​។

សូម​ជម្រាប​ថា អ្នក​ឈ្នះ​ការ​ប្រកួត​នៅ​ទីក្រុង​អ៊ី​ស្លា​ម​ម៉ា​បា​ដ​រសៀល​នេះ នឹង​បន្ត​ឡើង​ទៅ​ប៉ះ​អា​រ៉ា​ប៊ី​សា​អូឌីត ហ្ស៊​ក​ដា​នី និង​តា​ហ្ស៊ី​គី​ស្ថាន ដែល​រង់ចាំ​មុន​នៅ​ក្នុង​ពូ​ល G សម្រាប់​ការ​ប្រកួត​វគ្គ​ជម្រុះ​ជុំ​ទី​២៕ (​រូបភាព ៖ សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ