ស្លា.ប់ម្នាក់ទៀត ដោយសារជំងឺផ្តាសាយបក្សី នៅខេត្តព្រៃវែង
- ភ្នំពេញ
រាជធានីភ្នំពេញ៖ ក្រសួងសុខាភិបាល បានប្រកាសនៅយប់ថ្ងៃទី៩ ខែតុលានេះ ពីការរកឃើញករណីស្លា.ប់ ដោយសារជំងឺផ្តាសាយបក្សី លើកុមារី អាយុ ២ឆ្នាំ ម្នាក់ទៀត…
រាជធានីភ្នំពេញ៖ ក្រសួងសុខាភិបាល បានប្រកាសនៅយប់ថ្ងៃទី៩ ខែតុលានេះ ពីការរកឃើញករណីស្លា.ប់ ដោយសារជំងឺផ្តាសាយបក្សី លើកុមារី អាយុ ២ឆ្នាំ ម្នាក់ទៀត…
រាជធានីភ្នំពេញ៖ ក្រសួងសុខាភិបាល បានប្រកាសនៅយប់ថ្ងៃទី៩ ខែតុលានេះ ពីការរកឃើញករណីស្លា.ប់ ដោយសារជំងឺផ្តាសាយបក្សី លើកុមារី អាយុ ២ឆ្នាំ ម្នាក់ទៀត នៅខេត្តព្រៃវែង។
សេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាល លើកឡើងថា មានអ្នកជំងឺផ្តាសាយបក្សី ចំនួន ១ករណីទៀត កើតលើកុមារី អាយុ ២ឆ្នាំ ដែលបានស្លា.ប់ និងត្រូវបានបញ្ជាក់ថា វិជ្ជមាន វីរុសផ្តាសាយបក្សី ប្រភេទ H5N1 ពីវិទ្យាស្ថានជាតិសុខភាពសាធារណៈ នៅថ្ងៃទី៩ ខែតុលា ឆ្នាំ២០២៣ នេះ។ កុមារីរងគ្រោះ មានទីលំនៅក្នុងភូមិឆ្មាលោត ឃុំស្ទោងខាងត្បូង ស្រុកកំចាយមារ ខេត្តព្រៃវែង។
ក្រសួងសុខាភិបាល ប្រកាសថា តាមការសាកសួរ បង្ហាញថា នៅផ្ទះកុមារ មានមាន់ងាប់ ជាហូរហែ។ ចំពោះបញ្ហានេះ ក្រុមឆ្លើយតបបន្ទាន់របស់ក្រសួងសុខាភិបាល ថ្នាក់ជាតិ និង ថ្នាក់ក្រោមជាតិ បាន និងកំពុងអង្កេតស្រាវជ្រាវការកើតឡើងនូវជំងឺផ្ដាសាយបក្សីប្រភេទនេះ និងធ្វើការឆ្លើយតបទៅតាមវិធីសាស្ត្រ និងពិធីសាររបស់ជាតិ បានសហការគ្នារវាងក្រុមឆ្លើយតបបន្ទាន់ផ្នែកសុខាភិបាល ស្វែងរកប្រភពចម្លង ទាំងលើសត្វ និងមនុស្ស និងបន្តស្វែងរកករណីសង្ស័យ និងអ្នកប៉ះពាល់ ដើម្បីទប់ស្កាត់ការឆ្លងបន្តទៅអ្នកដទៃទៀត ក្នុងសហគមន៍ ព្រមទាំងចែកជូនឱសថតាមឺហ្គូ (Tamiflu) ដល់អ្នកប៉ះពាល់ជិតស្និទ្ធ និងធ្វើយុទ្ធនាការអប់រំសុខភាពប្រជាពលរដ្ឋ នៅក្នុងភូមិ ដែលកើតហេតុខាងលើ។
ជាមួយគ្នានោះដែរ ក្រសួងសុខាភិបាល ក៏បានប្រកាស ក្រើនរំលឹកសាជាថ្មីម្តងទៀត ដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ សូមយកចិត្តទុកដាក់ ប្រុងប្រយ័ត្នលើជំងឺផ្តាសាយបក្សីជានិច្ច ពីព្រោះជំងឺផ្ដាសាយបក្សី H5N1 នៅតែបន្តគំរាមកំហែងដល់សុខភាពប្រជាពលរដ្ឋ ជាពិសេសលើកុមារដែលជាក្រុមមានហានិភ័យ និងមានភាពងាយរងគ្រោះ។
ក្រសួងសុខាភិបាល ប្រកាសថា ករណីដែលបានស្លា.ប់ថ្មីនេះ គឺជាករណីផ្តាសាយបក្សីទី៥៩ (ស្លាប់ ៤០នាក់) ដែលកើតមានលើមនុស្ស នៅក្នុងប្រទេសកម្ពុជាយើង ចាប់តាំងពីឆ្នាំ ២០០៥ ហើយនេះជាករណីទី៣ ដែលបានកើតឡើង នៅក្នុងឆ្នាំ២០២៣។
ក្រសួង ក៏បានលើកឡើងពីរបៀបចម្លងជំងឺផ្តាសាយបក្សី H5N1 គឺជាជំងឺផ្ដាសាយមួយ ដែលជាធម្មតាចម្លងរវាងសត្វបក្សីឈឺ ទៅបក្សីផ្សេងទៀត ប៉ុន្តែជួនកាលវាអាចចម្លងពីបក្សីទៅមនុស្ស តាមការប៉ះពាល់ជិតស្និទ្ធជាមួយបក្សី ដែលឈឺ ឬស្លាប់។ ជំងឺផ្តាសាយបក្សីលើមនុស្សជាជំងឺធ្ងន់ធ្ងរ ដែលតម្រូវឱ្យមានការធ្វើការព្យាបាលនៅមន្ទីរ ពេទ្យទាន់ពេលវេលា។ ទោះបីជាវាមិនងាយឆ្លងពីមនុស្សទៅមនុស្ស ប៉ុន្តែបើវាអាចបំប្លែងខ្លួន ឆ្លងដូចជំងឺផ្តាសាយតាមរដូវកាលផងដែរ។
វិធានការបង្ការជំងឺផ្តាសាយបក្សី ក៏ត្រូវបានក្រសួងសុខាភិបាល ប្រកាសអំពីសារអប់រំរបស់រាជរដ្ឋាភិបាល រួមមាន៖ លាងដៃអោយបានញឹកញាប់ ជាមួយសាប៊ូ និងទឹក មុនពេលបរិភោគ និងបន្ទាប់ពីប៉ះពាល់ជាមួយបក្សី ដាក់កុមារនៅឆ្ងាយពីសត្វបក្សី និង ដាក់សត្វបក្សីនៅឱ្យឆ្ងាយពីកន្លែងរស់នៅ កុំបរិភោគសត្វបក្សីឈឺ ឬងាប់ និងរាល់សត្វបក្សី ដែលធ្វើសម្រាប់បរិភោគ ត្រូវចំអិនឱ្យឆ្អិនល្អ។
សូមបញ្ជាក់ថា កាលពីយប់ថ្ងៃទី៨ ខែតុលា ឆ្នាំ២០២៣ ក្រសួងសុខាភិបាល ក៏បានប្រកាសពីករណីបុរសម្នាក់ អាយុ ៥០ឆ្នាំ បានស្លា.ប់ដោយសារតែជំងឺផ្តាសាយបក្សី H5N1 នៅក្នុងស្រុករមាសហែក ខេត្តស្វាយរៀង។ ហេតុការណ៍នោះ បានកើតឡើង ក្រោយពីមានមាន់ជាង ៥០ក្បាល បានងាប់ ហើយអ្នកភូមិ រួមទាំងបុរសរងគ្រោះ បានយកមាន់ងាប់ទាំងនោះ ទៅធ្វើម្ហូបបរិភោគ៕ អ៊ាង ប៊ុនរិទ្ធ
ចែករំលែកព័តមាននេះ