រាជធានីភ្នំពេញ៖ តាមរយៈ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន នៅថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៣ បានថ្លែងថា៖ «បច្ចុប្បន្ននេះ បដិវត្តន៍ថ្មី គឺឌីជីថល ប្រព័ន្ធផ្សព្វផ្សាយទំនើបបានដើរមុខ ប្រព័ន្ធផ្សព្វផ្សាយបុរាណ ដែលធ្វើអោយប្រជាពលរដ្ឋ គាត់មិនអាចទទួលយកព័ត៌មាន ដែលស្ថាប័ន្តរបស់យើងតម្រូវអោយគាត់ត្រូវតែដឹងនោះទេ គឺពួកគាត់មានជម្រើសផ្សេង ដែលគាត់អាចទៅរកព័ត៌មានផ្សេងប្រសិនជាគាត់អត់ចូលចិត្តអានព័ត៌មាននឹង។ នេះគឺជាជម្រើសបែបថ្មីមួយដែលធ្វើអោយប្រជាពលរដ្ឋមានជម្រើស» ។
រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានបកស្រាយត្រឡប់ទៅពីអតីតកាលបន្តិច ដោយឯកឧត្តម បន្តថា ពីមុនមកក្នុងកំឡុង ឆ្នាំ១៩៩០ជាង ពេលខ្លះអ្នកកាសែតចាប់មុំសរសេរ ឬក៏ទទួលបានព័ត៌មានមកសរសេរ។ ប្រសិនបើយើងចង់សំភាសន៍ គឺមិនអាចប្រើប្រាស់ទូរស័ព្ទបានទេ គឺយើងត្រូវតែទៅសំភាសន៍ជួបផ្ទាល់ ។ ដូចនេះស្ថានភាពពេលនោះវាលំបាក ក្នុងឆ្នាំ១៩៩៥ យើងមានច្បាប់ស្តីពីរបបសារព័ត៌មាន ដោយច្បាប់នាពេលនោះ ប្រសិនចង់សំភាសន៍ គឺត្រូវដាក់ពាក្យស្នើរសុំ ហើយការស្នើរសុំនោះអាចប្រើរយៈពេលពី ២ទៅ៣ សប្តាហ៍ ទើបមានការឆ្លើយតប ប៉ុន្តែទោះបីជាយ៉ាងនេះក្តីក៏អ្នកសារព័ត៌មានយើងនៅតែអាចធ្វើបាន ពីព្រោះវាមានតែប្រព័ន្ធផ្សព្វផ្សាយបែបបុរាណ (សំដៅទៅលើវិទ្យុ ទូរទស្សន៍ និងកាសែត) ដូចនេះហើយទើបប្រជាជន ទទួលបានព័ត៌មានតាមតែអ្វីដែល និពន្ធនាយកឬក៏ចាងហ្វាងនៃការផ្សាយ នៃស្ថាប័ន្តប្រព័ន្ធផ្សព្វផ្សាយទាំងអស់នោះ ផ្សព្វផ្សាយអោយយើងដឹង ។
ឯកឧត្តម នេត្រ ភក្ត្រា ក៏បានបញ្ជាក់ថា បច្ចុប្បន្នយើងមិនអាចយកច្បាប់របបសារព័ត៌មាន ក្នុងកំឡុងឆ្នាំ១៩៩០ជាងនោះ ដែលតម្រូវអោយអ្នកកាសែត ត្រូវដាក់ពាក្យស្នើរសុំសំភាសន៍ ដូចមុននោះទេ ជាការពិតគឺយើងមិនអាចធ្វើទៅបានដូចមុននោះទេ ព្រោះប្រជាជនត្រូវការព័ត៌មានទាន់ហេតុការណ៍ និងជម្រើសព័ត៌មានជាច្រើន ផងដែរ ។
គួរបញ្ជាក់ផងដែរថា នៅក្នុងពិធីបិទវគ្គបណ្ដុះបណ្ដាល និងប្រគល់វិញ្ញាបនបត្រ ដល់អ្នកសារព័ត៌មាន ស្ដីពីមូលដ្ឋានគ្រឹះ នៃវិស័យធនាគារ ហិរញ្ញវត្ថុ និងធានារ៉ាប់រងនៅកម្ពុជា នៅសណ្ឋាគារ ដែលបានរៀបចំឡើងដោយក្លឹបអ្នកកាសែតកម្ពុជា ឯកឧត្តមរដ្ឋមន្ត្រីក្រសួងព័ត៌មានបានណែនាំ ដល់អ្នកសារព័ត៌មាន អោយពង្រឹងខ្លួនទៅលើគុណភាព នៃការសរសេរក្នុងវិស័យធុរកិច្ច វិស័យធនាគារ ហិរញ្ញវត្ថុ និងធានារ៉ាប់រង ដើម្បីកុំអោយការសរសេរនេះ កុំអោយប្រាស់ចាកពីអ្វីដែលជាការងារដែលគេអនុវឌ្ឍ គឺសំដៅទៅលើការប្រើពាក្យពេជ្រ បច្ចេកទេស និងព័ត៌មាន ។
បន្ថែមពីនេះ ឯកឧត្តម នេត្រ ភាក្ត្រា បន្តថា៖ «ដូចវគ្គបណ្តុះបណ្តាលនេះ គឺជាវគ្គដ៏សំខាន់ សម្រាប់ពង្រឹង សមត្ថភាពដល់អ្នកសារព័ត៌មាន ដើម្បីបង្កើនចំណេះដឹងក្នុងការសរសេរអត្ថបទ ទាក់ទងនិងផ្នែកហិរញ្ញវត្ថុរបស់ពួកគាត់» ។
សូមជម្រាបថា ពិធីបិទវគ្គបណ្ដុះបណ្ដាល និងប្រគល់វិញ្ញាបនបត្រ ដល់អ្នកសារព័ត៌មាន ក៏ទទួលបានការអញ្ជើញចូលរួមពី ឯកឧត្តម ប៊ូ ច័ន្ទភីរូ អគ្គនាយកនៃនិយ័តករធានារ៉ាប់រងកម្ពុជា លោក លន់ សំអុល ប្រធាននាយកដ្ឋានត្រួតពិនិត្យ១ នៃអគ្គនាយកដ្ឋានត្រួតពិនិត្យ ធនាគារជាតិនៃកម្ពុជា, លោក Raymond SIA ប្រធានសមាគមធនាគារនៅកម្ពុជា, លោក សុខ វឿន ប្រធានក្រុមប្រឹក្សាភិបាលនៃសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា, លោក ហ៊ុយ វ៉ាថារ៉ូ ប្រធានសមាគមធានារ៉ាប់រងកម្ពុជា, លោកពុយ គា ប្រធានក្លិបអ្នកកាសែតកម្ពុជា និងលោក លោកស្រីក្រុមប្រឹក្សាភិបាលសមាគមទាំងបួន និង លោក លោកស្រីតំណាងគ្រឹះស្ថានធនាគារ មីក្រូហិរញ្ញវត្ថុ ក្រុមហ៊ុនធានារ៉ាប់រង និងលោក លោកស្រី ជា និពន្ធនាយក ការីនិពន្ធ អ្នកសារព័ត៌មានប្រមាណ ជាង១២០នាក់ ផងដែរ ៕
ចែករំលែកព័តមាននេះ