សារមន្ទីរជាតិកម្ពុជាស្រូបយកអ្នកទេសចរកើនឡើងជាងឆ្នាំ2009
រាជធានីភ្នំពេញ ៖ សារមន្ទីរជាតិកម្ពុជា ពីមួយឆ្នាំទៅមួយឆ្នាំភ្ញៀវទេសចរជាតិ និងអន្តរជាតិបានចូលទស្សនាកំសាន្ត និងសិក្សាស្រាវជ្រាវពីស្នាដៃសិល្បៈបុរាណខ្មែរដែលជាវត្ថុដ៏មានតំលៃរបស់ខ្មែរគ្រប់ជំនាន់តាំងពីសម័យបុរេប្រវត្តិសាស្ត្ររហូតមក ។ លោកប្រាក់ ខេមរិន្ទ ប្រធានរដ្ឋបាលនៃនាយកដ្ឋានសារមន្ទីរជាតិកម្ពុជា បានឱ្យដឹងថា ចាប់ពីខែមករា ឆ្នាំ២០១០ រហូតមកដល់ដំណាច់ខែវិច្ឆិកា ឆ្នាំ ២០១០ ភ្ញៀវទេសចរជាតិ និងអន្តរជាតិទិញសំបុត្រចូលទស្សនាក្នុងសារមន្ទីរជាតិប្រមាណ១០០.៧០២នាក់ ក្នុងនោះភ្ញៀវជាតិចំនួន២៦.៩៥២នាក់ ភ្ញៀវអន្តរជាតិចំនួន៧៣.៧៥០នាក់ ។ ក្នុងខែធ្នូនេះ ពីមួយថ្ងៃទៅមួយថ្ងៃមានភ្ញៀវទេសចរជាតិ និងអន្តរជាតិកំពុងតែបន្តកើនឡើងថែមទៀត ហើយបើប្រៀបធៀបទៅនឹងឆ្នាំ២០០៩ បើគិតជាភាគរយភ្ញៀវទេសចរជាតិ និងអន្តរជាតិមានការកើនឡើងប្រមាណជា២០ភាគរយ។ ភ្ញៀវទេចរអន្តរជាតិ ចូលមកទស្សនានៅកម្ពុជាក្នុងឆ្នាំ២០១០ នេះ មានការកើនឡើងដោយសារប្រទេសកម្ពុជា មានសុខសន្តិភាពពេញលេញ និងមានការអភិវឌ្ឍរលូនទៅមុខជាលំដាប់។
ចែករំលែកព័តមាននេះ