រាជធានីភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានប្រកាសរងចាំមើលការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រអាណត្តិទី៧នេះ តើកម្លាំងប្រជាធិបតេយ្យ ដែលចូលរួមការបោះឆ្នោត មានច្រើនជាង ឬមានតិចជាងកម្លាំងបំផ្លាញប្រជាធិបតេយ្យ បំផ្លាញការបោះឆ្នោត ខណៈមិនមែនគ្រាន់តែជាការប្រជែងរវាងគណបក្សនយោបាយចំនួន ១៨ នោះទេ តែក៏ប្រជែងជាមួយពួកជ្រុលនិយម ។
យោងតាមសារតាមបណ្តាញសង្គមតេឡេក្រាម នៅថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៣ សម្តេចតេជោ បានសរសេរយ៉ាងដូច្នេះថា៖ «ការបោះឆ្នោតសកល ឆ្នាំ២០២៣ ក្រៅពីការប្រកួតប្រជែងរវាងគណបក្សនយោបាយ ចំនួន ១៨គណបក្ស ដែលបានចុះឈ្មោះប្រកួតប្រជែងយកកៅអី ក្នុងសភាជាតិ យើងនៅមានការប្រកួតប្រជែងរវាង ១៨គណបក្ស ដែលចូលរួមការបោះឆ្នោតជាមួយពួកជ្រុលនិយម ដែលចង់បំផ្លាញចោលការបោះឆ្នោត» ។
សម្តេចតេជោ បានលើកឡើងថា ពួកជ្រុលនិយម ដែលបញ្ជាដោយទណ្ឌិតរត់ចោលគុក ពីក្រៅប្រទេស មកបក្សនយោបាយមួយនៅក្នុងប្រទេស បានរកគ្រប់វិធី ដើម្បីបំផ្លាញចោលដំណើរការប្រជាធិបតេយ្យ តាមរយៈការខិតខំបំផ្លាញចោលការបោះឆ្នោត ដូចជាយុទ្ធនាការ មិនឲ្យប្រជាជនទៅបោះឆ្នោត និងបំផ្លាញចោលសន្លឹកឆ្នោត ។ល។
សម្តេចតេជោ ក៏បានលើកឡើងសំណួរយ៉ាងដូច្នេះថា តើថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ខាងមុខ កម្លាំងប្រជាធិបតេយ្យ ដែលចូលរួមការបោះឆ្នោត មានច្រើនជាង ឬមានតិចជាង កម្លាំងបំផ្លាញប្រជាធិបតេយ្យ បំផ្លាញការបោះឆ្នោត ? សូមរង់ចាំមើលទាំងអស់គ្នា ។
សូមជម្រាបគិតត្រឹមថ្ងៃទី១៩ កក្កដា គឺនៅសល់តែ៤ថ្ងៃទៀតប៉ុណ្ណោះ ដល់ថ្ងៃបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ អាណត្តិទី៧ នឹងឈានមកដល់ (ថ្ងៃ២៣ កក្កដា) ខណៈដំណើរការនីមួយៗ នៃដំណើរការរៀបចំការបោះឆ្នោត បានប្រព្រឹត្តិទៅដោយរលូនក្នុងនោះ មានទាំងយុទ្ធនាការឃោសនាបោះឆ្នោត ការបញ្ជូនសន្លឹកឆ្នោត និងសម្ភារៈ បរិក្ខា សម្រាប់ដំណើរការបោះឆ្នោត។
ការឃោសនាបោះឆ្នោត បើគិតថ្ងៃទី១៩ កក្កដា គឺរយៈពេល១៩ថ្ងៃ ហើយចាប់ពីថ្ងៃទី១ ខែកក្កដា មក។ ការឃោសនា បោះឆ្នោតចាប់ពីថ្ងៃទី១ ដល់២១កក្កដា ឆ្នាំ២០២៣។ រយៈពេលឃោសនា កន្លងមកនេះ បានប្រព្រឹត្តិទៅដោយរលូនល្អ គ្មានអំពើហិង្សាណា មួយកើតឡើងនោះទេ ពោលគឺគណបក្សនយោបាយទាំងអស់ បានធ្វើការឃោសនាដោយរលូនល្អ ទោះបីជាមានបណ្តឹងបន្តិចបន្តួច ជុំការប្តឹងទៅកាន់សមាជិកគណបក្សភ្លើងទៀន ពីសំណាក់គណបក្សប្រជាជនកម្ពុជា ជុំវិញការញុះញង់ឲ្យប្រជាពលរដ្ឋ ដែលបោះឆ្នោតគូសបំផ្លាញសន្លឹកឆ្នោតក្តី៕
ចែករំលែកព័តមាននេះ