រាជធានីភ្នំពេញ ៖ បើតាមសេចក្តីរាយការណ៍បានឱ្យដឹងថា បុរសម្នាក់ជិះម៉ូតូម៉ាកហុងដាឌ្រីមស៊េរីឆ្នាំ២០២៣ មួយគ្រឿង ចេញពីរៀនភាសាកូរ៉េ ក៏ស្រាប់តែត្រូវជនសង្ស័យមួយក្រុមជិះតាមពីក្រោយធ្វើសកម្មភាពធា.ក់ជនរងគ្រោះឱ្យដួល រួចប្ល.ន់យកម៉ូតូបានសម្រេច បន្ទាប់មកក្រុមជនសង្ស័យនោះក៏ជិះរត់គេចខ្លួនបាត់ស្រមោលតែម្តង បង្កឱ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៨និង២០នាទីយប់ ថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២៣ នៅត្រង់ចំណុចទល់មុខផ្សារដើមគថ្មី តាមបណ្ដោយផ្លូវវិមានឈ្នះ ឈ្នះ ស្ថិតក្នុងសង្កាត់ឃ្មួញ ខណ្ឌសែនសុខ។
បើតាមសម្តីពីជនរងគ្រោះមានឈ្មោះ អឹក សំណាង អាយុ២២ឆ្នាំ ស្នាក់នៅបន្ទប់ជួលនៅភូមិពញាឮ ឃុំពញាឮ ស្រុកពញាឮ ខេត្តកណ្តាល បានរៀបរាប់ប្រាប់ឲ្យដឹងថា នៅមុនពេលកើតហេតុ រូបគាត់ (ជនរងគ្រោះ) បានជិះម៉ូតូមួយគ្រឿងម៉ាកហុងដាឌ្រីម ស៊េរីឆ្នាំ២០២៣ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ9066 ជិះចេញពីរៀនភាសាកូរ៉េ នៅសាលាភាសាកូរ៉េមួយកន្លែងក្បែរនឹងវត្តពូនភ្នំ ក្នុងគោលបំណងជិះត្រឡប់ទៅបន្ទប់ជួលរបស់ខ្លួនវិញ ដោយជិះតាមបណ្តោយផ្លូវវិមានឈ្នះឈ្នះ ក្នុងទិសដៅលិចទៅកើត។
ជនរងគ្រោះបន្តថា លុះពេលធ្វើដំណើរមកដល់ចំណុចកើតហេតុ ក៏ស្រាប់តែលេចមុខជនសង្ស័យមួយក្រុមមានគ្នា៤នាក់ ជិះម៉ូតូ២គ្រឿង ម៉ាកហុងដាឌ្រីម មិនចាំស្លាកលេខ បានជិះតាមពីក្រោយរូបគាត់ (ជនរងគ្រោះ) រួចក្រុមជនសង្ស័យនោះក៏ធ្វើសកម្មភាពធា.ក់ម៉ូតូរបស់គាត់ (ជនរងគ្រោះ) បណ្តាលឲ្យដួលតែម្តង។ រំពេចនោះ ក្រុមជនសង្ស័យក៏ស្រែកថា «អានឹងហើយៗ កា.ប់វាទៅ» ធ្វើអោយរូបគាត់ (ជនរងគ្រោះ) ភ័យស្លន់ស្លោរ ក៏ងើបរត់យករួចខ្លួនទាំងរបួសរលាត់ដៃជើងតែម្តង។
ជនរងគ្រោះបន្តទៀតថា បន្ទាប់មក ក្រុមជនសង្ស័យទាំងនោះ ក៏លើកយកម៉ូតូរបស់គាត់ (ជនរងគ្រោះ) ឡើង រួចនាំគ្នាជិះរត់គេចខ្លួនបាត់ស្រមោលអស់តែម្តង។ ភ្លាមៗនោះ រូបគាត់ក៏ព្យាយាមស្រែកអោយគេជួយដែរ ប៉ុន្តែមិនមានអ្នកណាហ៊ានចូលជួយឡើយ។
គួរបញ្ជាក់ផងដែរថា ម៉ូតូដែលត្រូវក្រុមជនសង្ស័យធា.ក់ប្ល.ន់យកទៅនោះ គឺជនរងគ្រោះ ទើបតែបង់រំលស់មិនទាន់បានកន្លះខែស្រួលបួលនោះទេ។ ចំណែកផ្លូវកើតហេតុខាងលើនេះ គឺជនរងគ្រោះតែងតែជិះទៅរៀនជាប្រចាំថ្ងៃ ចាប់ពីថ្ងៃច័ន្ទ រហូតដល់ថ្ងៃសុក្រ ហើយក៏ធ្លាប់មានគេប្រាប់ទៅជនរងគ្រោះដែរថា ជិះតាមផ្លូវនេះអោយមានការប្រុងប្រយ័ត្នផង ប៉ុន្តែជាអកុសល នៅថ្ងៃកើតហេតុ ជនរងគ្រោះក៏បានជួបហេតុការណ៍នោះតែម្តង។
ក្រោយពេលកើតហេតុ ជនរងគ្រោះក៏បានទៅប៉ុស្តិ៍នរគបាលរដ្ឋបាលឃ្មួញ ដើម្បីដាក់ពាក្យបណ្ដឹង និងអោយសមត្ថកិច្ចតាមស្រាវជ្រាវរកម៉ូតូ ព្រមទាំងតាមចាប់ក្រុមជនសង្ស័យយកមកផ្តន្ទាទោសទៅតាមផ្លូវច្បាប់៕
ចែករំលែកព័តមាននេះ