ខេត្តសៀមរាប ៖ ករណីលួចទំពាំងនៅសៀមរាបដែលកំពុងតែល្បីនៅលើបណ្តាញសង្គមឆ្លុះបញ្ចាំងអំពីទិដ្ឋភាព និងបញ្ហាដ៏ជាក់ស្តែងនៅក្នុងសង្គមកម្ពុជា នាពេលបច្ចុប្បន្ន ដែលយើងទាំងអស់គ្នាគួរតែពិចារណា ។
រឿងតូចក្លាយជារឿងធំ ដោយសារតែយើងប្រតិកម្មដោយប្រើអារម្មណ៍ ប្រើកំហឹ.ងខ្វះមេត្តាភាព និងមិនគិតដល់គោលការណ៍ច្បាប់ ។ រឿងករណីលួចទំពាំងនៅភូមិបំពេញរាជ្យ ឃុំលាងដៃ ស្រុកអង្គរធំ ខេត្តសៀមរាប កាលពីរង្វង់ថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០២៣ ថ្មីៗនេះ គឺជារឿងតូចតាចប៉ុណ្ណោះ បើសិនជាយើងពិនិត្យមើលទៅលើផលចោរកម្មដែលប្រព្រឹត្តដោយបុរសក្រីក្រម្នាក់ ។ ប៉ុន្តែវាជារឿងពិភាក្សាគ្នាយ៉ាងបែកផ្សែង នៅលើបណ្តាញសង្គមរហូតដល់ថ្នាក់មានអ្នកយកអំណោយអោយបុរសក្រីក្រនោះទៀត ។
រឿងរ៉ាវប្រហែលជាមិនក្តៅគគុក និងធំដល់ថ្នាក់នេះឡើយ បើសិនជាម្ចាស់ទំពាំងមានចិត្ត មេត្តាធម៌ជាងនេះ និងមានប្រតិកម្មសមរម្យដោយគ្រាន់តែប្រាប់បុរសនោះថា អោយឈប់ធ្វើចោរ ហើយដាក់ទៀនទំពាំងដល់បុរសនោះ ។
រឿងលួចទំពាំងបានក្លាយជារឿងជជែកគ្នាយ៉ាងខ្លាំងក្លាលើបណ្តាញសង្គម ដោយបង្កើតជាព្យុះរិះគន់ដល់ម្ចាស់ទំពាំង ហើយអ្នកលួចទំពាំងបានក្លាយជាមនុស្សដែលគួរអោយ អាណិត និងរហូតដល់មានការឧត្ថម្ភជាស្បៀងអាហារ និងលុយកាក់ដល់បុរសនោះ ។ ចំណែកម្ចាស់ទំពាំងបានរងការរិះគន់ដោយសារគាត់ប្រតិកម្មជ្រុលហួសហេតុទៅនឹងព្រឹត្តិការណ៍នៃការលួចទំពាំងនោះ ។ នៅពេលមនុស្សម្នាក់បានប្រព្រឹត្តចោរកម្ម ជននោះ គឺបានធ្វើអំពើខុសច្បាប់ ។ ដូច្នេះមនុស្សគ្រប់គ្នា គឺមិនចូលចិត្តការលួច ការឆ.ក់ ឬប្ល.ន់ឡើយ ។ នៅលើទិដ្ឋភាពច្បាប់បុរសលួចទំពាំង គឺបានធ្វើខុស និងច្បាប់ ។ ប៉ុន្តែ តើម្ចាស់ទំពាំងបានប្រតិកម្មបានត្រឹមត្រូវទៅនឹងទំហំចោរកម្មនោះឬទេ? មនុស្សជាច្រើនបានចោទគាត់ថា ធ្វើហួសហេតុពេក ។
មកដល់ពេលនេះ នៅលើទីផ្សារទំពាំងមួយគីឡូថ្លៃប្រហែលជា១ម៉ឺនរៀលប៉ុណ្ណោះ ហើយ បើនិយាយអំពីតម្លៃទំពាំងដែលគេទៅទិញនៅតាមភូមិតាមស្រុក ដល់កន្លែងដាំ តម្លៃរបស់ វាមិនថ្លៃដល់១ម៉ឺនរៀលឡើយ ។ តម្លៃវាថោកជាងនេះឆ្ងាយណាស់ ដូច្នេះស្ថានទម្ងន់ទោស ដែលបុរសម្នាក់លួចត្រឹមទំពាំងពីទៅបី ដើម្បីយកមកស្លហូប គឺមានតម្លៃមិនសាកសមនឹង ទោសដែលម្ចាស់ចម្ការបានធ្វើចំពោះបុរសនោះឡើយ ។
រឿងនេះបានផ្ទុះឡើងនៅក្រោយពេលដែលម្ចាស់ចម្ការនៅទីតាំងខាងលើ ចាប់បុរសមានពិរុទ្ធហើយនាំខ្លួនទៅថតរូបធ្វើត្រាប់អំពីសកម្មភាពលួចតាំងពីពេលទៅជីកឯចម្ការរហូតដល់ពេលកំពុងតែចិតទំពាំងដាក់ឆ្នាំង ហើយបង្ហោះក្រោយពេលដែលនាំខ្លួនបុរសរូបនោះទៅប្តឹងមេភូមិ ។ បន្ទាប់ពីពេលដែលម្ចាស់ចម្ការផុសនៅលើបណ្តាញសង្គម មហាជនជាច្រើនបានចូលរួម បញ្ចេញយោបល់ខុសៗគ្នា ប៉ុន្តែភាគច្រើនហាក់ស្តីបន្ទោសទៅម្ចាស់ចម្ការដោយសារតែ ស្ថានទម្ងន់ទោសដែលបុរសរូបនោះបានប្រពឹត្តហាក់មិនធ្ងន់ធ្ងរខ្លាំង រហូតដល់ត្រូវដាក់ពិន័យគាត់ដល់ថ្នាក់នេះ ។
ដោយឡែក ក្រោយពេលដែលមហាជនបានថ្កោលទោសករណីផ្សព្វផ្សាយរូបភាព និងវីដេអូធ្វើត្រាប់របស់បុរសដែលជាចោរលួចទំពាំងគេនោះ ម្ចាស់ចម្ការបានចេញមកបកស្រាយថា តម្លៃនៃទំពាំងនេះមិនប៉ុន្មាននោះទេ ពោលអាចមានន័យថា តម្លៃទំពាំងវាថោកទេ ប៉ុន្តែគាត់ស្អប់ជាតិជាចោរ ។ ដូច្នេះ បើសិនជាម្ចាស់ទំពាំងនឹងទទួលបានការគោរពជាង បើសិនជា គាត់ គ្រាន់តែប្រាប់បុរសនោះថា កុំធ្វើចោរបែបនេះ ហើយបើខ្វះខាតខ្លាំងចង់បានទំពាំង បុរសនោះអាចសុំគាត់បាន ។ គាន់នឹងមិនកំណាញ់ទេ ។ ជាមួយនឹងប្រតិកម្មដោយមានចិត្តមេត្តាបែបនេះ ម្ចាស់ទំពាំងនឹងទទួលបានការគាំទ្រច្រើនជាជាងការរិះគន់ ។ នៅពេលឃើញការរិះគន់ខ្លាំង ម្ចាស់ចម្ការក៏បានសុំទោសសាធារណជននានា និងបានប្រាប់ថា គាត់ព្រមបញ្ចប់ និងអត់មានតវ៉ាអីទៀតទេលើរឿងលួចទំពាំងនេះ និងស្នើសុំឱ្យបងប្អូន សាធារណជនគិត និងវិនិច្ឆ័យដោយខ្លួនឯង ។
ផ្អែកតាមទិដ្ឋភាពជាក់ស្តែង និងសីលធម៌ក៏ដូចជា តម្លៃនៃចរិយាធម៌សង្គមខ្មែរពាក្យថា លួចទោះជាតិច ឬច្រើន វា គឺជាអំពើទុច្ចរិតតែទាំងអស់ហ្នឹង ។ ដូចនេះ ទោះជាយើងក្រប៉ុណ្ណា លំបាកប៉ុណ្ណា សូមកុំប្រពឹត្តអំពើបែបនេះតទៅទៀត ។ កាលណាយើងលួចយើងខុស ម្ចាស់ របស់គេមានសិទ្ធិចាត់វិធានការលើយើងតាមផ្លូវច្បាប់បាន ។ ប៉ុន្តែប្រសិនបើយើងអត់ហើយ ដាក់ខ្លួន សុំគេដោយត្រង់ៗ ម្ចាស់ទំពាំងប្រហែលជាអាចនឹងផ្តល់ទំពាំងជូនគាត់ ។ យើងគិតថា ត្រឹមតែសម្បត្តិទំពាំង ២ ទៅ ៣ដើម ទំនងជាគ្មាននរណាចិត្តអាក្រក់នោះទេ ។ នៅក្នុងករណីខ្លះទៀត ប្រសិនបើយើងចង់បានដោយមិនចង់ប្រើពាក្យថា សុំទរទេរ យើងក៏អាចសុំគេដោះដូរពលកម្មជំនួសក៏បាន ។
ដោយឡែក ម្ចាស់របស់វិញ គួរតែប្រតិកម្មជាមួយនឹងក្តីមេត្តាពីព្រោះយើងប្រហែលជាមិន ក្រទេ ត្រឹមតែទំពាំង ឬរបស់តួចតាចខ្លះនៅក្នុងភូមិនោះឡើយ ។ នៅក្នុងករណីដែលវាកើត ច្រើនលើកច្រើនសារ ពេលដែលយើងចាប់បាន គឺអាចណែនាំ ឬអប់រំ និងផ្តល់ឱកាសដល់ពួកគេ ហើយបើនៅតែបន្តចេះតែកើតឡើងមិនព្រមកែប្រែ ហើយលួចយកទៅលក់ម្តងហើយម្តងទៀតអាចប្តឹងសមត្ថកិច្ច និងទុកឲ្យច្បាប់ជាអ្នកសម្រេចទៅចុះ ។
សរុបសេចក្តីទៅ នៅក្នុងស្ថានភាពសង្គមកម្ពុជាយើងកំពុងតែប្រឈមមុខនៅក្នុងពេល បច្ចុប្បន្ននេះការអត់ឱនការយោគយល់ការជួយយកអាសារគ្នាគួរតែប្រកាន់យក ។ ការជួយនិងយកអាសារគ្នាតាមលទ្ធភាពដែលអាចធ្វើទៅបាន គឺជាអំពើកុសល ប៉ុន្តែអ្នកដែលអត់ គួរកុំដេករមូល ហើយរំពៃរិះគិតតែដើរលួយដែលខុសខុសនឹងច្បាប់ ។ យើងត្រូវប្រែក្លាយការអត់ឲ្យទៅជាការខំប្រឹងទោះជាកម្លាំង ឬប្រាជ្ញាដោយសកម្មភាពត្រឹមត្រូវ ហើយតស៊ូកុំលួចគេ ។ យើងខ្ញុំគិតថា ប្រសិនបើយើងតស៊ូ អំណត់ និងស្វិតស្វាញ ប្រហែលជាយើងមិនអត់រហូតដល់ស្លា.ប់នោះទេ លើកលែងតែយើងមានជំងឺធ្វើអ្វីមិនកើត ។
ជាសរុប រឿងលួចទំពាំងនេះ វាជាមេរៀនមួយដែលអាចអោយមនុស្សត្រូវចេះតស៊ូនឹងជីវិតហើយកុំដើរលួចគេ ។ ក្រៅពីនេះ ប្រជាជនកម្ពុជាទាំងអស់គួរតែមានចិត្តមេត្តា និងដាក់ទៀនខ្លះដល់អ្នកក្រីក្រ ។ ការដាក់ទានវាមិនត្រឹមតែជួយដល់មនុស្សក្រីក្រទេ ប៉ុន្តែវាជាកុសលផលបុណ្យផងដែរ សម្រាប់អ្នកដែលធ្វើទាន ។
មេរៀនដ៏សំខាន់មួយទៀត យើងត្រូវប្រយ័ត្ននៅក្នុងការប្រើប្រាស់បណ្តាញសង្គម ។ យើងមិនត្រូវប្រើប្រាស់វាក្នុងចេតនា ដើម្បីធ្វើបាប ឬដាក់ទណ្ឌកម្មដល់នរណាម្នាក់ឡើយ ។ ពីព្រោះការធ្វើបែបនេះអាចនឹងទទួលរងប្រតិកម្មរិះគន់ ខណៈដែលមនុស្សក្នុងបណ្តាញសង្គមច្រើនតែរិះគន់ដល់ទង្វើណាមួយដែលគេយល់ថា អ្នកធំធ្វើបាបអ្នកតូចតាច អ្នកមាន ធ្វើបាបអ្នកក្រ អ្នកខ្លាំងធ្វើបាបអ្នកទន់ខ្សោយជាដើម ។
ក្នុងករណីលួចទំពាំង បើសិនជាម្ចាស់ទំពាំងប្រតិកម្មត្រឹមការអប់រំដល់បុរសក្រីក្រនោះអោយឈប់លួចគេ ហើយគាត់អោយទំពាំងនោះដល់បុរសនោះ អ្នកប្រើប្រាស់បណ្តាញសង្គមប្រហែលជានឹងមានប្រតិកម្មគាំទ្រម្ចាស់ទំពាំងជំនួសអោយការរិះគន់យ៉ាងខ្លាំងក្លា ។
ការប្រើប្រាស់ហ្វេសប៊ុក ឬក៏បណ្តាញសង្គម គឺប្រៀបដូចជា កាំបិតមុខពីរ ។ បើយើងប្រើត្រូវតាមរបៀបចែករំលែកព័ត៌មានដែលមានប្រយោជន៍ សកម្មភាពមនុស្សធម៌ និងផ្តល់ចំណេះដឹងនោះយើងនឹងចូលរួមចំណែកធ្វើអោយសង្គមកាន់តែប្រសើរ ។ ប៉ុន្តែបើយើងប្រើប្រាស់ខុស ដោយយកហ្វេសប៊ុក ឬបណ្តាញសង្គមផ្សេងទៀត ដើម្បីប្រព្រឹត្តិអំពើមិនគួរគប្បី ដូចជា ប្រើប្រាស់វា ដើម្បីបញ្ចេញកំហឹ.ង ឬក៏ធ្វើអោយមនុស្សស្អប់គ្នា ឬក៏ធ្វើបាបមនុស្សក្រីក្រមនុស្សទន់ខ្សោយជាដើមយើងនឹងទទួលការរិះគន់ខ្លាំងពីមហាជន ។
ដូច្នេះ យើងគួរតែប្រើប្រាស់វាក្នុងផ្លូវដ៏ត្រឹមត្រូវ និងមានប្រយោជន៍ដូចជា សកម្មភាពជួយ មនុស្សដែលខ្សត់ជាងយើងចែករំលែកចំណេះដឹង និងបណ្តុះការស្រឡាញ់គ្នារវាងខ្មែរ និងខ្មែរ ព្រមទាំងទឹកចិត្តប្រកបដោយមេត្តាធម៌របស់មនុស្ស ៕ ដោយៈ ហេង ចេស្តារ
ចែករំលែកព័តមាននេះ