រាជធានីភ្នំពេញ ៖ ព្រឹកថ្ងៃទី២ ឧសភា ២០១៣ នៅសណ្ឋាគារសុខាក្លិប ដែលមានទីតាំងតាមបណ្តោយផ្លូវព្រះនរោត្តម ក្បែររោងកុនលុច្ស បានប្រារព្ធសន្និសីទសារព័ត៌មានមួយស្តីពីការបង្ហាញនូវព្រឹត្តិការណ៍ប្រណាំងកង់ ដែលនឹងរៀបចំធ្វើឡើងនៅលើកំពូលភ្នំបូកគោនាថ្ងៃទី៣ ឧសភា ២០១៣ ក្រោម ប្រធានបទ «ប្រណាំងកង់នៃឋានសួគ៌បូកគោ» ក្រោមការឧបត្ថម្ភធំពីរមណីយដ្ឋានបូកគោ ក្រុមហ៊ុនដឹកអ្នកដំណើរកំពតអិុចប្រេស និងហាងលក់កង់ហោះ ។
លោក PIERRE YVES CATRY ជាប្រធានហាងកង់ហោះបានថ្លែងក្នុងឱកាសនោះថា នេះជាលើកទី១ហើយ ដែលយើងបានរៀបចំការប្រកួតប្រណាំងកង់នៅលើកំណាត់ផ្លូវចាស់ដែលបានសាសង់ថ្មី និងជាកំណាត់ផ្លូវ ដែលបានសាងសង់ឡើងប្រកបដោយគុណភាពខ្ពស់សមតាមបច្ចេកទេស រួមជាមួយទេសភាពដ៏ស្រស់ត្រកាលបានផ្តល់ជាគុណសម្បត្តិល្អឥតខ្ចោះសម្រាប់ការរៀបចំប្រណាំងកង់លើផ្លូវរាប (Road cycling envent) ដ៏មានសោភ័ណភាពនេះ ។
លោក GERD BEURICH ជាអ្នកចាត់ការទូទៅនៅរមណីយដ្ឋានបូកគោ ក៏បានឱ្យដឹងដែរថា ការប្រណាំងកង់នេះ គឺមានកម្ពស់ជាង១ពាន់ម៉ែត្រ ពីផ្ទៃទឹក វាជាកន្លែងលេងកីឡាបានគ្រប់ប្រភេទលើមេឃ លើទឹក លើដី ពិសេសកីឡាប្រណាំងកង់ជាដើម ។ ក្រៅពីនេះ បានផ្តល់នូវទីកម្សាន្តមានសណ្ឋាគារ និងផ្លូវល្អជាងគេបំផុតនៅប្រទេសកម្ពុជា និងនៅក្នុងថ្នាក់តំបន់អាស៊ីមិនមានផ្លូវណាប្រណាំងកង់ឡើងភ្នំល្អដូចឋានសួគ៌បូកគោនោះទេ គឺមានតែកម្ពុជាមួយគត់ ។ ដូចនេះវាពិតជាកើតមានពិតប្រាកដនៅថ្ងៃទី៥ ឧសភា ២០១៣ ខាងមុខនេះ ៕
ចែករំលែកព័តមាននេះ