ខេត្ដកំពង់ចាម ៖ ដើម្បីចូលរួមអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិលោក វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជាបានដឹកនាំកីឡាករ តៃក្វាន់ដូ កីឡាកាស និងសិល្បករ-សិល្បការិនីតន្ដ្រីករមួយចំនួនទៅសំដែងនៅវត្ដព្រៃនគរក្នុង (ហ្លួងព្រះស្ដេចកន) ក្នុងភូមិអង្គរក្នុង ឃុំដូនតី ស្រុកពញាក្រែក ខេត្ដកំពង់ចាមរយៈ ពេល២ថ្ងៃ២យប់ គឺនៅថ្ងៃទី១៤ និង១៥ ខែមេសា ឆ្នាំ២០១០។
លោកវ៉ាត់ ចំរើន បានដឹកនាំប្រជាពលរដ្ឋលេងល្បែងប្រជាប្រិយដូចជាវាយក្អម រត់បាវ និងឡើងសសរខ្លាញ់ជាដើម ប្រកបដោយក្ដីរីករាយយ៉ាងខ្លាំង។ ក្រោយពីលេងល្បែងប្រជាប្រិយនាពេលព្រឹករួចមកលោក ឱ្យកីឡាករ កីឡាការិនីតៃក្វាន់ដូប្រកួតរយៈ ពេលជាង១ម៉ោង លុះពេលល្ងាចកីឡាកាសប្រកួតក្នុងរយៈពេលជាង១ម៉ោងដែរ។ ក្រៅពីនេះមានការប្រកួតចំបាប់ ដោយជ្រើសរើសប្រជាពលរដ្ឋ និងកុមារានៅក្នុងពិធីបុណ្យចូលឆ្នាំថ្មីនៅវត្ដនោះឱ្យចូលរួមប្រកួត ជាច្រើនគូផងដែរ។ ចំណែកពេលរាត្រីមានប្រគំតន្ដ្រីដោយមានតារាចំរៀងជាច្រើនរូបចូលរួមច្រៀងឱ្យប្រជាពលរដ្ឋរាំលេងកំសាន្ដ។
លោកវ៉ាត់ ចំរើន ឱ្យដឹងថា លោករៀបចំកម្មវិធីសប្បាយពេលបុណ្យចូលឆ្នាំប្រពៃណីជាតិនៅវត្ដព្រៃនគរក្នុង(ហ្លួងព្រះស្ដេចកន) នេះ គឺទី១ចង់បង្កលក្ខណៈឱ្យសប្បាយកាន់តែខ្លាំងឡើងថែមទៀត, ទី២ ចង់បង្ហាញពីការរីកចំរើនវិស័យកីឡាជាតិ និងបែបអន្ដរជាតិ ដូចជាកីឡាតៃក្វាន់ដូ កីឡាកាស និងជាពិសេសនោះ គឺកីឡាចំបាប់ដែលជាក្បាច់បុរាណខ្មែរមានតាំងពីបុរាណមកសំរាប់ប្រជាពលរដ្ឋខ្មែរហ្វឹកហាត់ដើម្បីសុខភាព, ទី៣ លោកចង់ចូលរួមលើកស្ទួយវិស័យកីឡា វិស័យសិល្បៈ វប្បធម៌ប្រពៃណី ទំនៀមទំលាប់ខ្មែរ និងវិស័យទេសចរណ៍ឱ្យកាន់តែរីកចំរើនថែមទៀតនៅទូទាំងប្រទេស ។
លោកវ៉ាត់ ចំរើន បន្ដទៀតថា យើងនាំគ្នាហ្វឹកហាត់កីឡា សំដែងសិល្បៈច្រៀងរាំ មិនត្រឹមតែមានសុខភាពល្អប្រសើរនោះទេ គឺយើងទាំងអស់គ្នាបានចូលរួមលើកស្ទួយវិស័យកីឡាជាតិឱ្យនៅគង់វង្សតដល់កូនចៅជំនាន់ក្រោយ។ ជាពិសេសនោះហ្វឹកហាត់កីឡា និងច្រៀងរាំកំសាន្ដ គឺយើងទាំងអស់គ្នាកាត់បន្ថយ និងទប់ស្កាត់លុបបំបាត់កុំឱ្យយុវជនទៅសេពគ្រឿងញៀននាំឱ្យប៉ះពាល់ដល់សុខភាព និងសង្គមជាតិយើង។ ម្យ៉ាងវិញទៀតការដែលលោកដឹកនាំកីឡាករ កីឡាការិនី សិល្បករ សិល្បការិនីទៅសំដែងនៅវត្ដព្រៃនគរក្នុង (ហ្លួងព្រះស្ដេចកន) នេះគឺដើម្បីលើកកំពស់វិស័យទេសចរណ៍ និងបង្ហាញភ្ញៀវទេសចរជាតិ និងអន្ដរជាតិថា នៅទីនោះមានប្រាសាទប្រវត្ដិសាស្ដ្រខ្មែររាប់សតវត្សរ៍មកហើយដែលអតីតវីរក្សត្របានកសាងបន្សល់ទុកឱ្យកូនចៅបានសិក្សាស្រាវជ្រាវរៀនសូត្រ និងថែរក្សាកេរដំណែលនេះបន្ដទៅមុខទៀត ។
លោក វ៉ាត់ ចំរើន បន្ដថា បើមានឱកាសលោកនឹងរៀបចំកម្មវិធីប្រកួតកីឡា និងប្រគំតន្ដ្រីនៅទីនោះនាឆ្នាំក្រោយៗទៀត ។ ក្នុងឱកាសនោះលោកបានរៀបចំរង្វាន់ជូនប្រជាពលរដ្ឋដែលចូលរួមប្រកួតកីឡាចំបាប់មានអាវយឺត និងថវិកាមួយចំនួនទៀត ៕
ចែករំលែកព័តមាននេះ