អ្នកអវកាស២នាក់របស់អង្គការណាហ្សាអាមេរិក (NASA) នឹងចូលរួមពិធីសំណេះសំណាលជាមួយនិស្សិតវៀតណាម៣ពាន់នាក់នៅខេត្តប៊ិញឌិញ (Binh Dinh) ដើម្បីចែករំលែកបទពិសោធនៅក្នុងវិស័យអវកាស។ អ្នកអវកាសអាមេរិក លោកម៉ៃឃើល បេកខឺ (Michael Baker) និងលោកចូសែហ្វ ឈ្មីត (Josef Schmid) នឹងធ្វើដំណើរទៅ «មជ្ឈមណ្ឌលស្រាវជ្រាវវិទ្យាសាស្ត្រ និងនវានុវត្តន៍» នៃខេត្តប៊ិញឌិញនាថ្ងៃទី៨ និងទី៩ ខែមិថុនា ឆ្នាំ២០២៣។
នេះជាផ្នែក១នៃកម្មវិធីសហការរវាងអង្គការណាហ្សា និងប្រទេសវៀតណាមដើម្បីអភិវឌ្ឍវិស័យអវកាស។ កម្មវិធីនេះរៀបចំឡើងដោយក្រុមចម្រុះជាច្រើនស្ថាប័នដែលមានជាអាទិ៍៖ ១- គណៈកម្មការប្រជាជនប្រចាំខេត្តប៊ិញឌិញ, ២- សមាគមអ្នកជំនាញកុំព្យូទ័រនៃទីក្រុងហូជីមិញ និង៣- អង្គការណាហ្សារបស់អាមេរិក។ សូមជម្រាបថាវៀតណាមជាប្រទេសដំបូងគេបង្អស់នៅតំបន់អាស៊ីអាគ្នេយ៍ដែលអង្គការណាហ្សាចាប់អារម្មណ៍ និងផ្ដល់សេចក្ដីទុកចិត្តដើម្បីរៀបចំវេទិកានេះឡើង។
នាយកមជ្ឈមណ្ឌលស្រាវជ្រាវប្រចាំខេត្តប៊ិញឌិញ លោកង្វៀនហ៊ូហា (Nguyen Huu Ha) ប្រាប់ថាកម្មវិធីជួបជុំនេះនឹងជួយជំរុញឱ្យសិស្ស-និស្សិតសិក្សាស្រាវជ្រាវកាន់តែលម្អិតអំពីការរីកចម្រើននៅក្នុងវិស័យវិទ្យាសាស្ត្រ និងបច្ចេកវិទ្យានៅអង្គការណាហ្សា។ មិនតែប៉ុណ្ណោះ, ពួកគេអាចនឹងមានឱកាសប្រាស្រ័យទាក់ទងគ្នាដោយផ្ទាល់ជាមួយក្រុមអ្នកដែលធ្លាប់ធ្វើដំណើរទៅកាន់ទីអវកាសជាក់ស្ដែង។ បើមានចម្ងល់អ្វី, ពួកគេអាចនឹងសាកសួរបន្ថែម ដើម្បីផ្លាស់ប្ដូរចំណេះដឹង និងបទពិសោធ។
ក្រៅពីមានឱកាសជួបជាមួយអ្នកអវកាសរបស់ណាហ្សា, កម្មវិធីនេះក៏មានរៀបចំព្រឹត្តិការណ៍ជាច្រើនទៀត។ នៅក្នុងនោះ ក៏មានការសង្កេតអវកាសនៅពេលយប់ដោយប្រើប្រាស់កែវឆ្លុះ, ការបំពាក់បច្ចេកវិទ្យាវីអ័រ និងអេអ័រ (VR/AR), ការបង្ហោះយន្តហោះដ្រូន និងការប្រើប្រាស់កាំរស្មី។ ក្រុមអ្នកវិទ្យាសាស្ត្រអាចមានឱកាសចែករំលែកលទ្ធផលនៃការស្រាវជ្រាវរបស់ពួកគេអំពីការការពារភពផែនដី, ការទប់ស្កាត់ការបំពុលបរិស្ថាន, ឆាកជីវិតនៅក្នុងអវកាស រួមទាំងប្រធានបទល្អៗជាច្រើនទៀត៕
ប្រភព៖ Vietnam Express
https://e.vnexpress.net/news/education/nasa-astronauts-to-visit-vietnam-for-space-talk-4611136.html
ចែករំលែកព័តមាននេះ