ប្រទេសកូរ៉េខាងជើងកាលពីថ្ងៃទី២៦ មេសា បានបដិសេធឱសានវាទរបស់កូរ៉េខាងត្បូង ដែលអំពាវនាវឱ្យបើកការចរចាសម្រាប់បើកឡើងវិញនូវសកម្មភាពក្នុងប្លុកឧស្សាហកម្មអន្តរកូរ៉េ កាអឺសុង ដែលក្រុងព្យុងយ៉ាងបានបិទចាប់តាំងពីថ្ងៃទី៣ មេសាមក ខណៈក្រុងសេអ៊ូលបានគំរាមដកខ្លួនថយចេញពីទីនោះជាស្ថាពរ ។
កូរ៉េខាងត្បូងកាលពីថ្ងៃទី២៥ មេសា ទុកពេល២៤ម៉ោងដល់របបកូរ៉េខាងជើងឱ្យទទួលយកសំណើចរចានេះ បើពុំដូច្នេះទេនឹងចាត់វិធានការចាំបាច់នានា ។គណៈកម្មាធិការការពារជាតិកូរ៉េខាងជើងក្នុងសេចក្តីថ្លែងការណ៍ដកស្រង់ផ្សាយដោយទីភ្នាក់ងារព័ត៌មានកូរ៉េខាងត្បូង YONHAP បានឆ្លើយតបកាលពីថ្ងៃទី២៦ មេសាថា «ប្រសិនបើពួកអាយ៉ងកូរ៉េខាងត្បូងបន្តធ្វើឱ្យសភាពការណ៍កាន់តែធ្ងន់ធ្ងរ នោះយើងនឹងចាត់វិធានការចុងក្រោយ និងធ្ងន់ធ្ងរទាំងឡាយ» ។
កូរ៉េខាងជើងហាមឃាត់មិនឱ្យពលរដ្ឋកូរ៉េខាងត្បូងចូលក្នុងប្លុកឧស្សាហកម្មកាអឺសុង ស្ថិតនៅក្នុងដែនដីខ្លួន ចម្ងាយប្រមាណជា១០គីឡូម៉ែត្រពីព្រំែដន ចាប់ពីថ្ងៃទី៣ មេសាមក ហើយបានដកពលកររបស់ខ្លួន៥.៣០០នាក់មិនឱ្យធ្វើការក្នុងប្លុកឧស្សាហកម្មនេះ ខណៈមានភាពតានតឹងខ្លាំងបំផុតនៅឧបទ្វីបកូរ៉េ ។
ការព្រមានរបស់កូរ៉េខាងត្បូង គឺថាក្រុងសេអ៊ូលត្រៀមដកចេញជាស្ថាពរនូវនិយោជិតរបស់ខ្លួន៨៥០នាក់ដែលធ្វើការនៅកាអឺសុង ។ ពេលនេះនៅសល់និយោជិតកូរ៉េខាងត្បូងប្រមាណជា១៧០នាក់ប៉ុណ្ណោះបន្តនៅកាអឺសុង ៕
ចែករំលែកព័តមាននេះ