ព្រះគ្រូ សាន សុជា ប្រកាសថា ព្រះអង្គនឹង «សឹក» ល្ងាចនេះ
រាជធានីភ្នំពេញ ៖ នៅវេលាថ្ងៃត្រង់ នាថ្ងៃទី ២១ ឧសភា នេះមានការភ្ញាក់ផ្អើលជាខ្លាំង ដោយ ភិក្ខុវជិរ
រាជធានីភ្នំពេញ ៖ នៅវេលាថ្ងៃត្រង់ នាថ្ងៃទី ២១ ឧសភា នេះមានការភ្ញាក់ផ្អើលជាខ្លាំង ដោយ ភិក្ខុវជិរ
រាជធានីភ្នំពេញ ៖ នៅវេលាថ្ងៃត្រង់ នាថ្ងៃទី ២១ ឧសភា នេះមានការភ្ញាក់ផ្អើលជាខ្លាំង ដោយ ភិក្ខុវជិរប្បញ្ញោ សាន សុជា បានចេញវីដេអូ ប្រកាសថាព្រះអង្គ សូមនមស្សកាលា និងចម្រើនពរលា ពីភាពជាព្រះសង្ឃ ដោយព្រះអង្គនឹងលាចាកសិក្ខាបទ (សឹក) នៅម៉ោង ៥ ល្ងាច (ម៉ោងនៅអូស្ត្រាលី) ឬប្រហែលជាម៉ោង ២ រសៀល នៅស្រុកខ្មែរ។
តាមរយៈវីដេអូឃ្លីបមានរយៈពេលប្រមាណ ៣ នាទី ភិក្ខុវជិរប្បញ្ញោ សាន សុជា មានសង្ឃដីកាថា ព្រះអង្គជាបឋម សូមនម្សការ គោរពរាប់អានអ្នកមានអាយុទាំងឡាយ ចម្រើនពរប្រជាពុទ្ធបរិស័ទ្ធទាំងអស់ ទាំងនៅក្នុងស្រុកនិងក្រៅស្រុក និងប្រកាសថា វីដេអូនេះគឺ ជាវីដេអូ ក្នុងភេទជា ភិក្ខុរបស់ព្រះអង្គជាលើកចុងក្រោយហើយ។
«ខ្ញុំព្រះករុណាអាត្មាភាព សូមប្រគេន និងជម្រាបដំណឹងថា នេះជាវីដេអូ ក្នុងភេទជា ភិក្ខុលើកចុងក្រោយរបស់ខ្ញុំព្រះករុណា អាត្មាភាព»។ ព្រះគ្រូសាន សុជា មានសង្ឃដីកាបញ្ជាក់។
ភិក្ខុវជិរប្បញ្ញោ សាន សុជា បានសង្ឃដីកាបន្តថា តទៅថ្ងៃខាងមុខ បើទោះជា មានវីដេអូ ឬរូបថតណាមួយ ផុសឡើងនៅប្រព័ន្ធណាមួយ ឃើញរូបព្រះអង្គក្នុងភេទជាសង្ឃ នោះគ្រាន់តែជារូបភាព និងវីដែអូចាស់ពីមុនៗប៉ុណ្ណោះ «ព្រោះបន្តិចទៀតនេះ នឹងមិនមានវត្តមានភិក្ខុវជិរប្បញ្ញោ សាន សុជា ទៀតទេ គឺមានតែឧបាសិក សាន សុជា ប៉ុណ្ណោះ»។
ការប្រកាសរបស់ ភិក្ខុវជិរប្បញ្ញោ សាន សុជា លាចាកភេទជា ភិក្ខុ ធ្វើឡើង គឺមួយថ្ងៃក្រោយពីព្រះអង្គបានលាលែងពីតំណែងព្រះចៅអធិការ វត្តមណីរតនារាម ស្ថិតនៅក្នុងក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់ ផងដែរ។
យ៉ាងណាមិញ ញាតិញោម ជាពុទ្ធបរិស័ទ មួយចំនួនបានលើកឡើងថា ទោះព្រះអង្គលាចាកសិក្ខាបទ មែនក្តី តែឱវាទនឹងការអប់រំល្អៗមានប្រយោជន៍ មិនបាត់បង់ឡើយ។
សូមបញ្ជាក់ផងដែរថា យោងតាមជីវប្រវត្តិនៃភិក្ខុវជិរប្បញ្ញោ សាន សុជា ដែលមានចំនួន ៧៥ ទំព័រ ព្រះគ្រូ សាន សុជា បានបញ្ជាក់ថា ព្រះអង្គសរសេរជីវប្រវត្តិនេះដោយផ្ទាល់ដៃរបស់ព្រះអង្គ។ ព្រះគ្រូ សាន សុជា កើតនៅថ្ងៃអង្គារ ៧ រោច ខែមិគសិរ ឆ្នាំម្សាញ់ ព.ស ២៥២០ ឬក្នុងខែធ្នូ ឆ្នាំ ១៩៧៦ នៅទួលតាអុក ឃុំកំពង់យោល ស្រុកទ្រាំង ខេត្តតាកែវ។
សម្រាប់ការចូលសាងផ្នូស ព្រះគ្រូ សាន សុជា បានឱ្យដឹងថា ព្រះអង្គមិនដែលនឹកស្រមៃចង់ចេញបួសទេ គោលគំនិតចង់ធ្វើជាគ្រូបង្រៀន ជាអ្នកចម្រៀង និងជាវិចិត្រករ ប៉ុន្តែខ្សែជីវិតបច្ចុប្បន្ន មិនឃ្លាតឆ្ងាយពីស្រមោលអតីតៈដែលជាឧបនិស្ស័យធ្លាប់សន្សំមកឡើយ៕
ចែករំលែកព័តមាននេះ