ខេត្តតាកែវ ៖ ក្រុងដូនកែវ ដែលជាក្រុងមានឈ្មោះស្រស់ស្អាត រហូតទទួលបានចំណាត់ថ្នាក់ផ្ការំដួលផងដែរនោះ ពេលនេះកំពុងតែពោរពេញទៅដោយផ្សែងដុតសំរាមគ្របដណ្តប់សឹងតែពេញក្រុងទៅហើយ។ ដោយឡែក ងាកមកមើលចំណាត់ការរបស់អាជ្ញាធរខេត្តវិញ ឃើញថា បានប្រើឡានទឹកទៅបាញ់ពន្លត់ភ្លើងនៅពេលថ្ងៃកុំឱ្យឆេះហុយជាតិស្អុយពេក ប៉ុន្តែនៅពេលយប់វិញ អ្នកម៉ៅការប្រមូលសំរាមទៅចោលនៅទីនោះ ទៅដុតសំរាមដដែល (ពិតជាឌឺអាជ្ញាធរមែន)។

សូមរំលឹកថា កន្លងមកថ្មីៗនេះ ពលរដ្ឋក្រុងដូនកែវ ខេត្តតាកែវ លើកឡើងថា ក្រុងដូនកែវ សឹងទាំងមូលបានគ្របដណ្ដប់ទៅដោយផ្សែងដុតសំរាមទាំងយប់ ទាំងថ្ងៃ ពិបាករស់នៅរាប់ខែ រាប់ឆ្នាំមកហើយ និងបានធ្វើឱ្យប្រជាពលរដ្ឋ តាអាចារ្យ ព្រះសង្ឃ និងមេភូមិ នាំគ្នាផ្តិតមេដៃស្នើទៅលោកអភិបាលខេត្តតាកែវ ឱ្យជួយរកដំណោះស្រាយ។

បើតាមប្រជាពលរដ្ឋលើកឡើងថា ទីតាំងចោលសំរាមនេះ គឺនៅក្បែរវត្ត អមរា ស្ថិតនៅភូមិស្នោរ សង្កាត់រកាក្រៅ ក្រុងដូនកែវ ខេត្តតាកែវ ត្រូវបានគេយកកាកសំណល់ផ្សេងៗពីមន្ទីរពេទ្យ អាហារដ្ឋាន និងយកពីទីតាំងដទៃទៀតនៅក្នុងក្រុងដូនកែវ មកចោលទីនេះ ។ ហើយក្លិនស្អុយ ឆ្អេះឆ្អាប សាយភាយពីទីតាំងចោលសំរាមនេះរាល់ថ្ងៃ និងរាប់ឆ្នាំមកហើយ សម្រាប់អ្នកក្រុងដូនកែវដកដង្ហើមស្រូបយក លុះដល់ពេលយប់ ក៏មានអ្នកទៅលួចដុតសំរាមចោលឆេះហុយផ្សែងទ្រលោមពេញមេឃឡើងវិញ។

ប្រជាពលរដ្ឋដែលកំពុងប្រឈមផលប៉ះពាល់ នៃទីតាំងចោលសំរាមខាងលើនេះ បានធ្វើការស្នើសុំទៅមន្ត្រីជំនាញពាក់ព័ន្ធ និងលោកអភិបាលខេត្តតាកែវ ជួយដោះស្រាយបញ្ហានេះផង កុំទុកឱ្យពួកគាត់រាប់រយគ្រួសារហិតក្លិនស្អុយ និងផ្សែង ជាពិសេសកុំឲ្យក្រុងដូនកែវ គ្របដណ្តប់ទៅដោយផ្សែងស្អុយដុតសំរាម ដូចរាល់ថ្ងៃនេះទៀត៕


ចែករំលែកព័តមាននេះ