ខេត្តមណ្ឌលគិរី ៖ បន្ទាប់ពីប្រធានគណៈកម្មាធិការគ្រប់គ្រងដីរដ្ឋថ្នាក់ខេត្តមណ្ឌលគិរីចេញវិធានការទប់ស្កាត់រាល់សកម្មភាពដែលទាក់ទងនឹងការបញ្ជាក់លិខិតយថាភូតពាក់ព័ន្ឋនឹងការទិញលក់ និងការផ្ទេរសិទ្ធិលើដីធ្លី និងការទន្ទ្រានចូលកាន់កាប់ដីក្នុងសហគមន៍នៃភូមិសាស្ត្រស្រុកពេជ្រាដា កាលពីថ្ងៃទី១៤ មីនា ២០២៣ មិនទាន់បានមួយដង្ហើមចង្រឹតផង ស្រាប់តែបែកធ្លាយករណីមានជនមិនស្គាល់មុខចូលកាប់រានឈូសឆាយព្រៃមហាស្តុកនៅឯភូមិពូឡេះ ឃុំដាក់ដាំ ស្រុកអូររាំងរាប់រយហិកតាគួរឲ្យអាសូរ ។

សេចក្តីរាយការណ៍បានឲ្យដឹងថា នារសៀលថ្ងៃទី១៦ មីនា ២០២៣ ក្រុមអ្នកតាមដានបរិស្ថាន និងមន្ត្រីជំនាញមេព្រៃបានប្រទះឃើញទីតាំងព្រៃស្តុកមួយកន្លែង ត្រូវបានជនខិលខូចប្រើប្រាស់គ្រឿងចក្រឈូសឆាយបំផ្លាញដើមឈើធំៗប៉ុនៗកង់រទេះ ដួសរាបដល់ដី ក្នុងទំហំមិនទាន់ផ្លូវការប្រហែល១០០ហិកតាទៅហើយ។ បើគ្មានការបែកធ្លាយព័ត៌មានទេ សកម្មភាពបំផ្លាញនេះប្រាកដណាស់ថា គេនិងបន្តវាយព្រៃហ៊ុមព័ទ្ធយកដីបន្ថែមរាប់រយ ឬរាប់ពាន់ហិកតាឯណោះ ខណៈអាជ្ញាធរមូលដ្ឋាន ជាពិសេស មេភូមិនិងមេឃុំសំងំស្ងាត់ឈឹងដូចត្រូវថ្នាំសណ្តំ ។

លោក សៀក មុន្នី អភិបាលស្រុកអូររាំងបានឲ្យដឹងថា «កន្លងមក ក្នុងកិច្ចប្រជុំលោកបានដាក់វិធានការយ៉ាងតឹងរឹងបំផុតដល់អាជ្ញាធរមូលដ្ឋានភូមិឃុំ ត្រូវយកចិត្តទុកដាក់ថែរក្សាការពារដីរបស់រដ្ឋឲ្យបានគង់វង្ស ជាពិសេស ដីព្រៃការពារឬដីព្រៃសហគមន៍ ។ ហើយហាមដាច់ខាត ការពាក់ព័ន្ធជាមួយការចេញលិខិតស្នាមនានាឲ្យទៅបុគ្គលជាប្រយោជន៍ផ្ទាល់ខ្លួន»។

បន្ទាប់ពីទទួលបានព័ត៌មាននេះ លោកអភិបាលស្រុកអូររាំង នាព្រឹកថ្ងៃទី១៧ មីនា ២០២៣ បានចេញបញ្ជាឲ្យមន្ត្រីក្រោមឱវាទ សហការជាមួយមន្ត្រីជំនាញចុះពិនិត្យ និងធ្វើរបាយការណ៍ជាបន្ទាន់ ដើម្បីវែកមុខអ្នកពាក់ព័ន្ឋ ព្រោះនេះ ជាករណីមិនអាចអនុគ្រោះបានឡើយ។

ជុំវិញករណីនេះ នៅវេលាម៉ោង២និង៤៧នាទីរសៀលថ្ងៃទី១៧ មីនា ២០២៣ លោក ចាស់ ណា មេឃុំដាក់ដាំ ស្រុកអូររាំង បានប្រាប់អ្នកយកព័ត៌មានកោះសន្តិភាពថា «ទាក់ទងនៅភូមិពូឡេះ និងភូមិពូត្រែងក៏ដោយ ទាក់ទងការកាប់ដីនេះ មានច្រើនណាស់ អាខ្លះអ្នកភូមិកាត់ចំការផង ខ្លះមានប្រជាពលរដ្ឋពីស្រែអំពូមផង ពីប៊ូស្រាផង ចឹងរាល់ថ្ងៃពួកខ្ញុំនៅតែ បន្តទប់ស្កាត់រហូត គ្រាន់តែថា ស្រែអំពូមនិងប៊ូស្រានេះ(អ្នកនៅស្រុកពេជ្រាដាជាប់ជាមួយឃុំដាក់ដាំស្រុកអូររាំង)កាប់ចូលទៅដីពូឡេះនិងពូត្រែងពីរកន្លែងហ្នឹង»។

ក្រុមអ្នកតាមដានបញ្ហាសង្គមបានឲ្យដឹងថា ចាប់តាំងពីវិស័យដីធ្លីមានសន្ទុះងើបឡើងអំឡុងឆ្នាំ២០១៩ ធ្វើឲ្យដីនៅតំបន់ខេត្តមណ្ឌលគិរីត្រូវប៉ាន់ខ្លាំងណាស់ ជាពិសេស ដីក្នុងឃុំដាក់ដាំ ស្រុកអូររាំង ដែលមានព្រំព្រទល់ជាប់ជាមួយប្រទេសវៀតណាម ហើយសម្បូរទៅដោយព្រៃឈើ និងភ្នំដ៏ស្រស់ស្អាត។ ប្រភពដដែលបន្តថា ដោយសារតម្លៃដីកាន់តែហក់ឡើងថ្លៃ ពីមួយថ្ងៃទៅមួយថ្ងៃ ប្រជាពលរដ្ឋក្នុងមូលដ្ឋាននេះបានសំរុកនាំគ្នាលក់ដីព្រោងព្រាត ដែលក្លាយជាចលនាមួយដ៏ក្តៅគគុក ដែលអ្នកភូមិនេះធ្លាប់តែមានជីវភាពសាមញ្ញធម្មតា បានផ្លាស់ទៅជាកាន់ដុល្លារពេញៗដៃ មានម៉ូតូឡានថ្មីៗគ្រប់ផ្ទះ។

តែចលនាលក់ដីយ៉ាងគំហុកនេះ ក៏បានកើតវិបត្តិដល់ការអភិវឌ្ឍន៍ក្នុងមូលដ្ឋាន ដោយសារវិវាទដីធ្លីរាប់រយករណី ផ្ទុះឡើងក្លាយជាចំណងពិបាកស្រាយក្នុងឃុំដាក់ដាំ។ ករណីខ្លះអាជ្ញាធរអាចជួយសម្របស្រួលបាន តែករណី ខ្លះប្តឹងគ្នាឡើងតុលាការ ខ្លះអស់ផ្ទះសម្បែង ខ្លះទៀតជាប់គុកក៏មាន…។ បញ្ហាដែលកើតមានត្រូវបានគេកត់សម្គាល់ថា ខ្លះលក់ដីជាន់ឯកសារគ្នា ដោយសំអាងលើអាជ្ញាធរភូមិឃុំ ខ្លះលក់ដីដដែលម្តងហើយម្តងទៀត ករណីខ្លះទិញដីទំហំប៉ុណ្ណេះ តែហ៊ុំព័ន្ឋយកលើសព្រំជាក់ស្តែង ហើយករណីកើតច្រើនជាងគេ គឺការកាន់កាប់យកដីចំការស្រស់ ដែលបង្កបញ្ហាមិនចេះចប់ ឈានដល់ការកាប់បំផ្លាញព្រៃឈើស្រស់រាប់ពាន់ហិកតាទៀតផង។

ទោះជាយ៉ាងណា ជុំវិញករណីខាងលើនេះ កោះសន្តិភាពនៅមិនទាន់ទទួលបានព័ត៌មានលម្អិតណាមួយពីមន្ត្រីជំនាញពាក់ព័ន្ឋឡើយ ដោយគិតត្រឹមល្ងាចថ្ងៃទី១៧ មីនា ២០២៣ មន្ត្រីខណ្ឌរដ្ឋបាលព្រៃឈើខេត្តមណ្ឌលគិរី កំពុងស្រាវជ្រាវនៅទីតាំងបទល្មើសជាក់ស្តែង ។
ព័ត៌មានបន្ថែមកោះសន្តិភាពនឹងមានផ្សាយជូនបន្ត ។



ចែករំលែកព័តមាននេះ