អាជ្ញាធរភ្នំពេញបង្ហាញផ្លូវវាងដើម្បីបញ្ចៀសចរាចរណ៍អំឡុងពេលសាងសង់ស្ពានអាកាសព្រះមុនីវង្ស
- ភ្នំពេញ
រាជធានីភ្នំពេញ៖ សេចក្តីជូនដំណឹងស្តីពីការណែនាំការបញ្ចៀសចរាចរក្នុងអំឡុងពេលសាងសង់ស្ពាន
រាជធានីភ្នំពេញ៖ សេចក្តីជូនដំណឹងស្តីពីការណែនាំការបញ្ចៀសចរាចរក្នុងអំឡុងពេលសាងសង់ស្ពាន
រាជធានីភ្នំពេញ៖ សេចក្តីជូនដំណឹងស្តីពីការណែនាំការបញ្ចៀសចរាចរក្នុងអំឡុងពេលសាងសង់ស្ពានអាកាសព្រះមុនីវង្សរដ្ឋបាលរាជធានីភ្នំពេញសូមជម្រាបជូនដំណឹងដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ក្នុងរាជធានីភ្នំពេញឱ្យបានជ្រាបថា ក្រោយពីបានប្រជុំពិភាក្សារកដំណោះស្រាយការកកស្ទះចរាចរណ៍កាលពីថ្ងៃ០១ ខែមីនា
ឆ្នាំ២០២៣ នៅបរិវេណការដ្ឋានសាងសង់ស្ពានអាកាសព្រះមុនីវង្សរួចមក រដ្ឋបាលរាជធានីភ្នំពេញបានដោះស្រាយ និងសម្រួលការកកស្ទះចរាចរណ៍បានមួយចំនួនធំ។ ទន្ទឹមនោះរដ្ឋបាលរាជធានីភ្នំពេញ សង្កេតឃើញថានៅពេលខ្លះមានការកកស្ទះចរាចរណ៍កើតឡើងខ្លះទៀត ដូចនេះដើម្បីសម្រួលដល់ការធ្វើចរាចរណ៍ឱ្យបានល្អប្រសើរ រដ្ឋបាលរាជធានីភ្នំពេញ សូមធ្វើការណែនាំដូចខាងក្រោម៖
១-ការធ្វើដំណើរចូលរាជធានីភ្នំពេញចំពោះរថយន្តធុនធ្ងន់ រថយន្តកុងតឺន័រ រថយន្តធុនធំត្រូវបង្វែរទិសតាមផ្លូវថៃហ្គ័រ ឆ្លងស្ពានព្រែកសំរោងចូលរាជធានីភ្នំពេញ តាមពេលវេលា និងម៉ោងកំណត់របស់រដ្ឋបាលរាជធានីភ្នំពេញ ដោយមិនអនុញ្ញាតឱ្យឆ្លងកាត់តាមស្ពានព្រះមុនីវង្សឡើយ ។
-ចំពោះបងប្អូនប្រជាពលរដ្ឋដែលធ្វើដំណើរចូលរាជធានីភ្នំពេញតាមផ្លូវជាតិលេខ១ ឆ្ពោះទៅមូលដ្ឋានខណ្ឌដង្កោ ខណ្ឌមានជ័យ ខណ្ឌពោធិ៍សែនជ័យ ខណ្ឌជ្រោយចង្វារ ខណ្ឌឫស្សីកែវ សូមមេត្តា
យោគយល់អធ្យាស្រ័យដោយត្រូវបង្វែរទិសតាមផ្លូវថៃហ្គ័រ តាមស្ពានព្រែកសំរោងចូលរាជធានីភ្នំពេញ
ឬតាមសាឡាងចម្លងកោះនរា ដែលចូលតាមផ្លូវទល់មុខវត្តនិរោធ និងផ្លូវស្ថានីយ៍ទូរទស្សន៍បាយ័ន
បន្តដំណើរទៅគោលដៅ ។
-ចំពោះបងប្អូនប្រជាពលរដ្ឋដែលធ្វើដំណើរចូលរាជធានីភ្នំពេញតាមផ្លូវជាតិលេខ២ ឆ្ពោះទៅ
មូលដ្ឋានខណ្ឌទួលគោក ខណ្ឌ៧មករា ខណ្ឌចំការមន សូមមេត្តាយោគយល់អធ្យាស្រ័យដោយត្រូវ
បង្វែរទិសតាមមហាវិថីអ្នកឧញ៉ាមហាភក្ដីសប្បុរសភោគាធិបតី ហ៊ុន នាង (ផ្លូវ ៣០ម៉ែត្រ) និងមហាវិថីសម្តេចតេជោ ហ៊ុន សែន (ផ្លូវ ៦០ម៉ែត្រ) បត់តាមផ្លូវផ្សារជីបម៉ុង ចេញតាមផ្លូវលេខ២១៧។
២-ការធ្វើដំណើរចេញពីរាជធានីភ្នំពេញចំពោះបងប្អូនប្រជាពលរដ្ឋដែលធ្វើដំណើរចេញពីរាជធានីភ្នំពេញ ឆ្ពោះទៅគោលដៅផ្លូវជាតិលេខ២ទៅខេត្តកណ្តាល ឬមូលដ្ឋានខណ្ឌមានជ័យ និងខណ្ឌដង្កោ ហើយដែលកំពុងធ្វើដំណើរតាមមហាវិថីព្រះមុនីវង្ស សូមមេត្តាយោគយល់អធ្យាស្រ័យដោយត្រូវបង្វែរទិសតាមផ្លូវលេខ៤៨៨ ឆ្ពោះទៅរង្វង់មូលផ្សារដើមថ្កូវ ឆ្ពោះទៅផ្លូវលេខ២៧១ សំដៅទៅផ្លូវលេខ៣៧១ ឬតាមផ្លូវផ្សារជីបម៉ុងចេញតាមមហាវិថីសម្តេចតេជោ ហ៊ុន សែន (ផ្លូវ ៦០ម៉ែត្រ) និងតាមមហាវិថីអ្នកឧញ៉ាមហាភក្ដីសប្បុរសភោគាធិបតី ហ៊ុន នាង (ផ្លូវ ៣០ម៉ែត្រ) ឆ្ពោះទៅគោលដៅរបស់ខ្លួន ។
-ចំពោះបងប្អូនប្រជាពលរដ្ឋដែលធ្វើដំណើរចេញពីរាជធានីភ្នំពេញ ឆ្ពោះទៅគោលដៅផ្លូវជាតិលេខ១
ក្នុងមូលដ្ឋានខណ្ឌច្បារអំពៅ ឬទៅខេត្តកណ្តាល សូមមេត្តាយោគយល់អធ្យាស្រ័យត្រូវធ្វើដំណើរ
តាមមហាវិថីព្រះនរោត្តម ឡើងស្ពានអាកាសក្បាលថ្នល់បត់ត្រលប់ក្រោយរួចឆ្លងស្ពានព្រះមុនីវង្ស
ឬធ្វើដំណើរតាមសាឡាងចម្លងពីកោះពេជ្រ ទៅកោះនរាតែម្តង ឬពីសាឡាងចម្លងសណ្ឋាគារសុខា
រ៉េស៊ីដង់ភ្នំពេញ ទៅកោះនរា នៅពេលដែលសាឡាងចម្លងនេះដាក់ឱ្យដំណើរការសាកល្បងដើម្បីធ្វើ
ដំណើរទៅគោលដៅ។
៣-មន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ ត្រូវពិនិត្យលទ្ធភាពក្នុងការពង្រីកទ្រូងផ្លូវឱ្យធំ
ជាបណ្តោះអាសន្នសិន ពេលសំណង់ស្ពានអាកាសនេះត្រូវបានបញ្ចប់ត្រូវរៀបចំឱ្យមកដូចស្ថានភាព
ដើមវិញ។
អាស្រ័យហេតុនេះ សូមបងប្អូនប្រជាពលរដ្ឋទាំងអស់មេត្តាជ្រាប យោគយល់ អធ្យាស្រ័យ និងបញ្ចៀស
ការធ្វើដំណើរឆ្លងកាត់ទីតាំងការដ្ឋានសាងសង់ស្ពានអាកាសព្រះមុនីវង្សដោយអនុគ្រោះ។
ទទួលបានសេចក្ដីជូនដំណឹងនេះ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញ រដ្ឋបាលខណ្ឌចំការមន រដ្ឋបាលខណ្ឌមានជ័យ រដ្ឋបាលខណ្ឌច្បារអំពៅ មន្ទីរសាធារណការនិងដឹកជញ្ជូនរាជធានីភ្នំពេញ និងអាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់ ត្រូវធ្វើការផ្សព្វផ្សាយឱ្យបានទូលំទូលាយ និងចាត់តាំងអនុវត្តឱ្យមានប្រសិទ្ធភាពខ្ពស់ ៕
ចែករំលែកព័តមាននេះ