ប្រិយមិត្តជាទីមេត្រី! នៅថ្ងៃខួបមួយឆ្នាំនៃសង្គ្រាមអ៊ុយក្រែន ប្រទេសចិនដាក់ចេញសំណើ១២ចំណុច ដែលគូសបញ្ជាក់ពីគោលជំហររបស់ខ្លួន ដើម្បីទុកជាការត្រិះរិះពិចារណានៅក្នុងការចរចាសន្តិភាព។ នៅក្នុងនោះ ប្រទេសចិនប្រើពាក្យ «វិបត្តិអ៊ុយក្រែន» ជំនួសឱ្យពាក្យ «សង្គ្រា.មឈ្លានពានរបស់រុស្ស៊ីទៅលើអ៊ុយក្រែន» ដែលក្រុមបស្ចិមប្រទេសបានហៅ។ ផែនការ១២ចំណុចនោះត្រូវរដ្ឋាភិបាលអ៊ុយក្រែនសម្ដែងការសាទរដោយប្រុងប្រយ័ត្ន។
រដ្ឋាភិបាលចិនអំពាវនាវឱ្យភាគីជម្លោះទាំង២ រុស្ស៊ី និងអ៊ុយក្រែន ចាប់ផ្ដើមការចរចាសន្តិភាព ព្រមទាំងជំរុញឱ្យគ្រប់ភាគីជៀសវាងឱ្យខាងតែបាននូវសង្គ្រាមនុយក្លេអ៊ែរ និងបញ្ឈប់ការវា.យប្រ.ហារទៅលើជនស៊ីវិល។ គួរកត់សម្គាល់ថាសំណើទាំង១២ចំណុចរបស់ប្រទេសចិនសម្រាប់ផែនការសន្តិភាពនៅអ៊ុយក្រែន ដែលប្រទេសចិនហៅថា «គោលជំហររបស់ប្រទេសចិន» ប្រកាសជាសាធារណៈមុនការថ្លែងសុន្ទរកថារបស់លោកស៊ីនជីនពីង ប្រមុខដឹកនាំចិន។ អ្នកវិភាគខ្លះកត់សម្គាល់ថាប្រទេសចិន និងរុស្ស៊ីកំពុងខិតរកគ្នាកាន់តែខ្លាំង។ ប៉ុន្មានថ្ងៃមុនចេញសំណើ១២ចំណុចនេះ ប្រមុខការទូតចិន លោកវ៉ាងអ៊ី បានអញ្ជើញទៅបំពេញទស្សនកិច្ចនៅទីក្រុងម៉ូស្គូ និងបានជួបសមភាគីរុស្ស៊ី និងលោកពូទីន។ ចង់ដឹងថាគោលជំហររបស់ប្រទេសចិនទាំង១២ចំណុចនោះមានខ្លឹមសារដើមយ៉ាងណាខ្លះ យើងសូមប្រែសម្រួលក្រៅផ្លូវការដែលមានសេចក្ដីដូចខាងក្រោម។
គោលជំហររបស់ប្រទេសចិនចំពោះដំណោះស្រាយនយោបាយនៃវិបត្តិអ៊ុយក្រែន
១- អំពីការគោរពអធិបតេយ្យភាពប្រទេសទាំងអស់
ត្រូវបន្តឃ្លាំមើលការអនុវត្តច្បាប់អន្តរជាតិដែលត្រូវបានទទួលស្គាល់ជាសាកល រួមទាំងគោលបំណង និងគោលការណ៍នៃធម្មនុញ្ញរបស់អង្គការសហប្រជាជាតិ។ ត្រូវរក្សាឱ្យបានប្រកបដោយប្រសិទ្ធភាពនូវអធិបតេយ្យភាព ឯករាជ្យភាព និងបូរណភាពទឹកដីនៃប្រទេសទាំងអស់។ ប្រទេសទាំងអស់ មិនថាធំឬតូច, ខ្លាំងឬខ្សោយ, មានឬក្រ សុទ្ធតែជាសមាជិកស្មើមុខស្មើមាត់គ្នានៅក្នុងសហគមន៍អន្តរជាតិ។ ភាគីទាំងអស់គប្បីរួមគ្នាថែរក្សាឱ្យបាននូវបទដ្ឋានជាមូលដ្ឋានគ្រឹះដែលមានវិសាលភាពគ្របដណ្ដប់ទៅលើទំនាក់ទំនងអន្តរជាតិ ហើយគប្បីរួមគ្នាការពារយុត្តិធម៌ជាអន្តរជាតិ។ គប្បីលើកកម្ពស់ការអនុវត្តច្បាប់អន្តរជាតិដោយសមភាព និងដោយឥតលម្អៀង ហើយត្រូវបដិសេធការអនុវត្តស្តង់ដារពីរ។
២- អំពីការជម្រុះចោលផ្នត់គំនិតសង្គ្រាមត្រជាក់
ប្រទេសមួយកុំដើម្បីសន្តិសុខផ្ទាល់ខ្លួន ធ្វើឱ្យប៉ះពាល់ផលប្រយោជន៍ប្រទេសដទៃ។ សន្តិសុខនៅក្នុងតំបន់មិនអាចកើតមានតាមរយៈការពង្រឹង ឬពង្រីកប្លុកយោធានោះទេ។ ត្រូវយកចិត្តទុកដាក់ដោះស្រាយដោយសមស្របចំពោះបញ្ហាសន្តិសុខ និងអ្វីដែលជាក្ដីកង្វល់របស់ប្រទេសទាំងអស់។ គ្មានឡើយដំណោះស្រាយដ៏ងាយស្រួលសម្រាប់បញ្ហាដែលមានភាពស្មុគស្មាញប្រទាក់ក្រឡាគ្នា។ ភាគីទាំងអស់គប្បីបង្កើតរចនាសម្ព័ន្ធសន្តិសុខអឺរ៉ុបដែលប្រកបដោយតុល្យភាព ប្រសិទ្ធភាព និងចីរភាព (តបតាមក្ដីសុបិនដែលចង់បានសន្តិសុខរួម គ្រប់ជ្រុងជ្រោយ ចេះសហការគ្នា និងចីរភាព, និងតបតាមការប្រាថ្នាចង់បានសន្តិភាព និងស្ថិរភាពពិភពលោកយូរអង្វែង)។ គ្រប់ភាគីគប្បីប្រឆាំងជំទាស់ទៅនឹងនឹងការគិតតែពីសន្តិសុខខ្លួនឯង សុខចិត្តធ្វើឱ្យប៉ះពាល់សន្តិសុខប្រទេសដទៃ, គប្បីទប់ស្កាត់មិនឱ្យមានការប្រឈមមុខដាក់គ្នារវាងប្លុកមួយនិងប្លុកមួយទៀត និងគប្បីធ្វើការរួមគ្នាដើម្បីថែរក្សាសន្តិភាព និងស្ថិរភាពនៅលើដែនដីអាស៊ី-អឺរ៉ុប។
៣- អំពីការបញ្ចប់អរិភាព
ជម្លោះប្រដាប់អាវុ.ធ និងសង្គ្រាមគ្មានផលចំណេញសម្រាប់នរណាម្នាក់ទេ។ ភាគីទាំងអស់ត្រូវមានគំនិតសុភវិនិច្ឆ័យ និងត្រូវចេះអត់ធ្មត់, មិនត្រូវចាក់សាំងថែមទៅលើភ្លើងដែលកំពុងឆេះ និងមិនត្រូវចាក់សាំងទៅលើភាពតានតឹងដែលកំពុងឡើងកម្ដៅខ្លាំង, ត្រូវខិតខំទប់ស្កាត់មិនឱ្យវិបត្តិធ្លាក់ដុនដាបកាន់តែខ្លាំង ឬឈានដល់ដំណាក់កាលគ្រប់គ្រងសភាពការណ៍លែងបាន។ ភាគីទាំងអស់គប្បីគាំទ្រឱ្យភាគីរុស្ស៊ី និងភាគីអ៊ុយក្រែនប្រកាន់យកទិសដៅស្របគ្នា និងគប្បីគាំទ្រឱ្យភាគីទាំង២ចាប់ផ្ដើមការសន្ទនាគ្នាដោយផ្ទាល់សាជាថ្មីកាន់តែឆាប់តាមដែលអាចធ្វើទៅបាន ដើម្បីឱ្យស្ថានការណ៍ថយកម្ដៅបន្តិចម្ដងៗ រហូតដល់ឈានទៅសម្រេចបាន «បទឈប់បាញ់ប្រកបដោយភាពហ្មត់ចត់គ្រប់ជ្រុងជ្រោយ»។
៤- អំពីការចាប់ផ្ដើមកិច្ចចរចាសន្តិភាពជាថ្មី
ការសន្ទនា និងការចរចា បើយើងមើលនៅក្នុងទិដ្ឋភាពជាក់ស្ដែង ជាដំណោះស្រាយដែលអាចទៅរួចដើម្បីដោះស្រាយវិបត្តិអ៊ុយក្រែន។ ត្រូវលើកទឹកចិត្ត និងគាំទ្រចំពោះរាល់កិច្ចខិតខំប្រឹងប្រែងដែលអាចបានជាប្រយោជន៍ដល់ដំណោះស្រាយសន្តិភាពដើម្បីបិទបញ្ចប់វិបត្តិនេះ។ សហគមន៍អន្តរជាតិគប្បីប្រកាន់គោលជំហរគាំទ្រអភិក្រមដ៏ត្រឹមត្រូវសំដៅលើកកម្ពស់ការចរចាសន្តិភាព។ គប្បីជួយឱ្យភាគីជម្លោះអាចបើកទ្វារទទួលយកដំណោះស្រាយកាន់តែឆាប់តាមដែលអាចធ្វើទៅបាន។ និងគប្បីបង្កើតលក្ខខណ្ឌ និងក្របខណ្ឌសម្រាប់ការចរចាគ្នាឡើងវិញ។ ប្រទេសចិននឹងបន្តបំពេញតួនាទីបែបស្ថាបនានៅក្នុងបញ្ហានេះ។
៥- អំពីការដោះស្រាយវិបត្តិមនុស្សធម៌
ត្រូវលើកទឹកចិត្ត និងគាំទ្ររាល់ការដាក់ចេញវិធានការទាំងឡាយណាដែលអាចបានជាប្រយោជន៍ដល់ការដោះស្រាយវិបត្តិមនុស្សធម៌។ កិច្ចប្រតិបត្តិការមនុស្សធម៌នេះទៀតសោតគប្បីអនុវត្តស្របទៅតាមគោលការណ៍អព្យាក្រឹតឥតលម្អៀង។ ម៉្យាងទៀត បញ្ហាមនុស្សធម៌មិនគួរឡូកឡំជាមួយបញ្ហានយោបាយទេ។ ត្រូវធ្វើយ៉ាងណាការពារសុវត្ថិភាពជូនជនស៊ីវិលឱ្យខាងតែបាន ហើយគប្បីបង្កើតច្រករបៀងសម្រាប់ការជម្លៀសជនស៊ីវិលចេញពីតំបន់ជម្លោះ។ ចាំបាច់ត្រូវខិតខំបង្កើនការផ្ដល់ជំនួយមនុស្សធម៌ទៅកាន់តំបន់នានា, លើកកម្ពស់ស្ថានភាពមនុស្សធម៌ និងផ្ដល់ជំនួយបន្ទាន់ ប្រកបដោយសុវត្ថិភាព និងគ្មានការរារាំង ដោយឈរលើគោលការណ៍ធ្វើយ៉ាងណាទប់ស្កាត់មិនឱ្យកើតមានវិបត្តិមនុស្សធម៌ទ្រង់ទ្រាយធំ។ គប្បីគាំទ្រការបំពេញតួនាទីរបស់អង្គការសហប្រជាជាតិដើម្បីសម្របសម្រួលការបង្កើតច្រកផ្លូវដឹកជញ្ជូនជំនួយមនុស្សធម៌ទៅកាន់តំបន់មានជម្លោះ។
៦- អំពីការគាំពារជនស៊ីវិល និងឈ្លើយសឹក
ភាគីជម្លោះគប្បីគោរពឱ្យបានខ្ជាប់ខ្ជួនទៅតាមច្បាប់មនុស្សធម៌អន្តរជាតិ, គប្បីជៀសវាងការវា.យប្រ.ហារទៅលើជនស៊ីវិល ឬទីតាំងរបស់ជនស៊ីវិល, គប្បីគាំពារស្ត្រី កុមារ និងជនរងគ្រោះដទៃទៀតដោយសារជម្លោះប្រដាប់អាវុ.ធ, និងគប្បីគោរពសិទ្ធិជាមូលដ្ឋានរបស់ឈ្លើ.យសឹក។ ប្រទេសចិនគាំទ្រការដោះដូរឈ្លើ.យសឹករវាងភាគីរុស្ស៊ី និងភាគីអ៊ុយក្រែន និងអំពាវនាវឱ្យគ្រប់ភាគីសម្រួលលក្ខខណ្ឌល្អៗសម្រាប់បុព្វហេតុនេះ។
៧- អំពីការរក្សាសុវត្ថិភាពនៅរោងចក្រនុយក្លេអ៊ែរ
ប្រទេសចិនប្រឆាំងជំទាស់ទៅនឹងការវា.យប្រ.ហាររោងចក្រនុយក្លេអ៊ែរ ឬទីតាំងនុយក្លេអ៊ែរទាំងឡាយណាដែលប្រើប្រាស់នៅក្នុងគោលបំណងសន្តិភាព។ ប្រទេសចិនអំពាវនាវឱ្យគ្រប់ភាគីគោរពច្បាប់អន្តរជាតិ រួមទាំងអនុសញ្ញាស្ដីពីការធានាសុវត្ថិភាពនុយក្លេអ៊ែរផងដែរ។ ប្រទេសចិនអំពាវនាវឱ្យគ្រប់ភាគីជៀសវាងឱ្យខាងតែបាននូវការកើតមានឧបទ្ទវហេតុនុយក្លេអ៊ែរដោយសារស្នាដៃមនុស្ស។ ប្រទេសចិនគាំទ្រការបំពេញតួនាទីបែបស្ថាបនារបស់ទីភ្នាក់ងារអាតូមិចអន្តរជាតិ (អាយអេអ៊ីអេ) ដើម្បីលើកកម្ពស់សុវត្ថិភាព និងសន្តិសុខនៅលើទីតាំងនុយក្លេអ៊ែរដែលប្រើប្រាស់នៅក្នុងគោលបំណងសន្តិភាព។
៨- អំពីការកាត់បន្ថយហានិភ័យជាយុទ្ធសាស្ត្រ
មិនត្រូវប្រើប្រាស់អា.វុធនុយក្លេអ៊ែរ និងមិនត្រូវឱ្យមានសង្គ្រាមនុយក្លេអ៊ែរជាដាច់ខាត។ គប្បីប្រឆាំ.ងចំពោះការគំរា.មប្រើប្រាស់អាវុ.ធនុយក្លេអ៊ែរ និងប្រឆាំ.ងចំពោះការប្រើប្រាស់អាវុ.ធនុយក្លេអ៊ែរ។ ត្រូវតែទប់ស្កាត់ការរីកសាយភាយអា.វុធនុយក្លេអ៊ែរ ហើយត្រូវតែជៀសវាងមិនឱ្យកើតមានវិបត្តិនុយក្លេអ៊ែរ។ ប្រទេសចិនប្រឆាំងជំទាស់នឹងការស្រាវជ្រាវ ការអភិវឌ្ឍ និងការប្រើប្រាស់អា.វុធគីមី និងអា.វុធជីវសាស្ត្រពីសំណាក់ប្រទេសណាមួយ ទោះបីនៅក្នុងកាលៈទេសៈណាក៏ដោយ។
៩- អំពីការជួយសម្រួលការដឹកជញ្ជូនគ្រាប់ធញ្ញជាតិ
គ្រប់ភាគីចាំបាច់ត្រូវចូលរួមអនុវត្តឱ្យបានពេញទំហឹងប្រកបដោយប្រសិទ្ធភាពខ្ពស់ និងដោយឥរិយាបថឥតលម្អៀងនូវ «កិច្ចព្រមព្រៀងស្ដីពីការដឹកជញ្ជូនធញ្ញជាតិកាត់តាមច្រកសមុទ្រខ្មៅ» ដែលចុះហត្ថលេខាដោយប្រទេសរុស្ស៊ី តួកគី អ៊ុយក្រែន និងអង្គការសហប្រជាជាតិ។ គ្រប់ភាគីចាំបាច់ត្រូវគាំទ្រការបំពេញតួនាទីដ៏សំខាន់របស់អង្គការសហប្រជាជាតិនៅក្នុងបញ្ហានេះ។ ការដែលប្រទេសចិនបំផុសឱ្យមាន «កិច្ចសហការគ្នានៅក្នុងវិស័យសន្តិសុខស្បៀងសាកល» បានផ្ដល់ជាដំណោះស្រាយដ៏ល្អប្រសើរសម្រាប់ជួយស្រោចស្រង់វិបត្តិស្បៀងអាហារសាកល។
១០- អំពីការបញ្ចប់ការដាក់ទណ្ឌកម្មសេដ្ឋកិច្ចជាឯកតោភាគី
ការដាក់ទណ្ឌកម្មសេដ្ឋកិច្ចជាឯកតោភាគី និងការដាក់សម្ពាធជាអតិបរមា មិនអាចដោះស្រាយបញ្ហាបានទេ។ វិធានការទាំងនេះបានត្រឹមតែបង្កើតបញ្ហាថ្មីៗបន្ថែមទៀតប៉ុណ្ណោះ។ ប្រទេសចិនប្រឆាំងជំទាស់ទៅនឹងការដាក់ទណ្ឌកម្មជាឯកតោភាគីដែលមិនបានធ្វើឡើងនៅក្រោមក្របខណ្ឌរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ។ ប្រទេសដែលជាប់ពាក់ព័ន្ធនានាគប្បីឈប់អនុវត្តទាំងបំពាននូវការដាក់ទណ្ឌកម្មសេដ្ឋកិច្ចជាឯកតោភាគី និងការអនុវត្តច្បាប់ហួសព្រំដែនកំណត់ទៅលើប្រទេសដទៃ។ ធ្វើបែបនេះបានទើបអាចចូលរួមចំណែកនៅក្នុងការបន្ធូរបន្ថយវិបត្តិអ៊ុយក្រែន និងជួយបង្កលក្ខណៈឱ្យប្រទេសកំពុងអភិវឌ្ឍអាចរីកចម្រើនសេដ្ឋកិច្ច ហើយប្រជាជនមានជីវភាពរស់នៅកាន់តែប្រសើរ។
១១- អំពីការរក្សាលំនឹងសង្វាក់ឧស្សាហកម្ម និងផ្គត់ផ្គង់
គ្រប់ភាគីគប្បីខិតខំថែរក្សាឱ្យបានគង់វង្សនូវប្រព័ន្ធសេដ្ឋកិច្ចសាកលដែលនៅជាធរមាន ហើយគប្បីប្រឆាំងជំទាស់ទៅនឹងការយកសេដ្ឋកិច្ចសាកលធ្វើជាឧបករណ៍ ឬអា.វុធសម្រាប់បម្រើឱ្យនយោបាយផ្ទាល់ខ្លួន។ ចាំបាច់ត្រូវតែខិតខំរួមគ្នាដើម្បីបន្ធូរបន្ថយវិបត្តិដែលឡើងកម្ដៅខ្លាំង និងទប់ស្កាត់មិនឱ្យវិបត្តិនេះបន្ទច់បង្អាក់ដល់កិច្ចសហការជាអន្តរជាតិនៅក្នុងវិស័យថាមពល ហិរញ្ញវត្ថុ ស្បៀងអាហារ ពាណិជ្ជកម្ម និងដឹកជញ្ជូន។ ត្រូវខំទប់ស្កាត់មិនឱ្យវិបត្តិនេះប៉ះពាល់ខ្លាំងដល់ដំណើរការស្ដារសេដ្ឋកិច្ចសាកលឡើងវិញ។
១២- អំពីការលើកកម្ពស់ការស្ដារឡើងវិញតំបន់មានជម្លោះ
សហគមន៍អន្តរជាតិចាំបាច់ត្រូវដាក់ចេញវិធានការនានាសំដៅគាំទ្រការស្ដារឡើងវិញតំបន់ដែលមានជម្លោះ។ ប្រទេសចិនត្រៀមខ្លួនរួចជាស្រេចដើម្បីផ្ដល់ការគាំទ្រ និងត្រៀមដើរតួនាទីបែបស្ថាបនានៅក្នុងកិច្ចខិតខំប្រឹងប្រែងនេះ៕
ចែករំលែកព័តមាននេះ