ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ហ៊ាន​មែន​! បុរស​វៀតណាម​៣​នាក់ ប្រើ​ល្បិច​ចាប់​ជន​រង​គ្រោះ​មក​បង្ខាំង​ក្នុង​អគារ​ ដើម្បី​ជំរិត​ទារប្រាក់

1 ឆ្នាំ មុន
  • ព្រះសីហនុ

នគរបាល​បាន​ចាប់ខ្លួន​ជនជាតិ​វៀតណាម​ចំនួន​៣​នាក់ ដែល​ពាក់ព័ន្ធ​នឹង​បទល្មើស​បង្ខាំង​ជនជាតិ​វៀតណាម​ដូច​គ្នា ដើម្បី​

ខេត្ត​ព្រះ​សីហ​នុ ៖ នគរបាល​បាន​ចាប់ខ្លួន​ជនជាតិ​វៀតណាម​ចំនួន​៣​នាក់ ដែល​ពាក់ព័ន្ធ​នឹង​បទល្មើស​បង្ខាំង​ជនជាតិ​វៀតណាម​ដូច​គ្នា ដើម្បី​ជំរិត​ទារប្រាក់ ។

លោក​ឧត្តមសេនីយ៍ទោ ជួន ណា​រិ​ន្ទ ស្នងការ​នគរបាល​ខេត្ត បាន​ឲ្យ​ដឹង​ថា ជនសង្ស័យ​ទាំង​៣​នាក់​នេះ ត្រូវ​បាន​ចាប់ខ្លួន បន្ទាប់​ពី​ធ្វើ​សកម្មភាព​ល្មើសច្បាប់​កាលពី​ថ្ងៃ​ទី​១០ ខែកុម្ភៈ ឆ្នាំ​២០២៣ កន្លង​ទៅ​។ ជាមួយនឹង​ការ​ចាប់​ឃាត់ខ្លួន​នេះ​ដែរ ដោយ​មានការ​សម្របសម្រួល​ផ្លូវច្បាប់​ពី​លោក ពេញ ពិសិដ្ឋ ព្រះរាជអាជ្ញា​រង នៃ​អយ្យការ​អម​សាលាដំបូង​ខេត្ត សមត្ថកិច្ច​ក៏​រំដោះ​បាន​ជន​រង​គ្រោះ​ចំនួន​៣​នាក់ ដែល​ក្រុម​ជនសង្ស័យ​ចាប់​បង្ខាំង​ទុក​នៅ​ក្នុង​អគារ​មួយ នៅ​ចំណុច​បុរី BS​អូរ​១ ស្ថិត​ភូមិ​៥ សង្កាត់​លេខ​៤ ក្រុងព្រះសីហនុ ។

បើ​តាម​លោកស្នងការ បាន​ថ្លែង​ថា ជន​រង​គ្រោះ​ទាំង​៣​នាក់​ចូល​មក​ប្រទេស​កម្ពុជា​តាម​ម៉ូតូ ដោយ​មាន​អ្នក​ជូន​មក​តាម​ច្រករបៀង ក្នុង​ក្រុង​បា​វិត និង​គ្មាន​លិខិតឆ្លងដែន​អ្វី​ទាំងអស់ កាលពី​ថ្ងៃ​ទី​១០ កុម្ភៈ ២០២៣ ហើយ​ជិះ​តាក់ស៊ី​បន្ត​ឆ្ពោះ​មក​ខេត្ត​ព្រះ​សីហ​នុ ក៏​ត្រូវ​ក្រុម​ជនសង្ស័យ​ចាប់​បង្ខាំង​ជំរិត​ទារប្រាក់​តែ​ម្តង​។

ហើយ​ជនសង្ស័យ​ជា​ជនជាតិ​វៀតណាម​ទាំង​៣​នាក់​ខាងលើ ដែល​ត្រូវ​បាន​សមត្ថកិច្ច​ចាប់​ឃាត់ខ្លួន​នេះ រួម​មាន ៖ ១- ឈ្មោះ Nguyen Van Phuong ភេទ​ប្រុស អាយុ​១៩​ឆ្នាំ គ្មាន​លិខិតឆ្លងដែន មុខរបរ​ជាងកាត់សក់ ចេះ​និយាយ​ភាសា​ខ្មែរ និង​ជា​អ្នកយាម​ជន​រង​គ្រោះ​ក្នុង​បន្ទប់​។​២- ឈ្មោះ Vo Hong Quan ភេទ​ប្រុស អាយុ​២៤​ឆ្នាំ គ្មាន​លិខិតឆ្លងដែន មុខរបរ​ជាងកាត់សក់​ចល័ត ជា​អ្នកគ្រប់គ្រង​លើ​ជន​រង​គ្រោះ ហើយ​ចូល​មក​ប្រទេស​កម្ពុជា​តាម​ច្រករបៀង​ក្នុង​ក្រុង​បា​វិត តាម​រយៈ​ម៉ូតូឌុប ។ និង​៣- ឈ្មោះ Doan Quoc ភេទ​ប្រុស អាយុ​២៤​ឆ្មាំ មុខរបរ​រត់​តាក់ស៊ី ជា​មេការ​ចាត់ចែង​រៀបចំ​រក​កន្លែង​បង្ខាំង​ជន​រង​គ្រោះ និង​ជា​អ្នក​ចែក​ប្រាក់​ដល់​សមាជិក​ក្រុម ។

តាម​ចម្លើយ​សារភាព​របស់​ឈ្មោះ Doan Quoc បាន​ឲ្យ​សមត្ថកិច្ច​ដឹង​ទៀត​ថា ចាប់តាំងពី​ខែធ្នូ ឆ្នាំ​២០២២​មក រូបគេ​បាន​ស្គាល់ឈ្មោះ Hung ភេទ​ប្រុស ជនជាតិ​វៀតណាម តាម​រយៈ​លេខ​ទូរស័ព្ទ​ក្នុង​ពេល​រត់​តាក់ស៊ី ហើយ​រូបគេ​ជា​អ្នក​ចាំ​ទទួលភ្ញៀវ​ដែល​ឈ្មោះ Hung ឲ្យ​មក​ពី​ប្រទេស​វៀតណាម ដើម្បី​មក​រក​ការងារ​ធ្វើ​នៅ​ខេត្ត​ព្រះ​សីហ​នុ​។

ប្រភព​ដដែល​បន្ត​ថា កន្លង​មក ពួក​គេ​ធ្លាប់​ធ្វើ​សកម្មភាព​ជំរិត​ទារប្រាក់​ចំនួន​២​ករណី មាន​ជន​រង​គ្រោះ​ចំនួន​៤​នាក់ ហើយ​ឈ្មោះ Hung បាន​ឲ្យ​ប្រាក់​មក​ខ្លួន (Doan Quoc) ចំនួន ១.៨០០​ដុល្លារ និង​ឈ្មោះ Vo Hong Quan បាន​ចំនួន​៤០០​ដុល្លារ​។ ប៉ុន្តែ​ពួក​គេ​មិន​បានដឹង​ថា ឈ្មោះ Hung ទទួល​បាន​ប្រាក់​ពី​ក្រុម​គ្រួសារ​ជន​រង​គ្រោះ​ចំនួន​ប៉ុន្មាន​ឡើយ​។

ប្រភព​ពី​សមត្ថកិច្ច​ឲ្យ​ដឹង​ទៀត​ថា ជាមួយនឹង​ការ​ចាប់​ឃាត់ខ្លួន​នេះ សមត្ថកិច្ច​ក៏​ចាប់​យក​វត្ថុ​តាង​រួម​មាន ៖ ខ្នោះ​១, ពិល​ឆក់​២, ដំបង​ឆក់​១, រថយន្ត​ព្រួស​១​គ្រឿង ពណ៌​ទឹកប្រាក់ ពាក់​ផ្លា​ក​លេខ ភ្នំពេញ ២BH-៣៩៦១, ទូរស័ព្ទ​ដៃ​៤​គ្រឿង និង​លិខិតឆ្លងដែន​១​ច្បាប់ ។

ក្រោយ​ចាប់ខ្លួន និង​សួរនាំ​រួច ជនសង្ស័យ​ខាងលើ​ត្រូវ​បាន​សមត្ថកិច្ច​បញ្ជូន​ទៅ​កាន់​អធិការដ្ឋាន​នគរបាល​ក្រុងព្រះសីហនុ ដើម្បី​ធ្វើការ​ស្រាវជ្រាវ​រក​បក្សពួក​បន្ត​ទៀត និង​រៀបចំ​កសាង​សំណុំរឿង​បញ្ជូន​ទៅ​សាលាដំបូង​ខេត្ត​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ