ខេត្តសៀមរាប ៖ ប្រភេទដំណាំវល្លិ៍ដែលគេហៅថា«វ៉ាន់នីឡា»ដែលភាគច្រើនគេយកទៅប្រើប្រាស់ដាក់ក្នុងភេសជ្ជៈ និងគ្រឿងសម្អាងការបានបង្ហាញវត្តមាននៅទឹកដីខេត្តសៀមរាប ហើយសង្ឃឹមនឹងទទួលជោគជ័យដែលប្រភេទដំណាំនេះអាចនឹងទទួលបានចំណូលច្រើននៅពេលប្រមូលផល ខណៈទីផ្សារបានកំពុងត្រូវការ។ នេះបើតាមការការបញ្ជាក់របស់អ្នកជំនាញ។

ខណៈកំពុងចង្អុលបង្ហាញពីការលូតលាស់ដើមវ៉ាន់នីឡាលោក ចន្ធី សុមេត្រា ប្រធានការិយាល័យជីវៈសុវត្ថិភាពនៃក្រសួងបរិស្ថានបាន បញ្ជាក់ឲ្យដឹងថា ដំណាំវ៉ាន់នីឡាដែលយកមកដាំនៅក្នុងមជ្ឈមណ្ឌលកេសកូលសុខអាន ភ្នំគូលែនមានបីប្រភេទ ហើយត្រូវបានគេយកទៅប្រើប្រាស់នៅក្នុងវិស័យភេសជ្ជៈការ៉េម គ្រឿងសម្អាងការ និងសូកូឡាវ៉ាន់នីឡាជាដើម។
លោកបញ្ជាក់ថា ៖«សម្រាប់វ៉ាន់នីឡានៅមជ្ឈមណ្ឌលកេសរកូលសុខអាននេះយើងបានដាំសាកល្បង បន្ទាប់ពីរដ្ឋមន្ត្រីក្រសួងបរិស្ថានអនុញ្ញាត។ យើងដាក់នៅទីនេះមានបីប្រភេទ គឺប្រភេទតៃគី ប្រភេទម៉ាដាហ្កាស្យា និងប្រភេទប៉ុនកូណា»។

បើតាមការអះអាងរបស់លោក ចន្ធី សុមេត្រាថា ដំណាំងវ៉ាន់នីឡាទាំងបីប្រភេទដែលដាំនេះនឹងផ្តល់ទិន្នផលខ្ពស់ និងអាចទាញយកប្រភពចំណូលពីវាបានច្រើន។លោកក៏បានគូសបញ្ជាក់ទៀតថា ៖«បើតាមការគណនាពីអ្នកជំនាញផ្នែកដាំដុះ និងទទួលជោគជ័យអះអាងថា ទំហំដីដែលកំពុងដាំមានជាង១៥ដើមនេះ គឺមួយឆ្នាំយើងអាចទាញយកចំណូលបានប្រហែលជាង៥០០០ពាន់ដុល្លារ ខណៈតែ២ផ្លែលក់ក្នុងតម្លៃប្រមាណ១០ដុល្លារឯណ្ណោះ»។
លោក សុមេត្រា បានអះអាងថា ការដាំដំណាំវ៉ាន់នីឡានៅមជ្ឈមណ្ឌលកេសរកូលសុខអានភ្នំកូលែន គឺអាចទទួលបានជោគជ័យហើយដោយសារនៅតំបន់នេះមានអាកាសធាតុ និងភូមិសាស្ត្រល្អ អំណោយផលដែលអាចពង្រាយពូជបន្ថែមបាន។វ៉ាន់នីឡាជាប្រភេទដំណាំវល្លិ៍ ដែលគេកាត់យកមកដាំ រួចហើយដាក់ទ្រើង ដាក់ជី ដោយរៀបចំប្រព័ន្ធទឹកតាមបច្ចេកទេសក្បូនខ្នាតត្រឹមត្រូវ។

លោកសុមេត្រាសង្កត់ធ្ងន់ថា៖«នៅថ្ងៃអនាគតយើងដាំពង្រាយទីតាំងនៅកន្លែងផ្សេងទៀត ដើម្បីបង្កើនចំណូលសម្រាប់មជ្ឈមណ្ឌលបន្ថែមផងដែរ។យើងដាំ ដើម្បីយកចំណូល ដើម្បីទ្រទ្រង់មជ្ឈមណ្ឌល និងចែកជូនប្រជាពលរដ្ឋចង់ដាំដែរវា»។ «ទោះបីជាមានភាពមិនងាយស្រួលក្នុងដាំក្តី ដំណាំវ៉ាន់នីឡានេះត្រូវបានអ្នកជំនាញអះអាងថាបន្ទាប់ពីដាំបានជាង១ឆ្នាំមកហើយ វ៉ាន់នីឡាដែលមានភាពលដុះល្អអាចនឹងទទួលផល នៅឆ្នាំក្រោយផងដែរ»។ នេះបើតាមការបញ្ជាក់បន្ថែមរបស់លោក សុមេត្រា។
លោកលើកឡើងទៀតថា ៖វ៉ាន់នីឡានេះមានភាពសាំញាំស្មុគស្មាញបន្តិច ទាមទារឲ្យមានជំនាញច្បាស់លាស់ គឺបើយើងដាំល្អហើយ គឺយើងទម្លាក់ដើមទងវាចុះក្រោម និងបង្អត់ទឹកមួយរយៈទើបវាខិតខំងើប និងចេញផ្កាផ្លែដើម្បីទ្រទ្រង់វា។លក្ខណៈបច្ចេកទេស គឺយើង ដាក់សំណាញ់ខាងលើក ដើម្បីឲ្យវាតោងចេញផ្លែផ្កា។

លោក សុមេត្រាបានបន្ថែមថា ដំណាំវ៉ាន់ នីឡានៅលើទីផ្សារក្នុងមួយគីឡូក្រាមចាប់ពី៥០០ដុល្លារទៅ៧០០ដុល្លារ តាមប្រភេទវា។ ដំណាំវ៉ាន់នីឡាមានការដាំដុះសាំញាំចាប់ពីដំបូងឡើងរហូតដល់ផ្កាផ្លែ ក្នុងនោះគ្រាន់តែផ្កាវាក៏ផ្កាពេលព្រឹក ហើយត្រូវការជំនួយក្នុងការដាក់កេសរកូល ភ្ជាប់គ្នារហូតដល់ចេញផ្លែត្រូវមានការថែទាំ រហូតដល់ពេលបេះប្រមូល ផល គឺត្រូវយកទៅធ្វើការសម្ងួតតាមលក្ខខណៈបច្ចេកទេស។
លោក សុមេត្រា អះអាងទៀតថា នៅកន្លែងដែលគេដាំដំណាំវ៉ាន់នីឡា ទទួលជោគជ័យ គឺដើមវាបានចេញផ្កាច្រើន ហើយផ្លែរបស់កាន់ច្រើនផងដែរ។ លោកលើកឡើងថា តាមសភាពការណ៍នៃការលូតលាស់របស់វ៉ាន់នីឡានៅមជ្ឃមណ្ឌលកេរសកូលសុខអានភ្នំគូលែននេះ បើ តាមអ្នកជំនាញថា តាមការលូតលាស់នោះដំណាំនេះនឹងទទួលជោគនៅពេលខាងមុខ។
ក្នុងឱកាសនោះដែរ លោក ចន្ធី សុមេត្រាឲ្យដឹងថា តាមអ្នកជំនាញមកសិក្សាវ៉ាន់នីឡានៅលើទីផ្សារតម្រូវការច្រើន ហើយបើប្រៀបធៀបវ៉ាន់នីឡាដែលដាំនៅក្នុងប្រទេសកម្ពុជា ជាមួយវ៉ាន់នីឡានៅក្រៅប្រទេស គឺមិនខុសគ្នានោះដែរ ដោយសារពូជដែលយកមកដាំគឺ មិនខុសគ្នានោះទេ៕
ចែករំលែកព័តមាននេះ