រាជធានីភ្នំពេញ ៖ បន្ទាប់ពីផ្ទុះការរិះគន់យ៉ាងចាស់ដៃពីអ្នកប្រើប្រាស់បណ្តាញសង្គមហ្វេសប៊ុស ជុំវិញករណីមន្ត្រីនគរបាលចរាចរណ៍យកជើងទៅធា.ក់រថយន្តមួយគ្រឿង ដែលកំពុងបើកបរនៅលើដងផ្លូវ នៅមិនទាន់ដឹងការពិតទេ ប៉ុន្តែពេលនេះអ្នកនាំពាក្យស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញបានបកស្រាយបំភ្លឺហើយ។
កាលពីពេលថ្មីៗនេះ មានករណីរថយន្តការមីបាឡែន ពណ៌ស១គ្រឿង បានព្យាយាមបើកគេចសមត្ថកិច្ចនគរបាលចរាចរណ៍ជាច្រើននាក់ បើទោះបីជាសមត្ថកិច្ចឈរកាក់ឃាត់ឲ្យឈប់យ៉ាងណាក៏ដោយក៏អ្នកបើកបររថយន្តនោះនៅតែបន្ថែមល្បឿនវ៉ាជែងរថយន្តមួយទៅរថយន្តមួយ ដើម្បីគេចពីផាកពិន័យរបស់មន្ត្រីនគរបាលចរាចរណ៍ដដែល។
សកម្មភាពនេះត្រូវបានថតជាប់ដោយកាមេរ៉ាសុវត្ថិភាព និងត្រូវបានគេបង្ហោះចែកចាយលើបណ្តាញសង្គម ដោយបង្ហាញពីសកម្មភាពល្មើលច្បាប់របស់អ្នកបើកបររថយន្តកាមរីបាឡែនខាងលើ មិនខ្លាចញញើតមន្ត្រីអនុវត្តច្បាប់ ដោយបើកបរក្នុងល្បឿនលឿនវេះនឹងបុកមន្ត្រីចរាចរណ៍ដែលឈរជើងអនុវត្តច្បាប់នៅចំណុចភ្លើងស្តុបបូកគោ។
ទោះបីជាយ៉ាងណាក៏ដោយ ក្នុងសកម្មភាពនេះមានមន្ត្រីនគរបាលចរាចរណ៍មួយរូបបានគេចពីរថយន្តខាងលើហើយបានយកជើងទាក់កង់រថយន្ត ប៉ុន្តែនៅតែមិនអាចឃាត់រថយន្តនោះឲ្យឈប់បាន។
ពាក់ព័ន្ធនឹងករណីល្មើសច្បាប់ចរាចរណ៍របស់អ្នកបើកបររថយន្តកាមរីបាឡែនខាងលើនេះ លោកវរសេនីយ៍ឯក សាន សុខសីហា អ្នកនាំពាក្យស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញប្រាប់ឲ្យ 60Buzz ដឹងថា ករណីនេះ គឺជាករណីខុសច្បាប់ ដោយរថយន្តខាងលើនេះបើកបរល្មើសច្បាប់ភ្លើងស្តុបពណ៌ក្រហម ហើយនៅពេលដែលសមត្ថកិច្ចនគរបាលចរាចរណ៍គោលដៅបានឃាត់រថយន្តនេះបានឈប់ បន្ទាប់មកក៏បានបើករឺយ៉ែរគេច បន្ទាប់មកក៏បានបើករកបុកសមត្ថកិច្ច និងបានបើកគេចពីសមត្ថកិច្ចយ៉ាងលឿនចេញពីកន្លែងគោលដៅចរាចរណ៍តែម្តង។
អ្នកនាំពាក្យរូបនេះបានបន្ថែមថា ពេលនេះសមត្ថកិច្ចកំពុងធ្វើការស្រាវជ្រាវស្វែងរកមុខអ្នកបើកបររថយន្តនេះជាអ្នកណា ដើម្បីបន្តតាមនីតិវិធីច្បាប់។ដោយឡែកចំពោះមន្ត្រីនគរបាលចរាចរណ៍ដែលយកជើងទៅធា.ក់រថយន្តដោយសារតែកំហឹងនោះ លោកវរសេនីយ៍ឯក សាន សុខសីហា បានបញ្ជាក់ថា លោកបានហៅមន្ត្រីនគរបាលរូបនោះមកណែនាំទោះបីក្នុងកាលៈទេសៈណាក៏ដោយ គឺត្រូវឲ្យគាត់អនុវត្តច្បាប់ឲ្យបានត្រឹមត្រូវ ដាច់ខាត គឺមិនត្រូវប្រើកាយវិការមិនសមរម្យក្នុងពេលបំពេញតួនាទីនោះទេ៕
ចែករំលែកព័តមាននេះ