ទីក្រុងម៉ានីឡា៖ អនុប្រធានាធិបតីហ្វ៊ីលីពីន លោកស្រីសារ៉ា ឌូតឺតេ ដែលត្រូវជាកូនស្រីរបស់លោកឌូតឺតេ ថ្លែងថាបើសិនលោកស្រីត្រូវគេលបធ្វើឃាត លោកម៉ាកូសក៏មានជោគវាសនាដូចគ្នា។ ថ្ងៃនេះ កងសន្តិសុខជាតិហ្វ៊ីលីពីនចាប់ផ្ដើមពង្រឹងសុវត្ថិភាពជូនថ្នាក់ដឹកនាំកាន់តែខ្លាំងបន្ទាប់ពីលោកស្រីសារ៉ាបង្ហើបឱ្យដឹងពីគម្រោងធ្វើឃាតលោកម៉ាកូស។
លោកស្រីសារ៉ាថ្លែងថាបើលោកស្រីយ៉ាងម៉េចយ៉ាងម៉ាទៅ លោកម៉ាកូសក៏មានជោគវាសនាដូចគ្នាព្រោះលោកស្រីបានផ្ដាំគេទុកតាំងពីយូរមកហើយ។ នៅពេលមានទំនាស់គ្នាកាន់តែខ្លាំងលោកស្រីសារ៉ា និងលោកម៉ាកូស ដែលធ្លាប់ជាសម្ព័ន្ធមិត្តនឹងគ្នា ហើយក្រោយក្លាយជាសត្រូវនឹងគ្នានោះ លោកស្រីសារ៉ាថ្លែងនៅក្នុងសន្និសីទសារព័ត៌មានថាលោកស្រីបានប្រាប់ពេជ្ឈឃាត និងប្រាប់ឱ្យត្រៀមធ្វើឃាតលោកម៉ាកូស, ប្រពន្ធរបស់គាត់ និងប្រធានរដ្ឋសភាបើលោកស្រីត្រូវគេលួចធ្វើឃាត។
លោកស្រីថ្លែងថានេះមិនមែនជាការនិយាយលេងសើចទេ។ លោកស្រីបានបង្គាប់ឱ្យគេធ្វើឃាតលោកម៉ាកូសមែន។ លោកស្រីប្រាប់ម្នាក់នោះថា «បើលោកស្រីស្លាប់បាត់ទៅ អ្នកឯងត្រូវតែសម្លាប់ម៉ាកូស, ជំទាវទី១ និងប្រធានរដ្ឋសភាចោលភ្លាម។ លោកស្រីប្រាប់ថាត្រូវតែព្យាយាមធ្វើឃាតពួកគេឱ្យបាន។ បុរសនោះបានសន្យាចំពោះលោកស្រីថាខ្លួននឹងធ្វើតាមបង្គាប់»។
ការថ្លែងដូច្នេះតបទៅនឹងអ្នកបញ្ចេញមតិ (comment) ម្នាក់តាមបណ្ដាញសង្គមដែលជំរុញឱ្យលោកស្រីខិតខំថែរក្សាសុវត្ថិភាពផ្ទាល់ខ្លួន។ លោកស្រីថ្លែងថាលោកស្រីស្ថិតនៅក្នុងតំបន់របស់សត្រូវនៅពេលស្ថិតនៅក្នុងបន្ទប់រដ្ឋសភារហូតដល់យប់ជ្រៅជាមួយប្រធានបុគ្គលិក។ ពេលនោះ លោកស្រីមិនបានបញ្ជាក់ថាមានគេគំរាមកំហែងចំពោះជីវិតរបស់លោកស្រីទេ។
ទីភ្នាក់ងារសន្តិសុខរបស់លោកម៉ាកូសថ្លែងថាខ្លួនបានពង្រឹងកម្លាំង និងសហការគ្នាជិតស្និទ្ធជាមួយសមត្ថកិច្ចដើម្បីកំណត់មុខសញ្ញា និងទប់ស្កាត់រាល់ការគំរាមកំហែងចំពោះអាយុជីវិតរបស់លោកម៉ាកូស និងក្រុមគ្រួសាររបស់គាត់។ អគ្គស្នងការនគរបាលជាតិហ្វ៊ីលីពីនថ្លែងថាលោកបានចេញបញ្ជាឱ្យស៊ើបអង្កេតជាបន្ទាន់នៅក្នុងសំណុំរឿងនេះ។ លោកថាយើងត្រូវតែចាត់វិធានការយ៉ាងក្ដៅគគុកចំពោះរឿងនេះទោះបីជាការគំរាមដោយផ្ទាល់ក្ដី ឬមិនផ្ទាល់ក្ដីចំពោះអាយុជីវិតលោកម៉ាកូស។
អ្នកសារព័ត៌មានព្យាយាមទាក់ទងទៅខុទ្ទកាល័យរបស់លោកស្រីសារ៉ាដើម្បីស្នើសុំការឆ្លើយបំភ្លឺ។ ប៉ុន្តែគ្មានចម្លើយតបទេ។ អ្នកវិភាគយល់ថាទោះបីលោកស្រីសារ៉ាប្រើប្រាស់ភាសាធ្ងន់ៗប្រមាថកាតទានដល់អាយុជីវិតរបស់លោកម៉ាកូសដល់កម្រិតនេះក៏ដោយ ក៏ទំហំនៃការគាំទ្ររបស់លោកស្រីមិនធ្លាក់ចុះទេ។ ពោលគឺមិនខុសពីឪពុករបស់លោកស្រីដែលចូលចិត្តបំផ្លោងវោហារសាស្ត្រដោយមិនចាំបាច់ខ្វាយខ្វល់អ្វីទាំងអស់។
សូមរំលឹកថាលោកស្រីសារ៉ាប្រកាសលាលែងពីគណៈរដ្ឋមន្ត្រីរបស់លោកម៉ាកូសកាលពីខែមិថុនា ឆ្នាំ២០២៤។ ប៉ុន្តែលោកស្រីនៅតែរក្សាតំណែងជាអនុប្រធានាធិបតីដដែល។ នៅហ្វ៊ីលីពីន ប្រធានាធិបតី និងអនុប្រធានាធិបតីជាអំណាចឯករាជ្យពីគ្នា និងដាច់ដោយឡែកពីគ្នាព្រោះពួកគេត្រូវបានបោះឆ្នោតជ្រើសរើសដោយផ្ទាល់ពីប្រជាជនម្ចាស់ឆ្នោត។ មានន័យថានៅពេលបោះឆ្នោតមានបញ្ជីឈ្មោះបេក្ខជនប្រធានាធិបតីផ្សេង និងបេក្ខជនអនុប្រធានាធិបតីផ្សេងសម្រាប់ប្រជាជនជ្រើសរើស។
ដូច្នេះ គ្មាននរណារណបនរណាទេ។ លោកស្រីសារ៉ា និងលោកម៉ាកូស មុនដំបូងជាសម្ព័ន្ធមិត្តនឹងគ្នា។ ប៉ុន្តែក្រោយមកក្លាយជាគូបដិបក្សដ៏ល្វីងជូរចត់ដោយសារពួកគេធ្វើការមិនត្រូវគ្នា។ ជាពិសេស គោលជំហរនៅក្នុងនយោបាយការបរទេស។ លោកម៉ាកូសមានជំហរប្រឆាំងនឹងប្រទេសចិន ហើយចង់ងាកទៅខាងបស្ចិមប្រទេស។ ចំណែកលោកស្រីសារ៉ា និងឪពុករបស់លោកស្រីមិនដល់ថ្នាក់ទៅរណបចិនទេ ប៉ុន្តែមិនចង់បង្កបញ្ហា ឬជម្លោះជាមួយចិន។ ចំណុច១ទៀតពាក់ព័ន្ធនឹងសំណុំរឿងបង្ក្រាបគ្រឿងញៀនដែលស្លាប់មនុស្សជាច្រើននាក់កាលពីជំនាន់លោកឌូតឺតេកាន់អំណាចក៏ជាប្រភពនៃការបែកបាក់គ្នាផងដែរ៕
ចែករំលែកព័តមាននេះ