រាជធានីភ្នំពេញ ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានគូសបញ្ជាក់ថា កម្ពុជាបានក្លាយជាតួអង្គមួយដ៏សកម្មក្នុងការលើកកម្ពស់យន្តការពហុភាគី និយម និងសណ្តាប់ធ្នាប់អន្តរជាតិដែលផ្អែកលើច្បាប់។
សម្តេចបវរធិបតីនាយករដ្ឋមន្ត្រីសបញ្ជាក់បែបនេះ ក្នុងឱកាសអញ្ជើញបិទមហាសន្និបាត ICAPP លើកទី១២ ស្តីពីសន្តិភាព និងការផ្សះផ្សា នៅវិមាន៧មករា រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២៤។
សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងបញ្ជាក់ថា៖ «កម្ពុជាបានក្លាយជាតួអង្គមួយដ៏សកម្មក្នុងការលើកកម្ពស់យន្តការពហុភាគីនិយម និងសណ្តាប់ធ្នាប់អន្តរជាតិដោយផ្អែកលើច្បាប់។ នៅក្នុងចំណោមព្រឹត្តិការណ៍ផ្សេងៗទៀត មានការជោគជ័យនៃអង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា ហៅកាត់ថា ECCC ឬហៅថា សាលាក្តីខ្មែរក្រហមនោះបានផ្តល់យុត្តិធម៌សម្រាប់ជនរួមជាតិដែលបានស្លាប់ និងសន្តិភាពសម្រាប់អ្នករស់នៅមានជីវិត» ។
សម្តេចបវរធីបតីបានបន្តថា កម្ពុជាក៏មានតួនាទីក្នុងការថែរក្សាសន្តិភាពក្នុងសកលលោក និងការដោះមីនដែលស្ថិតក្នុងក្រោមឆ័តរបស់អង្កការសហប្រជាជាតិ(UN) បានឆ្លុះបញ្ចាំងពីភាពធន់របស់កម្ពុជា ក្នុងការប្រឈមមុខជាមួយអតីតកាលដ៏លំបាក និងកំណត់បទដ្ឋានប្រឆាំង អំពើឃោរឃៅ និងឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិនៅពេលអនាគត ព្រមទាំងការផ្លាស់ប្តូរកម្ពុជា ពីជនរងគ្រោះក្លាយជាអ្នកការពារសន្តិភាពដ៏សកម្មនិងជាប្រទេសរំដោះមីនដែលពិភពលោកទទួលស្គាល់។
សម្តេចបវរធិបតី ហ៊ុន ម៉ាណែតបានលើកឡើងផងដែរថា បទពិសោធន៍របស់កម្ពុជាបានបង្ហាញថា ជម្លោះអាចបញ្ចប់បាន យុត្តិធម៌អន្តរកាលអាចសម្រេចបាន ហើយតំបន់សង្គ្រាមក្លាយជា តំបន់សន្តិភាព ព្រមទាំងសហការ។
សម្តេចបវរធិបតីនាយករដ្ឋមន្ត្រីបានអះអាងថា ទាំងអស់នេះដែលសម្រេចបានលុះត្រាតែការខិតខំប្តេជ្ញា ឆ្ពោះទៅរកការផ្សះផ្សា តាមនយោបាយ ឈ្នះ ឈ្នះ ទាំងសងខាង។
សម្តេចបវរធិបតីបានបន្ថែមថា៖ «នៅពេលដែលយើងក្រឡេកមើលពីប្រវត្តិសាស្ត្ររបស់កម្ពុជា យើងឃើញ ថាមិនមែនជាការទទួលសុខត្រូវរបស់ប្រទេសណាមួយនោះទេ ពោលគឺជាការកិច្ចការរួមគ្នា ។ ដូច្នេះ យើងសូមអំពាវនាវដល់គ្រប់ស្ថាប័ន គ្រប់បុគ្គលទាំងអស់រួមគ្នារក្សា និងស្វែងរកសន្តិភាពទាំងអស់គ្នា»៕
ចែករំលែកព័តមាននេះ