រាជធានីភ្នំពេញ ៖ គណៈកម្មាធិការអចិន្ត្រៃយ៍ ICAPP លើកទី៤២ ដែលបានអនុម័តក្នុងអំឡុងពេលមហាសន្និបាតលើកទី១២ របស់ ICAPP បានប្រកាសជាផ្លូវការ នៅថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២៤ នូវការសម្រេចចិត្តប្រគល់ «ពានរង្វាន់សតវត្សអាស៊ី ICAPPជូនដល់ថ្នាក់ដឹកនាំឆ្នើមចំនួន៥រូបរបស់ ICAPP ។
យោងតាមសេចក្តីប្រកាសព័ត៌មានរបស់គណបក្សប្រជាជនកម្ពុជាស្តីពីលទ្ធផលនៃមហាសន្និបាតសន្និសីទអន្តរជាតិនៃបណ្ដាគណបក្សនយោបាយនៅអាស៊ីលើកទី១២ (ICAPP 12) ពីថ្ងៃទី២១-២៣ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅរាជធានីភ្នំពេញ បានបញ្ជាក់ថ្នាក់ដឹកនាំឆ្នើមទាំង៥រូបនោះរួមមាន ៖ ទី១.សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ,២. ឯកឧត្តម José de Venecia ប្រធានស្ថាបនិក ICAPP និងជាអតីតប្រធានគណៈកម្មាធិការអចិន្ត្រៃយ៍ ICAPP ,៣.សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត, ៤.ឯកឧត្តម Chung Eul-yongនិង ទី៥. ឯកឧត្តម Mushahid Hussain Sayed ។
សេចក្ដីប្រកាសព័ត៌មានសង្កត់ធ្ងន់ថា «ពានរង្វាន់ដ៏មានកិត្យានុភាព គឺជាសក្ខីភាពមួយសម្រាប់ការទទួលស្គាល់ និងការគោរពចំពោះការចូលរួមចំណែកដ៏ធំធេងរបស់ថ្នាក់ដឹកនាំឆ្នើមក្នុងការពង្រឹងសាមគ្គីភាព និងកិច្ចសហប្រតិបត្តិការផ្នែកនយោបាយ ក្នុងចំណោមសមាជិកជាគណបក្សនយោបាយ និងដៃគូរបស់ ICAPP មកពីជុំវិញពិភពលោកក្នុងកិច្ចខិតខំប្រឹងប្រែងឆ្ពោះទៅរកសន្តិភាព សន្តិសុខ និងវិបុលភាពសម្រាប់ប្រជាជន»។
សូមរំលឹកថា គណបក្សប្រជាជនកម្ពុជាបានទទួលធ្វើជាម្ចាស់ផ្ទះរៀបចំព្រឹត្តិការណ៍មហាសន្និបាតសន្និសីទអន្តរជាតិនៃបណ្តាគណបក្ស នយោបាយនៅអាស៊ី (ICAPP) លើកទី១២ លើប្រធានបទ «ការស្វែងរកសន្តិភាព និងការផ្សះផ្សា» និងកិច្ចប្រជុំពាក់ព័ន្ធ ចាប់ពីថ្ងៃទី២១ ដល់ថ្ងៃទី២៣ ខែវិច្ឆិកា ដែលកិច្ចប្រជុំនេះ គឺជាព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រ ប្រកបដោយកិត្តិយសដ៏ឧតុង្គឧត្តមសម្រាប់កម្ពុជា ។
កម្ពុជាបានរួមចំណែកក្នុងការងារនានារបស់ ICAPP ក្នុងកិច្ចសហប្រតិបត្តិការរបស់ខ្លួន សំដៅឆ្ពោះទៅរកការកសាង ពិភពលោកមួយដែលមានសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍ ។ កម្ពុជាបានចូលរួមចំណែកនៅក្នុងកិច្ចសហប្រតិបត្តិការសន្តិសុខ សហប្រតិបត្តិការពហុភាគី ទ្វេភាគី និងសេដ្ឋកិច្ចសង្គមជាដើម ។ កម្ពុជាក៏បានជួយជំរុញឧត្តមគតិដ៏សំខាន់បំផុត របស់ ICAPP គឺការជួយជំរុញការយោគយល់គ្នា ទៅវិញទៅមក រវាងគណបក្ស នយោបាយនានា ៕
ចែករំលែកព័តមាននេះ