ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្ពុជា នឹងបន្តអនុវត្តនយោបាយការបរទេស​ឯករាជ្យ និងផ្អែកលើច្បាប់

1 ឆ្នាំ មុន
  • ភ្នំពេញ

ភ្នំពេញ៖ លោក​ឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន បានសង្កត់ធ្ងន់ថា «កម្ពុជា នឹងបន្តអនុវត្ត​នយោបាយ​ការបរទេសឯករាជ្យ និងផ្អែកលើច្បាប់ ដែលការពារផលប្រយោជន៍ស្នូល ធានា​អធិបតេយ្យភាព សន្តិភាព…

ភ្នំពេញ៖ លោក​ឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន បានសង្កត់ធ្ងន់ថា «កម្ពុជា នឹងបន្តអនុវត្ត​នយោបាយ​ការបរទេសឯករាជ្យ និងផ្អែកលើច្បាប់ ដែលការពារផលប្រយោជន៍ស្នូល ធានា​អធិបតេយ្យភាព សន្តិភាព និងជំរុញទំនាក់ទំនងសេដ្ឋកិច្ច»។

លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញធ្វើបទបង្ហាញជូនគណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ ឃោសនាការ និងព័ត៌មាន របស់រដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា ក្រោមប្រធានបទ «គោលនយោបាយការបរទេសកម្ពុជា ក្នុងបរិបទថ្មីនៃសណ្តាប់ធ្នាប់ពិភពលោក» ដែលបានប្រព្រឹត្តិទៅ នៅថ្ងៃទី០១ ខែកុម្ភៈ ឆ្នំា២០២៣ នៅវិមានរដ្ឋសភា។

«ក្នុងរយៈពេល៥ឆ្នាំចុងក្រោយនេះ ពិភពលោកបន្តវិវត្តន៍ទៅរកប្រព័ន្ធអន្តរជាតិមួយ ដែលមានលក្ខណៈសកល ពហុប៉ូល​ និងស្មុគ្រស្មាញ។ ការវិវត្តនេះ បាននាំមកនូវការផ្លាស់ប្តូរ​នៃទំនាក់ទំនងអន្តរជាតិយ៉ាងជ្រាលជ្រៅ ឆាប់រហ័ស ពិបាកប៉ាន់ស្មាន និងប្រកបដោយគ្រោះថ្នាក់» នេះគឺជាសេចក្តីផ្តើមនៃបទបង្ហាញរបស់លោក​ឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន។

ចំពោះបរិបទអន្តរជាតិ និងតំបន់ លោក​ឧបនាយករដ្ឋមន្រ្តី បានរៀបរាប់ដោយសង្ខេប​នូវការវិវត្តមួយចំនួន ដូចជា ការប្រកួតប្រជែងរវាងមហាអំណាចធំៗ ការបង្កើតសម្ព័ន្ធភាព និងគំនិតផ្តួចផ្តើម​យ៉ាងច្រើនអនេកលើបញ្ហាសន្តិសុខ សេដ្ឋកិច្ច និងការអភិវឌ្ឍ  នៅពាសពេញតំបន់  ផលប៉ះពាល់នៃជំងឺរាតត្បាតកូវីដ-១៩  សង្រ្គាមនៅអ៊ុយក្រែន  វិបត្តិនៅមីយ៉ាន់ម៉ា និងភាពតានតឹងនៅឧបទ្វីបកូរ៉េ ជាដើម។ល។  

ចំពោះទិដ្ឋភាពក្នុងប្រទេសវិញ បទបង្ហាញ ក៏បានរំលេចផងដែរនូវការគ្រប់គ្រងប្រកប ដោយជោគជ័យនូវជំងឺរាតត្បាតកូវីដ-១៩ របស់កម្ពុជា  ការសម្រេចបាន​នូវស្នាដៃដ៏ធំធេង​ក្នុងការធ្វើជាប្រធានអាស៊ាន នៅឆ្នាំ២០២២  កិច្ចខិតខំប្រឹងប្រែងយ៉ាងសកម្ម និងស្មោះត្រង់ ក្នុងតួនាទីជាប្រធានអាស៊ាន និងជាប្រេសិតពិសេស ដើម្បីដោះស្រាយវិបត្តិដ៏ស្មុគស្មាញ និងចាក់ឬសយ៉ាងជ្រៅក្នុងប្រទេសមីយ៉ាន់ម៉ា ព្រមទាំងការទទួលស្គាល់ជាអន្តរជាតិ ចំពោះនយោបាយការបរទេសឯករាជ្យ និងផ្អែកលើច្បាប់របស់កម្ពុជា។

ជាទីបញ្ចប់ ក្នុងបរិបទនៃការប្រកួតប្រជែងដ៏ខ្លាំងក្លា និងភាពមិនប្រាកដប្រជា នៅក្នុងទំនាក់ទំនងអន្តរជាតិ លោក​ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានគូសបញ្ជាក់អំពី​នយោបាយការបរទេសដែលព្រះរាជាណាចក្រកម្ពុជា នឹងបន្តប្រកាន់ខ្ជាប់។ ក្នុងចំណោម​នយោបាយការបរទេសទាំងនោះ រួមមាន ការការពារផលប្រយោជន៍ស្នូលរបស់កម្ពុជា ដោយអនុលោមតាមរដ្ឋធម្មនុញ្ញ  នយោបាយការទូតបុរេសកម្ម ដែលធានាអធិបតេយ្យភាព បូរណភាពទឹកដី ឯករាជ្យ សន្តិភាព និងការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម ការអនុវត្តនយោបាយ​ការបរទេសឯករាជ្យនិងផ្អែកលើច្បាប់ ស្របតាម គោលបំណង និងគោលការណ៍​នៃធម្មនុញ្ញរបស់អង្គការសហប្រជាជាតិ និងអាស៊ាន ព្រមទាំងការពង្រឹងទំនាក់ទំនង​សេដ្ឋកិច្ចជាមួយដៃគូ ដែលមានស្រាប់ និងដៃគូថ្មីៗ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ