ខេត្តកំពង់ស្ពឺ ៖ សំណុំរឿងអតីតផ្កាយ២យោធាឈ្មោះ សូយ ចាន់សឿន ដែលរងនូវបណ្តឹងរបស់ស្ត្រីម្នាក់ដែលមានឈ្មោះ ឌួង ហេម៉ាលីស បានប្តឹងពីករណី.ប្រើអំពើហិ.ង្សាយដោយចេតនាមានស្ថានទម្ងន់ទោស និងចាប់បង្ខាំងមនុស្សដោយខុសច្បាប់ ត្រូវបានតុលាការសាលាដំបូងខេត្តកំពង់ស្ពឺ លើកយកមកបើកសវនាការជំនុំជម្រះក្តីរួចរាល់ហើយ ហើយបានប្រកាសសាលក្រមជាសាធារណៈ ដោយបានផ្តន្ទាទោសលើជនជាប់ចោទផងដែរ។
សាលាដំបូងខេត្តកំពង់ស្ពឺ បានបើកសវនាការជំនុំជម្រះក្តីជាសាធារណៈក្នុងសំណុំរឿង កាល ពីថ្ងៃទី៧ ខែមិថុនា ថ្ងៃទី២៦ ខែតុលា និងថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២២ ដោយចំពោះមុខជនជាប់ចោទឈ្មោះ សូយ ចាន់សឿន ហៅ ទេស ចាន់សឿន ឬហៅ វ៉ា ចំពោះមុខដើមបណ្តឹងរដ្ឋប្បវេណីឈ្មោះ ឌួង ហេម៉ាលីស ក្រោយពេលសវនាការតុលាការបានប្រកាសក្រមនៅថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២២។
សម្រេច ៖
១- ឲ្យជនជាប់ចោទឈ្មោះ សូយ ចាន់សឿន ឬ ទេស ចាន់សឿន ហៅ វ៉ា ភេទប្រុស អាយុ៤៨ឆ្នាំ រួចផុតពីបទ.បង្ខាំងមនុស្សដោយខុសច្បាប់ ប្រព្រឹត្តនៅក្រុងតាខ្មៅ ខេត្តកណ្តាល និងខេត្តកំពង់ស្ពឺ កាលពីថ្ងៃទី២២ ខែមករា ឆ្នាំ២០២១ ។
២- ផ្តន្ទាទោសឈ្មោះ សូយ ចាន់សឿន ឬ ទេស ចាន់សឿន ហៅ វ៉ា ភេទប្រុស អាយុ៤៨ឆ្នាំ ដាក់ទោសពន្ធកំណត់រយៈពេល៣ឆ្នាំ តែទោសនេះអនុវត្តក្នុងពន្ធនាគាររយៈពេល១ឆ្នាំ៦ខែ ទោសនៅសល់ពីនេះគឺព្យួរធម្មតា និងពិន័យជាប្រាក់ចំនួន ៦.០០០.០០០ រៀល ពីបទ.ហិ.ង្សាដោយមានស្ថានទម្ងន់ទោស ប្រព្រឹត្តនៅក្រុងតាខ្មៅ ខេត្តកណ្តាល និងនៅខេត្តកំពង់ស្ពឺ កាលពីថ្ងៃទី២២ ខែមករា ឆ្នាំ២០២១ ដែលបទល្មើសព្រហ្មទណ្ឌមានចែងឲ្យផ្តន្ទាទោសតាមបញ្ញាតិមាត្រា ១០៦ មាត្រា ១០៧ មាត្រា ១០៨ និងមាត្រា ២១៨ នៃក្រមព្រហ្មទណ្ឌ។
៣- សាលក្រមតម្រូវឲ្យជនជាប់ចោទឈ្មោះ សូយ ចាន់សឿន ឬទេស ចាន់សឿន ហៅ វ៉ា ភេទប្រុស អាយុ៤៨ឆ្នាំ សងសំណងថ្លៃការព្យាបាលរបួសជាទឹកប្រាក់ចំនួន ១០ ០០០ ម៉ឺនដុល្លារ (១ម៉ឺនដុល្លារអាមេរិក) ទៅដើមបណ្តឹងរដ្ឋប្បវេណីឈ្មោះ ឌួង ហេម៉ាលីស តាមបញ្ញតិមាត្រា ៣៥៥ នៃក្រមនីតិវិធព្រហ្មទណ្ឌ ។
សាលក្រមខាងលើនេះ បើកផ្លូវទុកសិទ្ធិឲ្យភាគីទាំងពីរ ប្តឹងឧទ្ធរណ៍ក្នុងរយៈពេលដែលច្បាប់កំណត់ (ពោលគឺកំណត់១ខែ បើមិនមានការប្តឹងផ្តល់ទេ សាលក្រមនឹងចូលជាស្ថាពរ)។
ដូច្នេះមកដល់ពេលនេះ នៅមិនទាន់ដឹងថា ដើមបណ្តឹងរដ្ឋប្បវេណីប្តឹងឧទ្ធរណ៍ ឬមិនប្តឹងនោះទេ ប៉ុន្តែបើតាមប្រភពព័ត៌មានពីមិត្តភក្តិអ្នករាប់អានរបស់ជនរងគ្រោះ បានបង្ហើបឲ្យដឹងថា សាលក្រមនេះ ប្រហែលជាជនរងគ្រោះប្តឹងឧទ្ធរណ៍បន្តទៀត ដោយជំទាស់ទៅលើការសម្រេច ទី១- ទម្លាក់ការចោទប្រកាន់ពីបទ.បង្ខាំងមនុស្សដោយខុសច្បាប់ និងទី២- សំណងរដ្ឋប្បវេណីតិចតួចបំផុត មិនអាចសងថ្លៃការព្យាបាលស្នាមរបួស និងខាតបង់ពេលវេលា តាមការទាមទារជំងឺចិត្តនោះទេ ព្រោះជនរងគ្រោះនៅមិនទាន់ទទួលបាននូវភាពយុត្តិធម៌នៅឡើយ។
អង្គហេតុសំណុំរឿងខាងលើនេះ ត្រូវបានគេដឹងថា លោក តុប ឈុនសុង ចៅក្រមស៊ើបសួរសាលាដំបូងខេត្តកំពង់ស្ពឺ កាលពីថ្ងៃទី៣០ ខែកក្កដានេះ បានចេញដីកាបង្គាប់ឱ្យឃុំខ្លួនឈ្មោះ សូយ ចាន់សឿន ឬ ទេស ចាន់សឿន ហៅ វ៉ា ភេទប្រុស អាយុ៤៨ឆ្នាំ ជនជាតិខ្មែរ តួនាទីនាយ រងទីចាត់ការអភិវឌ្ឍអគ្គបញ្ជាការដ្ឋាន នៃក្រសួងការពារជាតិ។ ក្នុងដីកាបន្តថា ឈ្មោះ សូយ ចាន់សឿន ត្រូវបានតុលាការចោទប្រកាន់ពីបទហិ.ង្សាដោយចេតនា មានស្ថានទម្ងន់ទោស និងបង្ខាំងដោយខុសច្បាប់ប្រព្រឹត្តនៅក្រុងតាខ្មៅ ខេត្តកណ្តាល និងខេត្តកំពង់ស្ពឺ កាលពីថ្ងៃទី២២ ខែមករា ឆ្នាំ២០២១ បទល្មើសព្រហ្មទណ្ឌ និងទោស ដែលមានចែងក្នុងមាត្រា ២១៨ និងមាត្រា ២៥៣ ចំណុច១ នៃក្រមព្រហ្មទណ្ឌ ។
ហើយឈ្មោះ សូយ ចាន់សឿន ត្រូវបានចាប់ខ្លួននៅថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២១ និងនាំខ្លួនទៅពន្ធនាគារខេត្តកំពង់ស្ពឺ។ ការសម្រេចឃុំខ្លួននេះធ្វើឡើងតាមពាក្យបណ្តឹងរបស់ឈ្មោះ ឌួង ហេម៉ាលីស ភេទស្រី អាយុ៤១ឆ្នាំ មុខរបរពាណិជ្ជករ ដែលបានដាក់ពាក្យបណ្តឹងចូលសាលាដំបូងខេត្តកំពង់ស្ពឺ កាលពីខែមករា ឆ្នាំ២០២១។
ក្នុងពាក្យបណ្តឹងក៏បានរៀបរាប់ថា កាលពីវេលាម៉ោង១០និង៣០នាទីព្រឹក ថ្ងៃទី២២ ខែមករា ឆ្នាំ២០២១ នៅក្នុងរថយន្តដែលកំពុងជិះតែពីរនាក់លើដងផ្លូវ ស្ថិតនៅចំណុចម្តុំរង្វង់មូលតាខ្មៅ ទីរួមខេត្តកណ្តាល ឈ្មោះ សូយ ចាន់សឿន បានវា.យដំនាងខ្ញុំ និងបានដកកាំភ្លើ.ងខ្លីភ្នង់គំរា.មមិនឱ្យខ្ញុំស្រែក និងគំរា.មបាញ់បំបាក់ជើង និងបាញ់សម្លា.ប់តាមផ្លូវ រហូតទៅដល់ខេត្តកំពង់ស្ពឺ ស្ថិតនៅភូមិចំការចេក ឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។ ហើយព្រមទាំងបានចាប់បង្ខាំងនាងខ្ញុំទុកនៅផ្ទះកូនចៅរបស់គាត់ឈ្មោះ ស្រី សម្បត្តិ ដែលមានតួនាទីជានាយស្ដីទីការិយាល័យអភិវឌ្ឍន៍អគ្គបញ្ជាការ នៃក្រសួងការពារជាតិ រហូតដល់វេលាម៉ោង៧យប់ថ្ងៃខែឆ្នាំដដែល ទើបមានសមត្ថកិច្ចនគរបាលចុះមកអន្តរាគមន៍រំដោះនាងខ្ញុំ ចេញពីផ្ទះដែលបានបង្ខាំងនាងខ្ញុំ យកទៅសង្គ្រោះនៅមន្ទីរពេទ្យ៕
ចែករំលែកព័តមាននេះ