Tesla ប្រមូលរថយន្តជាង៣០ម៉ឺនគ្រឿងមកវិញ ដោយសារបញ្ហាភ្លើងបំភ្លឺខាងក្រោយ
សហរដ្ឋអាមេរិក ៖ ក្រុមហ៊ុន Tesla កំពុងប្រមូលរថយន្តអគ្គិសនី (EV) របស់ខ្លួនជាង ៣២១,០០០
សហរដ្ឋអាមេរិក ៖ ក្រុមហ៊ុន Tesla កំពុងប្រមូលរថយន្តអគ្គិសនី (EV) របស់ខ្លួនជាង ៣២១,០០០
សហរដ្ឋអាមេរិក ៖ ក្រុមហ៊ុន Tesla កំពុងប្រមូលរថយន្តអគ្គិសនី (EV) របស់ខ្លួនជាង ៣២១,០០០គ្រឿងនៅក្នុងសហរដ្ឋអាមេរិក ដោយសារបញ្ហាភ្លើងបំភ្លឺផ្នែកខាងក្រោយរថយន្ត (Rear Light) ដែលដំណើរការមិនត្រឹមត្រូវ។ នេះបើតាមការបញ្ជាក់របស់ក្រុមហ៊ុនផ្ទាល់នៅក្នុងឯកសារ ដែលចេញផ្សាយជាសាធារណៈ កាលពីថ្ងៃទី១៩ ខែវិច្ឆិកា កន្លងទៅ។
ដំណឹងនេះធ្វើឡើង បន្ទាប់ពីក្រុមហ៊ុនរថយន្តពហុជាតិសាសន៍របស់អាមេរិក និងថាមពលស្អាត ដែលមានមូលដ្ឋានក្នុងរដ្ឋតិចសាស់មួយនេះ កាលពីថ្ងៃទី១៨ ខែវិច្ឆិកា កន្លងទៅ ទើបតែបានប្រមូលយកមកវិញវិញនូវរថយន្ត Model X ជិត៣ម៉ឺនគ្រឿង នៅក្នុងសហរដ្ឋអាមេរិក ជុំវិញបញ្ហាពោងសុវត្ថិភាពអ្នកដំណើរនៅផ្នែកខាងមុខដាក់ពង្រាយមិនបានត្រឹមត្រូវ ដែលបានធ្វើឱ្យភាគហ៊ុនក្រុមហ៊ុនធ្លាក់ចុះជិត ៣% ។
ដោយឡែក នៅក្នុងឯកសារចេញផ្សាយកាលពីថ្ងៃទី១៩ ខែវិច្ឆិកា ដែលផ្ញើទៅរដ្ឋបាលសុវត្ថិភាពចរាចរណ៍ផ្លូវជាតិ (NHTSA) ក្រុមហ៊ុន Tesla បានបញ្ជាក់ថា ការប្រមូលរថយន្តត្រឡប់មកវិញ ដែលទាក់ទងនឹងបញ្ហាភ្លើងកន្ទុយរថយន្ត គ្របដណ្តប់លើរថយន្តម៉ូដែល Model 3 ឆ្នាំ ២០២៣ និង Model Y ឆ្នាំ ២០២០-២០២៣។
ក្រុមហ៊ុនបញ្ជាក់ថា ខ្លួននឹងដាក់ពង្រាយការអាប់ដេតពីលើអាកាស (Over-the-Air) ដើម្បីកែបញ្ហាភ្លើងខាងក្រោយ ហើយថែមទាំងបានអះអាងថា ខ្លួនមិនទទួលបានរបាយការណ៍គ្រោះថ្នាក់ណាមួយទាក់ទងនឹងការបម្រូលរថយន្តមានបញ្ហាមកវិញនោះទេ។ ដោយការប្រមូលមកវិញ បានធ្វើឡើងបន្ទាប់ពីមានការត្អូញត្អែររបស់អតិថិជន ដែលខ្លួនបានដឹងកាលពីចុងខែតុលាកន្លងទៅ ដែលភាគច្រើនមកពីទីផ្សារបរទេស ដោយលើកឡើងថា ភ្លើងបំភ្លឺផ្នែកខាងក្រោយរថយន្តដំណើរការមិនត្រឹមត្រូវ។ ហើយក្នុងចំណោមនោះ ក្រុមហ៊ុនទទួលបានរបាយការណ៍ធានាចំនួន៣ ជុំវិញបញ្ហានេះ។
យោងតាមទិន្នន័យរបស់រដ្ឋបាលសុវត្ថិភាពចរាចរណ៍ផ្លូវជាតិ NHTSA បានបង្ហាញថា ក្រុមហ៊ុន Tesla បានរាយការណ៍អំពីយុទ្ធនាការប្រមូលរថយន្តត្រឡប់មកវិញនៅសហរដ្ឋអាមេរិកចំនួន១៩លើក នៅក្នុងឆ្នាំ២០២២ ដែលគ្របដណ្តប់លើរថយន្តជាង ៣.៧លានគ្រឿង ហើយក្នុងនោះ ៤លើកបានកើតឡើងក្នុងខែវិច្ឆិកានេះ៕ (ដកស្រង់ចេញពី Reuters)
ចែករំលែកព័តមាននេះ