ខេត្តកំពត ៖ ប្រជាពលរដ្ឋជាច្រើននាក់ ក្នុងនោះ មានជនជាតិខ្មែរអីស្លាមផងបានអង្គុយនិងឈរចាំរារាំង និងចូលរួមធ្វើជាសាក្សីការចុះអនុវត្តសាលក្រមរឿងជម្លោះដីស្រែអំបិលរវាងម្ដាយនិងកូនស្រីបង្កើតរស់នៅក្រុងកំពតខេត្តកំពត ។ រីឯស្រែអំបិលដែលម្ដាយនិងកូនស្រីបង្កើតកើតមានជម្លោះប្ដឹងរហូតដល់តុលាការនោះ ស្ថិតក្នុងភូមិកំពង់សំរោង ឃុំកំពង់សំរោង ស្រុកទឹកឈូ ខេត្តកំពត ។
ទោះជាមានការប្ដឹងប្តល់គ្នារវាងម្ដាយនិងកូនស្រីបង្កើតរឿងដីស្រែអំបិលយ៉ាងណាក៏ដោយ តុលាការខេត្តកំពត បានកាត់ឱ្យម្ដាយឈ្មោះឈុន ហឹង អាយុ85ឆ្នាំ រស់នៅសង្កាត់កំពង់កណ្ដាល ក្រុងកំពត អោយឈ្នះក្ដីកូនស្រីហោ សឺយ និងម្ចាស់ដីចំនួនបីនាក់ផ្សេងទៀត ដែលមានដីជាប់ព្រំគ្នា។
ស្ត្រីឈ្មោះហោ សឺយ បាននិយាយថា ដីរបស់ខ្លួនបានទិញហ៊ុនគ្នាជាមួយឈ្មោះសុន កេង ចំនួន18ហិកតា និងថោង មុំ រួមទាំងអេលមីនជាង6ហិកតា និងដីម្ដាយបង្កើតមានចំនួនជាង5ហិកតា ប៉ុន្តែពេលតុលាការចេញសាលក្រមសម្រេចកាត់ដីអោយលោកយាយឈុនហឹងចំនួន31ហិកតា។
ចំនួនដីស្រែអំបិលដែលតុលាការកាត់ទៅឱ្យម្ដាយដ៏ច្រើនលើសលប់នោះ ត្រូវបានកូនស្រីបង្កើតនិងម្ចាស់ដីចំនួន3នាក់ទៀតធ្វើការជំទាស់ និងបានដាក្យពាក្យបណ្ដឹងទៅសាលាឧទ្ទរបន្តទៀត។ ចំណែកឯភាគីលោកយាយឈុនហ៊ឹងក៏បាននិយាយដោយខ្លីថា ដីស្រែអំបិលនេះគាត់ជាម្ដាយបានកាន់កាប់ជាយូឆ្នាំហើយប៉ុន្តែម្នាក់ៗសុទ្ធតែមានការលោភលន់។
នៅព្រឹកថ្ងៃទី16ខែវិច្ចិការឆ្នាំ2022នោះ តុលាការខេត្តកំពត មានគម្រោងចុះមកប្រកាសសាលក្រមតែឃើញប្រជាពលរដ្ឋត្រៀមចាំធ្វើជាសាក្យីអោយស្ត្រីឈ្មោះហោ សឺយ ត្រូវជាកូនលោកយាយឈុនហ៊ឹងច្រើននាក់នៅកន្លែងស្រែអំបិល។ លោកក្រឡាបញ្ជីកីបានដកថយក្រោយទៅវិញ ដោយធ្វើកំណត់ហែតុថា អាជ្ញាធរមិនបានចូលរួមការអនុវត្តប្រកាសសាលក្រមដោយពន្យារពេលក្រោយ ។
ចែករំលែកព័តមាននេះ