ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ផ្លូវដែក​កម្ពុជា​មាន​បី​ខ្សែរ ហើយ​ផ្លូវដែក​ទាំងនេះ​ពីរ​ខ្សែរ​ថ្វី​ត្បិត​តែ​វា​ចាស់​មែន ប៉ុន្តែ​ត្រូវ​បាន​ជួសជុល និង​កែ​លំអរ និង​ស្តា​ឡើង​វិញ​រួចរាល់​ហើយ​។​ដោយឡែក​មួយ​ខ្សែរ​ទៀត គឺ​ថ្មី ប៉ុន្តែ​សេវាកម្ម​ដឹក​ទំនិញ​ក្តី និង​អ្នកដំណើរ​ក្តី គឺ​សឹងតែ​គ្មាន​សកម្មភាព​ដែល​ខុស​ពី​សេវាកម្ម​នៅ​ប្រទេស​ជិតខាង សូ​ម្បី​តែឡាវ​ក៏​យើង​ចាញ់​គេ​ឆ្ងាយ​ណាស់​។…

ផ្លូវដែក​កម្ពុជា​មាន​បី​ខ្សែរ ហើយ​ផ្លូវដែក​ទាំងនេះ​ពីរ​ខ្សែរ​ថ្វី​ត្បិត​តែ​វា​ចាស់​មែន ប៉ុន្តែ​ត្រូវ​បាន​ជួសជុល និង​កែ​លំអរ និង​ស្តា​ឡើង​វិញ​រួចរាល់​ហើយ​។​ដោយឡែក​មួយ​ខ្សែរ​ទៀត គឺ​ថ្មី ប៉ុន្តែ​សេវាកម្ម​ដឹក​ទំនិញ​ក្តី និង​អ្នកដំណើរ​ក្តី គឺ​សឹងតែ​គ្មាន​សកម្មភាព​ដែល​ខុស​ពី​សេវាកម្ម​នៅ​ប្រទេស​ជិតខាង សូ​ម្បី​តែឡាវ​ក៏​យើង​ចាញ់​គេ​ឆ្ងាយ​ណាស់​។

នៅ​ពេល​នេះ​ឡាវ​មាន​សេវាកម្ម​រថភ្លើង​ល្បឿន​លឿន​។​ថៃ​កំពុង​តែ​ដំណើរការ​សាងសង់​រថភ្លើង​ល្បឿន​លឿន ខណៈ​ដែល​ផ្លូវដែក​ក្រុង​បាំង​កក​មានការ​ពេញ​និយម​ប្រើប្រាស់​។វៀតណាម​ក៏​ដូច​គ្នា គឺ​កំពុង​សាងសង់​រថភ្លើង​ល្បឿន​លឿន​។ ប៉ុន្តែ​កម្ពុជា​វិស័យ​ដឹក​ជញ្ជូន​តាម​ផ្លូវដែក​នេះ គឺ​នៅ​យឺត​ជាងគេ​ហៅ​មិន​ឭ ហើយ​មិន​ទាន់​ដឹង​ថា ពេល​ណា​ទើបបាន​ទាន់​គេ​នៅឡើយ​ទេ​។

បើ​តាម​លោក ស៊ុន ចាន់​ថុ​ល ទេស​រដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រីក្រសួង​សាធារណៈការ និង​ដឹក​ជញ្ជូន បាន​លើក​ឡើង​នៅ​ក្នុង​សន្និសីទកាសែត​នៅ​ទីស្តីការគណរដ្ឋមន្ត្រី កាលពី​ថ្ងៃ​ទី​២៧ ខែតុលា ឆ្នាំ​២០២២ លោក​បាន​បង្ហាញ​សមិទ្ធផល​ជា​ច្រើន​របស់​ក្រសួង​ហើយ​នៅ​ក្នុង​នោះ​ក៏​មាន​ទាំង​ផែនការ​ទាក់ទង​នឹង​វិស័យ​ដឹក​ជញ្ជូន​តាម​ផ្លូវដែក​នេះ​ផង​ដែរ​។

លោក​បាន​លើក​ឡើង​ថា នៅ​ពេល​នេះ​ក្រសួង​កំពុង​តែ​ជំរុញ​ការ​សិក្សា​ក្នុង​ការ​អភិ​វ​ឌ្ឈ​ន៍​ផ្លូវដែក កម្ពុជា​ដែល​មាន​ស្រាប់​ឲ្យ​ក្លាយទៅជា​ផ្លូវដែក​ល្បឿន​លឿន​ត​ភ្ជាប់​ពី​រាជធានី​ទៅ​ខេត្ត ព្រះ​សីហ​នុ និង​ពី​រាជធានី​ទៅ​ប៉ោយ​ប៉ែ​ត​។​លោក​ក៏​បាន​លើក​ឡើង​ទៀត​ថា ក្រសួង​ក៏​កំពុង​តែ​សម្លឹង​បន្ថែម​ខ្សែ​ផ្លូវដែក​ថ្មី​ពី​ក្រុង​ប៉ោយ​ប៉ែ​តទៅ​ខេត្តសៀមរាប​ឆ្ពោះទៅ​កំពង់ធំ និង​រាជធានី និង​ខ្សែរ​ផ្លូវដែក​ត​ភ្ជាប់​ពី​រាជធានី​ទៅ​ក្រុង​បា​វិត​ព្រំដែន​វៀតណាម​។

នេះ គឺជា​ផែនការ​ក្រសួង​សាធារណៈការ និង​ដឹក​ជញ្ជូន ប៉ុន្តែ​វា​ទំនងជា​នៅ​វែង​ឆ្ងាយ​ណាស់​។​មក​ដល់​ពេល​នេះ គេ​ដឹង​ថា ផ្លូវដែក​មាន​បី​ខ្សែរ​ដោយៈ ១. ផ្លូវដែក​ទិស​នីរ​តី (​ភ្នំពេញ​-​ព្រះ​សីហ​នុ​) មាន​ប្រវែង​សរុប​២៦៦ គីឡូម៉ែត្រ ត្រូវ​បាន​បើក​ឱ្យ​ដំណើរការ​ឡើង​វិញ កាលពី​ថ្ងៃ​ទី​៩ ខែមេសា ឆ្នាំ​២០១៦​។​២. ផ្លូវដែក​ទិសពាយ័ព្យ (​ភ្នំពេញ​-​ប៉ោយ​ប៉ែ​ត​) មាន​ប្រវែង​សរុប​៣៨៦​គីឡូម៉ែត្រ ត្រូវ​បាន​បើក​ឱ្យ​ដំណើរការ​បណ្តោះអាសន្ន​កាលពី​ថ្ងៃ​ទី​៤ ខែកក្កដា ឆ្នាំ​២០១៨​។ ៣. ផ្លូវដែក ស្ថានីយ​ភ្នំពេញ​-​ព្រ​លាន​យន្តហោះ​អន្តរជាតិ​ភ្នំពេញ មាន​ប្រវែង​សរុប ១០​គីឡូម៉ែត្រ ត្រូវ​បាន​បើក​ឱ្យ​ដំណើរការ​កាលពី​ថ្ងៃ​ទី​១០ ខែមេសា ឆ្នាំ​២០១៨​។

នៅ​ក្នុង​ចំណោម​ផ្លូវដែក​ទាំង​បី​ខ្សែរ គឺ​សុទ្ធតែ​ជួសជុល និង​ស្តា​ឡើង​វិញ​អស់ហើយ ប៉ុន្តែ​ទោះបីជា​យ៉ាងណា​សកម្មភាព​សឹងតែ​គ្មាន​។​នៅ​ក្នុង​ចំណោម​ផ្លូវដែក​ទាំង​បី​ផ្លូវដែក​ប្រវែង​១០​គីឡូម៉ែត្រ​នេះ​បាន​ដំណើរការ ប៉ុន្តែ​បាន​តែ​មួយ​រយៈ​ក៏​បរាជ័យ​ដ៏​ចម្រូងចម្រាស់​ដោយ​រាប់​តាំងពី​ភាពយឺត​យ៉ាវ​របស់​វា​គ្រោះថ្នាក់​ចរាចរណ៍ និង​បញ្ហា​ជា​ច្រើន​ទៀត​។

ដោយឡែកផ្លូវដែក​ចាស់​ៗ​ដែល​មាន​ពីរ​ខ្សែរ​ទៀត​នោះ គឺ​ដំណើរការ​ដែរ​តែ​មាន​តែ​សេវាកម្ម​ដឹក​ទំនិញ​ម្តងម្កាល​។​សេវាកម្ម​ដឹក​អ្នកដំណើរ​ត្រូវ​បាន​ដាក់​ជា​បន្តបន្ទាប់ ប៉ុន្តែ​នៅ​តែ​មិន​ជោគជ័យ ហើយ​ពលរដ្ឋ​មិន​ទទួល​បាន​តាំងពី​បញ្ហា​ល្បឿន និង​បញ្ហា​ផា​សុខភាព​ឡើង​ទៅ​ទើប​ធ្វើ​ឲ្យ​សេវាកម្ម​នេះ​គ្មាន​ការ​គាំទ្រ​។

សេវាកម្ម​ដឹក​អ្នកដំណើរ​អាច​ដើរ និង​មាន​មនុស្ស​ជិះ​តែ​ពេល​បុណ្យ​ទាន ហើយ​ជា​ពេល​រដ្ឋាភិបាល​លើកទឹកចិត្ត​ឲ្យ​ជិះ​ដោយ​មិន​គិតថ្លៃ​ថែម​ទៀត​។​ប្រសិនបើ​យក​ថ្លៃ គឺ​មានការ​គាំទ្រ​តិច​ណាស់ ដោយសារ​វា​អាច​រត់​បាន​នៅ​ក្នុង​ល្បឿន​មិន​ដល់​៣០​គីឡូម៉ែត្រ​ផង​នៅ​ក្នុង​មួយ​ម៉ោង​។​ទូរ​រថភ្លើង​ទៀត​សោត​មិន​ស្អាត ពោល គឺជា​ទូរ​ចាស់​ៗ​ហើយ​ម្យ៉ាងវិញទៀត​ក្បាលរថភ្លើង គឺជា​ក្បាល​ចាស់​ៗ​គេ​ឈប់​ប្រើ​ហើយ​ទើប​យើង​យក​មក​ប្រើ​នោះ​ហើយ​ទើប​ការ​ប្រកួតប្រជែង​ជាមួយនឹង​មធ្យោបាយ​ដឹក​ជញ្ជូន​ឯទៀត​នៅ​តែ​មិន​រីក​ចម្រើន​។

សេវាកម្ម​ដឹក​ជញ្ជូន​អ្នកដំណើរ​នៅ​វៀតណាម ក៏​មាន​ស្ថានភាព​ប្រហាក់ប្រហែល​នឹង​កម្ពុជា​ដែរ ប៉ុន្តែ​សេវាកម្ម​នេះ​នៅ​តែ​ដើរ​ហើយ​មានការ​គាំទ្រ​ពី​ប្រជាពលរដ្ឋ​គេ ដោយ​រួម​ទាំង​អ្នកទេសចរ​បរទេស​ផង​ដែរ ដោយសារ​ការ​កែ​ច្នៃ​ការ​គ្រប់គ្រង ការ​រៀបចំ និង​ទស្សនៈវិស័យ​ត្រឹមត្រូវ​។​ប៉ុន្តែ​សម្រាប់​កម្ពុជា គឺ​នៅ​ឆ្ងាយ​ពី​គេ​ខ្លាំង​ណាស់​។

សរុប​មក​វិញ​យើង​គិត​ថា មុន​នឹង​ជំរុញ និង​ពង្រីក​សក្តានុពល​ក៏​ដូច​ជា កសាង​បណ្តាញ​ផ្លូវដែក​នៅ​កម្ពុជា​បន្ថែម​ទៀត​គួរ​ណាស់ អ្នក​ជំនាញការ​កម្ពុជា និង​ក្រុមហ៊ុន​ដែល​ទទួល​សេវាកម្ម​គ្រប់គ្រង​អាជីវកម្ម​ផ្លូវដែក​នេះ​សិក្សា​រួម​គ្នា​រក​ចំណុច​ណា ដើម្បី​កុំអោយ​យើង​ចាយ​លុយ​ទៅ​ស្តា​រហើយ​យក​វា​មក​ប្រើប្រាស់ ឬ​មាន​ប្រយោជន៍​ខាង​សេដ្ឋកិច្ច​មិន​បាន​ច្រើន​ដូច​ជា​បច្ចុប្បន្ន​នេះ​៕ ដោយ ៖ ហេង ចេស្តារ និងសារ៉ាន់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ