ខេត្តក្រចេះ ៖ ស្ថិតនៅទល់មុខក្រុងក្រចេះដោយគ្រាន់តែឆ្លងទន្លេមេគង្គ កោះទ្រង់ជារមណីយដ្ឋានដ៏ទាក់ទាញបំផុតសម្រាប់ភ្ញៀវទេសចរ សំខាន់ទេសចរអន្តរជាតិទៅលំហែកម្សាន្ត ។ ភ្ញៀវទេសចរអន្តរជាតិដែលទៅកាន់ទីនោះកាន់តែមានចំនួនច្រើនឡើងពីមួយថ្ងៃទៅមួយថ្ងៃ ។ តាមសម្ដីភ្ញៀវទេសចរដែលទៅលំហែកាយកម្សាន្តនៅកោះទ្រង់អះអាងថា ក្រៅពីខ្យល់អាកាសបរិសុទ្ធក៏នៅមានវាលខ្សាច់ល្វឹងល្វើយ និងធម្មជាតិដ៏ស្រស់បំព្រង ។
ដោយសារតែលក្ខណសម្បត្តិដែលមានការទាក់ទាញនោះហើយទើបកាលពីថ្ងៃទី១៤ កុម្ភៈ ឆ្នាំ២០១៣ លោកថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍រួមដំណើរដោយលោកសរ ចំរុង អភិបាលខេត្តក្រចេះបានដឹកនាំគណៈប្រតិភូក្រសួង និងមន្ទីរទេសចរណ៍២៤ខេត្ត-រាជធានី និងភ្នាក់ងារសមាគមទេសចរណ៍ទៅជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋសហគមន៍ទេសចរណ៍ធម្មជាតិ និងដាំកូនឈើជាសួនទេសចរណ៍តាមទស្សនាទាន«ទេសចរម្នាក់ដើមឈើមួយដើម ឬការដាំដើមឈើផ្តើមចេញពីអ្នក» ។
តាមការឲ្យដឹងពីលោកប្រធានក្រុមប្រឹក្សាសង្កាត់កោះទ្រង់ឲ្យដឹងថា កោះទ្រង់ជាសង្កាត់មួយក្នុងចំណោមសង្កាត់់ទាំង៥នៃក្រុងក្រចេះ ខេត្តក្រចេះ ។ កោះនោះមានភូមិចំនួន២ផ្ទៃដីសរុបទំហំ ២២៣ហិកតា មានប្រជាពលរដ្ឋសរុប៣៨៣គ្រួសារស្មើនឹង១.៨៣៥នាក់ ភាគច្រើនជាកសិករ៨០% និង១២%នេសាទ និង៣%ជាមន្រ្តីរាជការ ។ កោះទ្រង់មានដីសម្បូរទៅដោយជីជាតិជាអំណោយផលដល់វិស័យកសិកម្ម ។ កោះនេះជាតំបន់ដែលមានសក្តានុពលលើវិស័យអេកូទេសចរណ៍ដ៏ត្រកាលក្នុងចំណោមតំបន់ជាច្រើនទៀតរបស់ខេត្តក្រចេះ ។
កោះទ្រង់មានឆ្នេរខ្សាច់អមដោយទឹកទន្លេថ្លាយង់នារដូវប្រាំងដែលលាតសន្ធឹងតាមបណ្តោយកោះផ្នែកខាងកើតទល់មុខក្រុងក្រចេះគួរជាទីគយគន់ និងការធ្វើដំណើរកម្សាន្តដ៏មនោរម្យរបស់ភ្ញៀវទេសចរ ជាពិសេសគឺការស្រូបយកជំនោរដ៏បរិសុទ្ធពីធម្មជាតិ ។
លោកប៊ុន បាន ប្រធានសហគមន៍ទេសចរណ៍ធម្មជាតិកោះទ្រង់ឱ្យដឹងថា សហគមន៍ទេសចរណ៍ធម្មជាតិកោះទ្រង់គ្របដណ្តប់នៅលើកោះមួយឈ្មោះថា កោះទ្រង់ដែលស្ថិតនៅកណ្តាលទន្លេមេគង្គទល់មុខក្រុងក្រចេះទិសខាងលិចប្រមាណ១គីឡូម៉ែត្រ ។
លោកបញ្ជាក់ថា សហគមន៍ទេសចរណ៍ធម្មជាតិកោះទ្រង់បានបង្កើតឡើងនៅថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០០៨ ក្រោមការជួយសម្របសម្រួលពីមន្ទីរទេសចរណ៍ខេត្តក្រចេះ និងអង្គការកាហ្វដុក និងមានការគាំទ្រថវិកាពីអង្គការមូលនិធី អាស៊ី តាមរយៈអង្គការអុកស្វាមអង់គ្លេស ។ ប្រជាសហគមន៍ប្រកបមុខរបរមានក្រុមដាំក្រូចថ្លុងផ្អែម ក្រុមដាំបន្លែ និងក្រុមធ្វើស្រែបង្ហាញ(បវស) មានរទេះសេះ រទេះគោ ម៉ូតូឌុប កង់សម្រាប់ជួលជូនភ្ញៀវទេសចរជិះកម្សាន្ត ។
សហគមន៍បានបង្កើតតំបន់សម្រាប់ភ្ញៀវទេសចរដាំកូនឈើទំហំ៣,៥ហិកតា ដែលជាដ៏សម្បទានពីក្រុមប្រឹក្សាសង្កាត់ ។
តាមការឲ្យដឹងរបស់លោកប្រធានសហគមន៍ថា ភ្ញៀវទេសចរមានការចាប់អារម្មណ៍ខ្លាំងក្នុងការចូលរួមដាំកូនឈើ ហើយសរុបមកដល់សព្វថ្ងៃនេះកូនឈើដែលបានដាំរួចមានចំនួន៤.៦៥៩ដើម ។ ជាគោលការណ៍ការដាំ ដើមឈើនៅកោះទ្រង់ សហគមន៍បានកំណត់ឲ្យភ្ញៀវទេសចរអន្តរជាតិត្រូវចូលរួមបង់៥ដុល្លារ និងភ្ញៀវជាតិតាមការស្ម័គ្រចិត្ត ។ ថវិកាដែលបានមកត្រូវបែងចែកដូចជា២០%សម្រាប់ជួយដល់គ្រួសារក្រីក្រចាស់ជរា ស្រ្តីងាយរងគ្រោះ ២០%សម្រាប់ចូលរួមបដិភាគក្នុងការសាងសង់ ឬជួសជុលហេដ្ឋារចនាសម័្ពន្ធ ២០%ឧបត្ថម្ភដល់គណៈកម្មការសហគមន៍ដែលជួយថែទាំកូនឈើ ៤០%សម្រាប់ធ្វើស្លាកឈ្មោះអ្នកដាំ និងការស្រោចស្រពកូនឈើនៅរដូវប្រាំង ។
ចំនួនភ្ញៀវទេសចរទៅទស្សនាកម្សាន្ត និងលំហែនៅកោះទ្រង់មានការកើនឡើងជាលំដាប់ពីមួយឆ្នាំទៅមួយឆ្នាំ ។ ជាក់ស្តែងឆ្នាំ២០១១មានភ្ញៀវទេសចរជាតិចំនួន១.៧២២នាក់ និងភ្ញៀវទេសចរអន្តរជាតិដែលទៅកម្សាន្ត និងស្នាក់នៅចំនួន១.៦៥២នាក់ សរុបរួមចំនួន៣.៣៧៤នាក់ ។ ឆ្នាំ២០១២ មានភ្ញៀវទេសចរជាតិចំនួន ១.៩៧៨នាក់ បើប្រៀបធៀបរយៈពេលដូចគ្នាឆ្នាំ២០១១ មានការកើនឡើងចំនួន២៥៦នាក់ស្មើនឹង១៤,៨៦% ឆ្នាំ២០១២ភ្ញៀវទេសចរអន្តរជាតិដែលទៅកម្សាន្ត និងស្នាក់នៅចំនួន២.២៤១នាក់ បើប្រៀបធៀបរយៈពេលដូចគ្នាឆ្នាំ២០១១ មានការកើនឡើងចំនួន៥៨៩នាក់ស្មើនឹង៣៥,៦៥% ។
លោកថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍មានប្រសាសន៍ថា យើងត្រូវចាត់ទុកភូមិភាគឦសានជាតំបន់ទេសចរណ៍អាទិភាពមួយដែលផ្តោតជាសំខាន់លើការអភិវឌ្ឍវិស័យអេកូទេសចរណ៍ ។ សហគមន៍ទេសចរណ៍អាស្រ័យលើសក្តានុពលដ៏ធំធេងនៃសម្បត្តិវប្បធម៌ក្នុងនោះមានវប្បធម៌ចម្រុះនៃជនជាតិដើមភាគតិច និងធនធានធម្មជាតិ ។ ដូច្នេះយើងត្រូវជំរុញការរៀបចំព្រឹត្តិការណ៍នានាដើម្បីគាំទ្រដល់ការអភិវឌ្ឍវិស័យទេសចរណ៍ដូចជា បុណ្យទន្លេ បុណ្យដំរីព្រឹត្តិការណ៍កីឡាកានូ ម៉ារ៉ាតុងតាមដងទន្លេជាដើម។
ការអភិវឌ្ឍទេសចរណ៍នៅភូមិភាគឦសានត្រូវផ្សារភ្ជាប់ជាមួយនឹងការអភិវឌ្ឍតំបន់អាទិភាពផ្សេងៗ ពិសេសតំបន់អង្គរ និងរាជធានីភ្នំពេញដោយភ្ជាប់ការទាក់ទងគ្នាតាមបណ្តាញផ្លូវគោក ផ្លូវទឹក និងផ្លូវអាកាស ។ ម្យ៉ាងទៀតតំបន់ឦសាន ក៏ស្ថិតក្នុងតំបន់ត្រីកោណអភិវឌ្ឍន៍កម្ពុជា-ឡាវ-វៀតណាម ដែលបាននិងកំពុងជំរុញអភិវឌ្ឍយ៉ាងខ្លាំងដោយការភ្ជាប់គ្នាក្នុងចំណោមប្រទេសទាំងបី។ណែនាំដល់ប្រជាសហគមន៍ចូលរួមអភិវឌ្ឍសហគមន៍ ជំរុញការយកចិត្តទុកដាក់បន្ថែមទៀត ដល់ការបង្កើនការដាំដុះផ្កា បន្លែ ផ្លែឈើ ការចិញ្ចឹមសត្វ ។ល។ដើម្បីផ្គត់ផ្គង់តម្រូវការទេសចរណ៍ ដែលកាន់តែកើនច្រើនឡើងៗ ។
កសិដ្ឋានទាំងនោះ នឹងអាចក្លាយជារមណីយដ្ឋានកសិ-ទេសចរណ៍សម្រាប់ទាក់ទាញភ្ញៀវថែមទៀត ។ ការដោះស្រាយបានបែបនេះគឺកាត់បន្ថយបាននូវការនាំចូលពីបរទេស បង្កើនចំណូល និងឱកាសការងារក្នុងស្រុក និងរួមចំណែកយ៉ាងសំខាន់ដល់ការអភិវឌ្ឍសេដ្ឋកិច្ចសង្គមកម្ពុជា ព្រមទាំងទាក់ទាញភ្ញៀវទេសចរបរទេសឱ្យទៅទស្សនាទីនោះកាន់តែច្រើនឡើងថែមទៀត ៕
ចែករំលែកព័តមាននេះ