ខេត្តបន្ទាយមានជ័យ ៖ ដ្បិតព្រះភិរុណបង្អុរតិចតួច តែស្ទើររៀងរាល់ថ្ងៃ ម្យ៉ាងដោយសាទឹកហូរធ្លាក់ពីប្រទេសថៃផងនោះ គិតត្រឹមថ្ងៃទី២ ខែតុលា ឆ្នាំ២០២២នេះ ពលរដ្ឋចំនួនជា១០០គ្រួសារ ត្រូវបានអាជ្ញាធរ និងសមត្ថកិច្ចក្រុងប៉ោយប៉ែត ជម្លៀសរកទីទួលសុវត្ថិភាព និងធ្វើការផ្តល់អំណោយដូចជា មុង, ភួយ, គ្រឿងឧបភោគ និងបរិភោគជាបន្តបន្ទាប់។
ទីទួលសុវត្ថិភាពចំនួន៣កន្លែង នៅក្រុងប៉ោយប៉ែត រួមមានចំណុចសាលាកូរ៉េ, សាលាបឋមសិក្សាវត្តបាលិលេយ្យ ស្ថិតក្នុងបរិវេណវត្តបាលិលេយ្យ និងបុរី K.N គេឃើញមានពលរដ្ឋស្នាក់នៅព្រោងព្រាត មានក្មេង មានចាស់ រួមទាំងជនពិការផងដែរ។
ជួបផ្ទាល់ជាមួយអាជ្ញាធរលោក គាត ហ៊ុល អភិបាលក្រុងប៉ោយប៉ែត បានប្រាប់កោះសន្តិភាពឱ្យដឹងថា ចាប់តាំងពីថ្ងៃទី២៨ ខែកញ្ញា មកទល់ព្រឹកថ្ងៃទី២ ខែតុលានេះ ដោយសារភ្លៀងបន្តធ្លាក់ស្ទើរតែរៀងរាល់ថ្ងៃ ម្យ៉ាងទឹកហូរធ្លាក់ពីថៃផងនោះ បានបង្កឲ្យទឹកអូរព្រំដែនបន្តហក់ឡើងឥតឈប់ឈរ។
លោកបន្តថា ភូមិមួយចំនួនតាមបណ្តោអូរព្រំដែនខាងត្បូង ផ្លូវជាតិលេខ៥ បានរងការជន់លិចជាបណ្តើរៗ។ លោកបន្តថា ពលរដ្ឋចំនួន១១៨គ្រួសារ ត្រូវបានជម្លៀសរកទីទួលសុវត្ថិភាព និងបានផ្តល់អំណោយដូចជា ៖ មុង, ភួយ, គ្រឿងឧបភោគ និងបរិភោគជាបន្តបន្ទាប់ គិតត្រឹមថ្ងៃទី២ ខែតុលានេះ។
លោកអភិបាលក្រុងប្រាប់កោះសន្តិភាពថា អំណោយទាំងអស់ខាងលើ ជារបស់សម្តេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា តាមរយៈលោកឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀ.ន និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះជួយខេត្តបន្ទាយមានជ័យ។
លោកអភិបាលក្រុង ក៏បានអំពាវនាវដល់ពលរដ្ឋដែលរស់នៅតាមបណ្តាភូមិកំពុងប្រឈមបញ្ហាទឹកលិចទាំងអស់ មេត្តាមានកាប្រុងប្រយ័ត្នខ្ពស់ ពាក់ព័ន្ធចរន្តអគ្គិសនី ជាពិសេសព្រីភ្លើងនិងកុមារតូចៗ ក៏ដូចជាសត្វពាហៈនៈផងដែរ។
គួរបញ្ជាក់ថា ដ្បិតស្ថានភាពទឹកអូរព្រំដែនបន្តហក់ឡើងជន់លិចភូមិមួយចំនួនតាមបណ្តោយអូរព្រំដែនខាងត្បូង ផ្លូវជាតិលេខ៥ ប៉ុន្តែទីប្រជុំជនក្រុងមួយនេះ ជាពិសេសខាងជើងផ្លូវជាតិលេខ៥ ដូចជា បេនឡានក្រុង ឬម្តុំផ្សារត្រី, ផ្សារថ្មីប៉ោយប៉ែត និងហេដ្ឋារចនាសម្ព័ន្ធមួយចំនួនទៀត មិនមានការលិចលង់ធ្ងន់ធ្ងរឡើយ៕
ចែករំលែកព័តមាននេះ