ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ករណី​វិវាទ​រវាង​ក្រុមហ៊ុន​ចិន និង​មន្ត្រី​មន្ទីរ​កសិ​កម្ម​មុខលុយ​៣​នាក់ ដើរ​ដល់​ណា​ហើយ?

1 ឆ្នាំ មុន
  • កំពង់ស្ពឺ

រឿងរ៉ាវ​វិវាទ រហូត​ដល់​ក្រុមហ៊ុន​ដាក់​បណ្ដឹង​ប្ដឹង​បុគ្គល​៣​នាក់​ជា​មន្ត្រី​មុខលុយ រហូត​មក​ដល់​ពេល​នេះ អូស​បន្លាយ​រយៈពេល​ច្រើន​ខែ​មក​ហើយ តែ​នៅ​មិន​ទាន់​ឃើញ​ស្ថាប័ន​មាន​សមត្ថកិច្ច មាន​ចំណាត់​ការ​នៅឡើយ​ទេ ទៅ​លើ​បុគ្គល​ទាំង​៣​នាក់​ដែល​បាន

ខេត្តកំពង់ស្ពឺ ៖ រឿងរ៉ាវ​វិវាទ រហូត​ដល់​ក្រុមហ៊ុន​ដាក់​បណ្ដឹង​ប្ដឹង​បុគ្គល​៣​នាក់​ជា​មន្ត្រី​មុខលុយ រហូត​មក​ដល់​ពេល​នេះ អូស​បន្លាយ​រយៈពេល​ច្រើន​ខែ​មក​ហើយ តែ​នៅ​មិន​ទាន់​ឃើញ​ស្ថាប័ន​មាន​សមត្ថ​កិច្ច មាន​ចំណាត់ការ​នៅឡើយ​ទេ ទៅ​លើ​បុគ្គល​ទាំង​៣​នាក់​ដែល​បាន​ប្រព្រឹត្ត​អំពើ​ពុក​រលួយ​យ៉ាង​ធំ​សម្បើម​ប្រចាំ​ខេត្តកំពង់ស្ពឺ តាម​បណ្តឹង​របស់​ក្រុមហ៊ុន​។

នៅ​រសៀល​ថ្ងៃ​ទី​១៥ ខែកញ្ញា ឆ្នាំ​២០២២​នេះ អ្វី​ដែល​ទទួល​បាន​ពី​អ្នក​ដែល​ស្និត និង​តំណាង​ក្រុមហ៊ុន​បាន​បង្ហើប​ថា ពេល​នេះ​ភាគី​ទាំង​ពីរ មាន​តំណាង​ក្រុមហ៊ុន និង​ប្រធាន​មន្ទីរ​កំពុង​តែ​ធ្វើការ​ចរចា​គ្នា ដើម្បី​បញ្ចប់ទំនាស់​មួយ​នេះ​។ បុគ្គល​ទាំង​២​នាក់ ដែល​ជា​តួអង្គ​សំខាន់ និង​ជា​ចុង​ចម្លើយ​ដែល​ក្រុមហ៊ុន បាន​ដាក់​ពាក្យបណ្ដឹង​នោះ បាន​ស្គាល់​ថា ទី​១- គឺ​លោក ឈាង តុលា ប្រធាន​មន្ទីរ​កសិកម្ម​ខេត្តកំពង់ស្ពឺ​, ទី​២- លោក យឹ​ម ណ​ន អនុប្រធាន​មន្ទីរ និង​ទី​៣- លោក ផល មុន្នី នាយ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​កំពង់ស្ពឺ​។

បុគ្គល​ទាំង​៣​នាក់​ខាងលើ​នេះ ត្រូវ​បាន​ប្រភព​បង្ហើប​ថា ជា​អ្នក​រង​នូវ​បណ្ដឹង ក្រោយ​ពី​បាន​ប្រព្រឹត្ត​នូវ​ទ​ង្វើ​កៀបសង្កត់​តំណាង​ក្រុមហ៊ុន​យក​លុយ ដើម្បី​លាភសក្ការៈ​ផ្ទាល់ខ្លួន​នៅ​ក្នុង​រង្វង់​ប្រតិបត្តិការ​ការងារ ។ ក្រោយ​ពេល​ដែល​រង​នូវ​ការ​កៀបសង្កត់​យក​លុយ​ពី​សំណាក់​បុគ្គល​ទាំង​៣​នាក់ មិន​ចេះ​ចប់​មិន​ចេះ​ហើយ ហើយ​ការងារ​ក៏​មិន​អាច​ដំណើរការ​ទៅ​មុខ​បាន ទើប​ក្រុមហ៊ុន​សម្រេចចិត្ត​ដាក់​ពាក្យ​ប្ដឹង​ទៅ​តំណាង​អយ្យការ ដែល​រហូត​មក​ដល់​ពេល​នេះ នៅ​មិន​ទាន់​មាន​ចំណាត់ការ​នៅឡើយ​ទេ ទៅ​លើ​បុគ្គល​ទាំង​៣​នាក់​ខាងលើ​នេះ​។

ប្រភព​បាន​បង្ហើប​ទៀត​ថា ក្រោយ​ពី​រង​នូវ​បណ្ដឹង​អ្នក​ទាំង​៣​បាន​ស្វះ​ស្វែងរក​អន្តរាគមន៍​ពី​អ្នកមាន​អំណាច​ជា​ច្រើន ដើម្បី​កុំ​ឲ្យ​មានទោស​ទណ្ឌ​ដល់​ខ្លួន តែ​អ្នកខ្លះ​បាន​លើក​ឡើង​ថា ដោយសារ​តែ​ពួក​គាត់​ទាំង​៣​នាក់ យក​លុយ​បាន​ហើយ ចេះ​សែនព្រេន​ឲ្យ​ថ្នាក់លើ​របស់​ខ្លួន ទើប​ថ្នាក់លើ​ចេះ​តែ​បាំង​ខ្នង រាំងមុខ​មិន​ឲ្យ​អ្នក​ទាំង​៣​មានរឿង​ជាប់​ខ្លួន​ឡើយ​។

តាម​ព័ត៌មាន​ដែល​ទទួល​បាន​នៅ​ពេល​ចុង​ក្រោយ​នេះ គឺ​ភាគី​តំណាង​ក្រុមហ៊ុន កំពុង​តែ​ធ្វើការ​ចរចា​​ផ្សះផ្សារ​ជាមួយ​លោក ឈៀង តុលា ប្រធាន​មន្ទីរ​កសិកម្ម ដើម្បី​អាច​ឲ្យ​ក្រុមហ៊ុន​ដំណើរការ​របស់​ខ្លួន​បាន ហើយ​ក្រុមហ៊ុន​នឹង​ពិចារណា​សម្រេច​ដក​ពាក្យបណ្ដឹង​ឈប់​ប្ដឹង​ចំពោះ​អ្នក​ទាំង​៣​ខាងលើ នៅ​ពេល​ដែល​ការ​ចរចា​ផ្សះផ្សារ​បាន​ត្រូវ​រូ​វ​គ្នា​។

សូម​រំលឹក​ថា មហាជន​ដែល​ដឹង​រឿង​កំពុង​តែ​រង់ចាំ​មើល​ថា ក្រោយ​ពី​ក្រុមហ៊ុន​ចិន​មួយ​បាន​ដាក់​ពាក្យបណ្តឹង​ប្តឹង​លោក ឈៀង តុលា ប្រធាន​មន្ទីរ​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ​ខេត្តកំពង់ស្ពឺ លោក យឹ​ម ណ​ន អនុប្រធាន​មន្ទីរ​កសិកម្ម និង​លោក ផល មុន្នី នាយ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ខេត្តកំពង់ស្ពឺ ទៅ​ស្ថាប័ន​អយ្យការ​ពី​បទ​បរិហារកេរ្តិ៍ និង​បង្ខំ​ទារ​លុយ​ពី​ក្រុមហ៊ុន​បាន​រាប់​ម៉ឺន​ដុល្លារ ដែល​រហូត​មក​ដល់​ពេល​នេះ មាន​រយៈពេល​ជា​ច្រើន​ខែ​មក​ហើយ​។

យោង​តាម​ប្រភព​ដែល​ស្និត​ជាមួយ​រដ្ឋបាល​ព្រៃឈើ អ្នក​ពាក់ព័ន្ធ​នឹង​សាក្សី​ជា​ច្រើន ត្រូវ​បាន​អញ្ជើញ​ឱ្យ​បំភ្លឺ ក្នុង​នោះ​សុទ្ធតែ​បាន​បញ្ជាក់​ថា លោក យឹ​ម ណ​ន និង​លោក ផល មុន្នី គឺ​ពិតជា​បាន​ទទួល​លុយ​ពី​ជំនួយការ​ក្រុមហ៊ុន CC WOWEL ពិតប្រាកដ​មែន​។ ការ​ដែល​បាន​ទទួល​លុយ បន្ទាប់​ពី​លោក យឹ​ម ណ​ន និង​លោក ផល មុន្នី បាន​នាំ​គ្នា​ជិះ​រថយន្ត​ទៅ​កាន់​ទីតាំង​ដី​របស់​ក្រុមហ៊ុន​កាលពី​ថ្ងៃ​ទី​១២ ខែមេសា ឆ្នាំ​២០២២ គឺ​លោក យឹ​ម ណ​ន និង​លោក ផល មុន្នី បាន​ទាមទារ​ជួប​ជាមួយ​ជនជាតិ​ចិន ថែម​ទាំង​ទារប្រាក់​បន្ថែម​ទៀត​ទៅ​ពួក​គាត់ ។

ដោយឡែក​ប្រភព​ពី​មន្ត្រី​នៅ​មន្ទីរ​កសិកម្ម​វិញ ក៏​បាន​បង្ហើប​ផង​ដែរ​ថា រឿងរ៉ាវ​នេះ គឺ​បាន​កើតឡើង​កាលពី​អំឡុង​ចុងឆ្នាំ​២០២១ គឺ​មានឈ្មោះ ស៊ិ​ន សា​វុន ដែល​ជា​ជំនួយការ បាន​ប្រាប់​ជនជាតិ​ចិន​ថា មានឈ្មោះ យឹ​ម ណ​ន មានមុខ​ងារ​ជា​អនុប្រធាន​មន្ទីរ​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ និង​ឈ្មោះ ផល មុន្នី នាយ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ខេត្តកំពង់ស្ពឺ បាន​ទំនាក់ទំនង​ទារប្រាក់​ជា​ថ្នូរ និង​ការ​មិន​មក​រំខាន​ធ្វើ​ទុក​បុក​ម្នេញ ដល់​ការ​អភិវឌ្ឍន៍​ស្របច្បាប់​របស់​ក្រុមហ៊ុន​ឡើយ ដោយ​យល់​ឃើញ​ថា ការ​ប្រគល់​​ប្រាក់​ឱ្យ​មន្ត្រី​ជំនាញ ក៏​ជា​ការ​ជួយ​សម្រួល ពេល​នោះ​ក្រុមហ៊ុន​ក៏​ឯកភាព និង​បានឱ្យ​ប្រាក់​ទៅ​ឈ្មោះ យឹ​ម ណ​ន និង​ឈ្មោះ ផល មុន្នី បន្តបន្ទាប់ ។

ប្រភព​ព័ត៌មាន​បាន​បន្ត​ទៀត​ថា ទឹកប្រាក់​សរុប​ដែល​លោក យឹ​ម ណ​ន និង​លោក ផល មុន្នី ទទួល​យក​ពី​ជំនួយការ​នាយក​ក្រុមហ៊ុន​នោះ ជាង​១០​ម៉ឺន​ដុល្លារ​សហរដ្ឋអាមេរិក​ឯណោះ ហើយ​រឿងរ៉ាវ​រហូត​ដល់​ការ​ប្តឹងផ្តល់​គ្នា​។ បន្ទាប់​ពី​ក្រុមហ៊ុន​ផ្អាក​ឱ្យ​លុយ ទើប​លោក យឹ​ម ណ​ន និង​លោក ផល មុន្នី មិន​អនុញ្ញាត​ឱ្យ​ក្រុមហ៊ុន​ឈូស​ឆាយ​សំអាត​ដី​ដូច​មុន​ឡើយ ។ ទ​ង្វើ និង​សកម្មភាព​របស់​លោក​ទាំង​២ ស្តែង​ឱ្យ​ឃើញ​យ៉ាង​ច្បាស់​ពិតប្រាកដ​ថា គឺជា​អំពើ​ពុក​រលួយ​ចំពោះ​លុយ​ដែល​បាន​ពី​ក្រុមហ៊ុន គឺ​លោក យឹ​ម ណ​ន តែងតែ​អះអាង​ថា យក​ទៅ​ជូន​ថ្នាក់ដឹកនាំ គេ​មិនដឹង​ថា ថ្នាក់លើ​ណាខ្លះ​ទេ ដែល​ជាប់​ពាក់ព័ន្ធ​ជាមួយ​លោក យឹ​ម ណ​ន និង​លោក ផល មុន្នី នេះ​ខ្លះ​ទេ?​។

ជួប​ជាមួយ​អ្នក​យក​ព័ត៌មាន​យើង លោក យឹ​ម ណ​ន និង​លោក ផល មុន្នី បាន​ប្រាប់​ថា លោក​មិន​ស្គាល់​ជនជាតិ​ចិន និង​ក្រុមហ៊ុន CC WOWEL នោះ​ទេ ហើយ​លោក​ទាំង​២​ក៏​មិនដឹង​ថា គេ​ប្តឹងផ្តល់​លោក​ដែរ វា​ជា​សិទ្ធិ​របស់​គេ​ទេ​។ ដោយឡែក​តំណាង​ក្រុមហ៊ុន លោក អ៊ុ​ង គង្គា បាន​លើក​ជា​សំណួរ​ថា តើ​នរណា​ដែល​នាំ​គ្នា​ឈរ​និយាយ​ជាមួយ​លោក​ក្នុង​បរិវេណ​ក្រុមហ៊ុន កាលពី​ថ្ងៃ​ទី​១២ ខែមេសា ឆ្នាំ​២០២២​?​។

ចាប់តាំងពី​ពេល​នោះ​មក ក្រោម​ការ​បញ្ជា​របស់​លោក ឈៀង តុលា មេព្រៃ ដែល​ជា​កូនចៅ​របស់​លោក ផល មុន្នី ត្រូវ​បាន​បញ្ជូន​ឱ្យទៅ​ធ្វើការ​ដកហូត​យក​គោ​យន្ត​ដឹក​ចេក និង​ខ្យូ​ស​ឬ​ស្សី​ពី​ក្នុង​បរិវេណ​ដី​ក្រុមហ៊ុន​ជា​បន្តបន្ទាប់ ។

បើ​យោង​តាម​ប្រភព​ពី​មន្ត្រី​រដ្ឋបាល​ព្រៃឈើ​មួយ​រូប ក៏​បាន​បង្ហើប​ផង​ដែរ​ថា លោក ឈៀង តុលា នៅ​តែ​បញ្ជា​ឱ្យ​មន្ត្រី​ចុះ​ទៅ​ឃ្លាំមើល ហើយ​មិនយូរ​ទេ​នឹង​ត្រូវ​ចុះ​ទៅ​កម្ទេច​រោង និង​ឃ្លាំង របស់​ក្រុមហ៊ុន​ថែម​ទៀត​ផង​។

រឿង​ខាងលើ​នេះ​ហើយ ដែល​ក្រុមហ៊ុន​ទ្រាំ​លែង​បាន​ក៏​ប្តឹង​មន្ត្រី​ទាំង​៣​នាក់​យ៉ាង​ស្វិតស្វាញ ។ ទីបំផុត​មន្ត្រី​មុខលុយ​ទាំង​៣​នាក់ ក៏​បាន​សុំ​សម្របសម្រួល ចរចា​គ្នា រហូត​ដល់​សុំ​ឱ្យ​ក្រុមហ៊ុន​ដក​ពាក្យបណ្តឹង​ទៀត​ផង ។

ពេល​មាន​ព័ត៌មាន​ប្លែក យើង​នឹង​ផ្សាយ​ជូន​បន្ត​ទៀត​។
ព័ត៌មាន​ពិស្តារ​បន្ត​នឹង​មាន​ផ្សាយ​ជូន​នៅ​លើ​កាសែត​កោះសន្តិភាព

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ