បានជាពិធីបុណ្យភ្ជុំបិណ្ឌនេះគេតែងប្រារព្ធឡើងនៅក្នុងរដូវវស្សា បើតាមបុរាណាចារ្យរាជបណ្ឌិតខ្មែរយើងយល់ឃើញថា ព្រោះនៅក្នុងរដូវកាលនេះ ពពួកប្រេតដែលនៅមានកម្មស្រាលអាចមានឱកាសច្រើនក្នុងការស្វែងរកចំណីអាហារជាងរដូវផ្សេងៗដោយសារជារដូវសម្បូរភ្លៀង ហើយអាហាររបស់ពួកប្រេតក៏សម្បូរដូចជា លាមក ភក់ជ្រាំ ស្លេស្ម៍ កំហាក ខ្ទុះឈា.ម សាកស.ព និងកាកសំណល់អសោចិ៍មានច្រើននៅក្នុងខែភ្លៀងនេះ។
បានឮមកថា នៅក្នុងរដូវបុណ្យភ្ជុំបិណ្ឌរយៈពេល១៥ថ្ងៃនេះ មានពួកប្រេតជាសាច់ញាតិទាំងប្រាំពីរសណ្ដាន ព្រមទាំងតំណញាតិច្រើនមហាកប្ប ដែលស្រេកឃ្លានអាហារអស់កាលជាយូរមកហើយនោះ ត្រូវបានរួចផុតពីការឃុំឃាំងរបស់យមបាល អនុញ្ញាតឲ្យមកស្វែងរកសាច់ញាតិ នៅតាមវត្តអារាមផ្សេងៗ ដែលនាំយកចំណីអាហារមកឧទ្ទិសកុសលឲ្យខ្លួន ។
បើតាមសម្ដីចាស់បុរាណយើងនិយាយតៗគ្នាថា ក្នុងរយៈពេល១៥ថ្ងៃ នេះបើពួកប្រេតទាំងអស់នោះ ដើរស្វែងរកញាតិចំនួន៧វត្តនៅតែមិនឃើញទេ ពួកប្រេតទាំងអស់នោះនឹងស្រែកយំកន្ទក់កន្ទេញ ទន្ទ្រាំជើង ព្រោះតែការខកបំណង និងភាពស្រេកឃ្លានក្រហ.ល់ក្រហា.យដ៏ក្រៃលែង ហើយពួកប្រេតទាំងនោះ នឹងជេរដាក់បណ្ដាសាដល់សាច់ញាតិ កូនចៅដោយប្រការផ្សេងៗមិនខាន។ព្រោះហេតុនេះសាធុជនជាសប្បុរស គួររកពេលវេលាដ៏សមស្របណាមួយ ដើម្បីធ្វើចង្ហាន់ទៅវត្តអារាមយ៉ាងតិចឱ្យបានមួយវត្តក្នុងរយៈពេល១៥ថ្ងៃនេះ ចាប់ពីថ្ងៃ១រោច ដល់ថ្ងៃ១៥រោច ខែភទ្របទ ដើម្បីឧទ្ទិសកុសលផលបុណ្យទៅដល់សាច់ញាតិដែលបានស្លា.ប់ទៅហើយនោះ។
តាមទំនៀមទម្លាប់នៃប្រទេសកម្ពុជាបង្ហាញថា ពិធីបុណ្យភ្ជុំបិណ្ឌ គឺកើតមានតាំងពីបុរាណកាលមកម្ល៉េះ។ ប៉ុន្តែទាស់ត្រង់ថា កាលពីសម័យមុនគេមិនហៅថា បុណ្យភ្ជុំទេ ដោយនៅក្នុងពិធីនេះគេមានបែងចែកចេញជាពីរថ្នាក់។ ថ្នាក់ដំបូង គឺគេចាប់ផ្ដើមធ្វើចាប់ពីថ្ងៃ១រោច រហូតដល់ថ្ងៃ១៤រោច ជាវារភត្ត ឬភត្តធ្វើតាមថ្ងៃជាបន្តបន្ទាប់។
ចំណែកមួយថ្នាក់ទៀត គេធ្វើនៅថ្ងៃ១៥រោច ដែលគេហៅថាបុណ្យភ្ជុំ។ពិធីបុណ្យទាំងពីរថ្នាក់នេះ បច្ចុប្បន្នត្រូវបានយើងបូកបញ្ចូលគ្នា ហើយហៅកាត់ថា ពិធីបុណ្យបិណ្ឌភ្ជុំនេះឯង ។បច្ចុប្បន្នពិធីបុណ្យភ្ជុំបិណ្ឌ ត្រូវបានប្រជាពលរដ្ឋខ្មែរប្រារព្ធឡើងជារៀងរាល់ឆ្នាំ គឺចាប់ពីថ្ងៃ១រោច ខែភទ្របទ រហូតដល់ថ្ងៃ១៥រោច ខែភទ្របទ ដែលត្រូវនឹងខែកញ្ញា ៕
ចែករំលែកព័តមាននេះ