ខេត្តស្វាយរៀង ៖ ក្រុមគ្រួសារមួយ បានអំពាវនាវសុំឲ្យសាលាដំបូងខេត្ត ជួយរកយុត្តិធម៌ឲ្យកូនប្រុសដែលត្រូវជនសង្ស័យ១ក្រុមមានគ្នា៣ទៅ៤នាក់ ក្នុងនោះមានស្គាល់ម្នាក់ជាមន្ត្រីនគរបាលវរការពារព្រំដែន ស្ទាក់កា.ប់ចំនួន២ដាវ ចំដៃស្តាំ១ដាវមុតដល់ឆ្អឹង និង១ដាវរយះពោះរងរបួសធ្ងន់ ។ ក្រោយកើតហេតុ ជនរងគ្រោះត្រូវបានក្រុមគ្រួសារដឹកទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកខេត្ត តែដោយសាររបួសធ្ងន់ពេក ក៏បញ្ជូនបន្តទៅមន្ទីរពេទ្យជោរៃ នៅរាជធានីភ្នំពេញ ។
បើតាមសមត្ថកិច្ចឲ្យដឹងថា អំពើហិ.ង្សានេះ កើតឡើងកាលពីវេលាម៉ោងប្រមាណ១និង៣០នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២២កន្លងទៅ នៅវផ្លូវបំបែកខាងជើងផ្សារវាលយន្ត មុខផ្ទះអតីតមេភូមិស្វាយរៀង ស្ថិតក្នុងភូមិស្វាយរៀង សង្កាត់ស្វាយរៀង ក្រុងស្វាយរៀង ។
ជនរងគ្រោះខាងលើមានឈ្មោះ សូ ប៊ុនធឿន ភេទប្រុស អាយុ៣០ឆ្នាំ ជាពលករនៅប្រទេសជប៉ុន មានទីលំនៅក្នុងភូមិស្វាយរៀង សង្កាត់ស្វាយរៀង ក្រុងស្វាយរៀង ។ ចំណែកជនសង្ស័យឈ្មោះ សួន សិទ្យា ហៅ សិដ្ឋ ភេទប្រុស អាយុ២៣ឆ្នាំ ជានគបាលវរការពារព្រំដែនប៉ុស្តិ៍ច្រកទ្វារព្រំដែនបន្ទាយចក្រី ខេត្តព្រៃវែង ជាជនដៃដល់ មានទីលំនៅក្នុងភូមិគយត្របែក សង្កាត់គយត្របែក ក្រុងស្វាយរៀង និងបក្ខពួក៣ទៅ៤នាក់ទៀត ។
បើតាមស្ត្រីឈ្មោះ គង់ រិទ្ធី អាយុ៥២ឆ្នាំ មុខរបរលក់ដូរ ត្រូវជាម្តាយជនរងគ្រោះ បាននិយាយឱ្យដឹងថា កូនគាត់ សូ ប៊ុនធឿន ទៅធ្វើការនៅប្រទេសជប៉ុន និងទើបត្រឡប់មកផ្ទះវិញ កាលពីថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២២កន្លងទៅ ។ នាល្ងាចថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២២ ក្រោយពីជួបជុំបងប្អូនហូបបាយរួច ក៏អង្គុយជជែកគ្នាលេងជាមួយបងប្អូន និងមិត្តភក្តិរហូតដល់ម៉ោង១និង៣០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី៤ ខែកញ្ញា ស្រាប់តែមានអ្នកជិតខាងមកប្រាប់ថា កូនប្រុសគាត់ត្រូវគេកា.ប់ ។
បើតាមឈ្មោះ ពៅ ផានិត ភេទប្រុស អាយុ២៥ឆ្នាំ នៅភូមិកៀនសាំង សង្កាត់ស្វាយរៀង ក្រុងស្វាយរៀង និយាយថា មុនពេលកើតហេតុ ខ្លួនបានអង្គុយជជែកគ្នាលេងសួរសុខទុក្ខគ្នា រួចក៏នាំគ្នាផឹកស៊ីបន្តិចបន្តួច ។ លុះអស់ម្ហូប ខ្លួននិងប្អូនប្រុសឈ្មោះ គង់ និងជនរងគ្រោះ បានជិះម៉ូតូទៅរកទិញម្ហូបមកក្លែមទៀត ។ ពេលទៅដល់ផ្លូវបំបែកខាងជើងផ្សារវាលយន្ត ស្រាប់តែមានម៉ូតូ៣ទៅ៤គ្រឿងមកស្ទាក់សួរ ។ ខណៈនោះជនរងគ្រោះបានចុះពីលើម៉ូតូ ដើរត្រឡប់ទៅផ្ទះវិញ ស្រាប់តែក្រុមជននោះចុះពីលើម៉ូតូកា.ប់តែម្តង រីឯខ្លួនឃើញដូច្នេះ ក៏ជិះម៉ូតូរត់គេចចេញពីក្រុមជនខាងលើយករួចខ្លួន តែម្តង។
ចំណែកមន្ត្រីសមត្ថកិច្ច១រូបសុំមិនបញ្ចេញឈ្មោះបានឲ្យដឹងថា ប្រជាពលរដ្ឋនៅជិតកន្លែងកើតហេតុ បានរាយការណ៍ឲ្យសមត្ថកិច្ចជួយអន្តរាគមន៍ ដោយឃើញក្រុមជនសង្ស័យមានគ្នាបីបួនម៉ូតូ ជិះឆ្វែលម្តុំកន្លែងកើតហេតុ ហើយចុះពីលើម៉ូតូដើរគោះទ្វារផ្ទះអ្នកស្រុកហៅឲ្យចេញ ទំនងដេញតាមវា.យក្រុមណាមួយ ។ ខណៈនោះ ស្រាប់តែឃើញម៉ូតូជនរងគ្រោះមកដល់ ក៏ស្ទាក់សួរនាំ និងស្ទុះទៅកា.ប់ជនរងគ្រោះម្នាក់ ក្នុងចំណោម៣នាក់ ឲ្យរងរបួស ហើយស្រែកថា «កា.ប់មនុស្សច្រឡំហើយ ទើបក្រុមជននោះនាំគ្នាឡើងជិះម៉ូតូគេចខ្លួនបាត់ភ្លាមៗទៅ» ។
លុះព្រឹកឡើង សមត្ថកិច្ចបានមកពិនិត្យកាមេរ៉ាសុវត្ថិភាព ឃើញក្រុមជនសង្ស័យធ្វើសកម្មភាពដើរគោះទ្វារផ្ទះអ្នកស្រុកមុនពេលកើតហេតុ និងបានស្គាល់អត្តសញ្ញាណក្រុមជនសង្ស័យខ្លះហើយ ក្នុងនោះជនសង្ស័យម្នាក់ឈ្មោះ សួន សិទ្យា ភេទប្រុស អាយុ២៣ឆ្នាំ ជានគរបាល ។
មហាជនបានរិះគន់ថា ប្រជាពលរដ្ឋបានរាយការណ៍ជូនសមត្ថកិច្ចហើយ បង្ហាញទាំងឈ្មោះជន
បង្កទៀត ក៏ប៉ុន្តែសមត្ថកិច្ចមិនបានធ្វើការបង្ក្រាប ទុកពន្យារពេលឲ្យក្រុមជនល្មើសគេចខ្លួន ហើយ
ក្រុមគ្រួសារជនរងគ្រោះបានប្តឹងទៅកងរាជអាវុធហត្ថខេត្តវិញ សុំឲ្យជួយរកយុត្តិធម៌ ។
រហូតមកដល់ល្ងាចថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២២ សមត្ថកិច្ចមិនទាន់ចាប់ក្រុមជនល្មើសបាននៅឡើយទែ ទើបក្រុមគ្រួសារជនរងគ្រោះស្វះស្វែងរកអង្គការសិទ្ធិមនុស្សឲ្យជួយអន្តរាគមន៍ ទៅសាលាដំបូងខេត្ត ដើម្បីមានចំណាត់ការ ដោយជនសង្ស័យជានគរបាល ហើយមានគេបង្ហើបថា មានខ្នងក្រាស់ ។
តាមប្រភពព័ត៌មានថា ជនសង្ស័យខាងលើ ធ្លាប់កា.ប់ជនរងគ្រោះម្នាក់របួសក្បាលធ្ងន់ ហើយមត្ថកិច្ចក៏ធ្លាប់បានសម្រួលត្រឹមបង់សំណងជាប្រាក់ថ្លៃព្យាបាលឲ្យជនរងគ្រោះប៉ុណ្ណោះ ។ ក្រុមជនល្មើសនេះ តែងតែជិះម៉ូតូដេញវា.យអ្នកធ្វើដំណើរពេលយប់ជាញឹកញាប់ និងមិនដែលឃើញសមត្ថកិច្ចបង្ក្រាបទេ ។
អ្នករស់នៅក្នុងក្រុងស្វាយរៀង អំពាវនាវសូមឲ្យអាជ្ញាធរមានសមត្ថកិច្ច ជាពិសេសសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ មេត្តាជួយអន្តរាគមន៍រកយុត្តិធម៌ឲ្យក្រុមគ្រួសារជនរងគ្រោះផង ៕
ចែករំលែកព័តមាននេះ