ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចាប់ខ្លួន​យុវជន​៨​នាក់ ក្រោយ​យក​ពូថៅ​គប់​ទៅ​លើ​ជន​រង​គ្រោះ​២​នាក់​កំពុង​ជិះ​ម៉ូតូ​លើ​ដងផ្លូវ

1 ឆ្នាំ មុន
  • ប៉ៃលិន

រហូត​មក​ដល់​ថ្ងៃ​ទី​០៨ ខែកញ្ញា ឆ្នាំ​២០២២​នេះ ជនសង្ស័យ​ចំនួន​៨​នាក់ ក្នុង​ចំណោម​០៩​នាក់ ដែល​ត្រូវ​បាន​តុលាការ​ចោទប្រកាន់​ពី​បទ

ខេត្ត​ប៉ៃលិន ៖ រហូត​មក​ដល់​ថ្ងៃ​ទី​០៨ ខែកញ្ញា ឆ្នាំ​២០២២​នេះ ជនសង្ស័យ​ចំនួន​៨​នាក់ ក្នុង​ចំណោម​០៩​នាក់ ដែល​ត្រូវ​បាន​តុលាការ​ចោទប្រកាន់​ពី​បទ «​ឃា​.​ត​កម្ម​គិត​ទុកជា​មុន ទៅ​លើ​ជន​រង​គ្រោះ​ចំនួន​២​នាក់ បណ្តាល​ឱ្យ​ស្លា​.​ប់ម្នាក់ និង​រង​របួស​ម្នាក់ ព្រមទាំង​ខូចខាត​ម៉ូតូ​១​គ្រឿង ហើយ​ត្រូវ​បាន​នគរបាល​ចាប់​ឃាត់ខ្លួន បញ្ជូន​ទៅ​ដាក់​ពន្ធនាគារ​ខេត្ត​ប៉ៃលិន​ហើយ​។

សូម​បញ្ជាក់​ថា កាលពី​វេលា​ម៉ោង​១១​និង​០០​នាទី​យប់ ថ្ងៃ​ទី​៣០ ខែសីហា ឆ្នាំ​២០២២ មាន​ករណី​ឃា​.​ត​កម្ម​គិត​ទុកជា​មុន នៅ​ចំណុច​ស្រែប្រាំង ស្ថិត​ក្នុងភូមិ​ភ្នំ​ស្ពង់ ឃុំ​សាលា​ក្រៅ ស្រុក​សាលា​ក្រៅ ខេត្ត​ប៉ៃលិន បណ្តាល​ឱ្យ​មនុស្ស​ម្នាក់​បាន​ស្លា​.​ប់ និង​រង​របួសស្រាល​ម្នាក់ ព្រមទាំង​ខូចខាត​ម៉ូតូ​០១​គ្រឿង​យ៉ាងដំណំ ខណៈ​ជន​រង​គ្រោះ​កំពុង​ជិះ​ម៉ូតូឌុប​គ្នា​សុខ​ៗ​តាម​ដងផ្លូវ ក្នុង​ទិស​ដៅ​ពី​ត្បូង​ទៅ​ជើង ស្រាប់តែ​ត្រូវ​ក្រុម​ក្មេង​ទំនើង​ខាងលើ បាន​ទាញ​យក​ពូថៅ​គប់​ពេញទំហឹង បណ្តាល​ឱ្យ​ត្រូវ​ចំ​ក្បាល​របស់​ជន​រង​គ្រោះ​ស្លា​.​ប់​បាត់បង់​ជីវិត​តែ​ម្តង និង​ម្នាក់​ទៀត​រង​របួស​។

ប្រភព​ព័ត៌មាន​បានឱ្យ​ដឹង​ថា ក្រោយ​នគរបាល​ទទួល​ពាក្យបណ្តឹង​ពី​សាច់ញាតិ​ជន​រង​គ្រោះ ហើយ ដោយ​មាន​គោលការណ៍​ឯកភាព​ពី​លោក​ព្រះរាជអាជ្ញា នៃ​អយ្យការ​អម​សាលាដំបូង​ខេត្ត​ប៉ៃលិន ខាង​នគរបាល​ព្រហ្មទណ្ឌ​នៃ​ស្នងការ​ខេត្ត បាន​បើក​ការ​ស៊ើបអង្កេត ចុះ​ពិនិត្យ​ជាក់ស្ដែង និង​ស្តាប់​តាម​ការ​បំភ្លឺ​របស់​សាក្សី ដែល​មានផ្ទះ​នៅ​ក្បែរ​កន្លែង​កើតហេតុ រួច​សួរនាំ​ដល់​ផ្ទះ​ជន​រង​គ្រោះ (​គ្រួសារ​ស​.​ព​) លុះ​រហូត​មក​ដល់​ថៃ្ង​ទី​០៣ ខែកញ្ញា ឆ្នាំ​២០២២ សមត្ថកិច្ច​បាន​ឈាន​ដល់កំណត់​បាន​មុខសញ្ញា និង​បាន​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​០៨​នាក់ ដែល​មានឈ្មោះ​ដូច​ខាងក្រោម ៖

ទី​១- ឈ្មោះ ជី ថៃ ភេទ​ប្រុស អាយុ​១៧​ឆ្នាំ ទី​២- ឈ្មោះ វិត ចាន់ ភេទ​ប្រុស អាយុ​១៧​ឆ្នាំ ទាំង​ពីរ​នាក់​នេះ រស់នៅ​ភូមិ​ភ្នំ​កុយ ឃុំ​សាលា​ក្រៅ ស្រុក​សាលា​ក្រៅ ខេត្ត​ប៉ៃលិន ទី​៣- ឈ្មោះ ឡូត សាក់​កាន ភេទ​ប្រុស អាយុ​១៥​ឆ្នាំ ទី​៤- ឈ្មោះ សូរ សីហា ភេទ​ប្រុស អាយុ​១៥​ឆ្នាំ ទី​៥- ឈ្មោះ ធូ ពិ​ទូ ភេទ​ប្រុស អាយុ​១៣​ឆ្នាំ ទី​៦- ឈ្មោះ ចាន់​ឌី សំណាង ភេទ​ប្រុស អាយុ​១៧​ឆ្នាំ (​ជា​ជន​ដៃដល់​) ទី​៧- ឈ្មោះ ជា វិចិត្រ ភេទ​ប្រុស អាយុ​១៦​ឆ្នាំ និង​ទី​៨- ឈ្មោះ សុខ វណ្ណៈ (​ហៅ​ធន​) ភេទ​ប្រុស អាយុ​២១​ឆ្នាំ ទាំង​៦​នាក់​នេះ រស់នៅ​ក្នុងភូមិ​ភ្នំ​ស្ពង់ ឃុំ​សាលា​ក្រៅ ស្រុក​សាលា​ក្រៅ ខេត្ត​ប៉ៃលិន​។

ប្រភព​ដដែល​បញ្ជាក់​ថា ៖ ជនសង្ស័យ​មាន​បក្សពួក​រហូត​ដល់​ចំនួន​០៩​នាក់ តែ​ឃាត់ខ្លួន​បាន​ត្រឹម​ចំនួន​០៨​នាក់​នោះ​ទេ នៅ​សល់​ម្នាក់​ទៀត​មានឈ្មោះ ភា ភេទ​ប្រុស បាន​រត់គេច​ខ្លួន ហើយ​ខណៈ​ពេល​នេះ​សមត្ថកិច្ច​កំពុង​តែ​តាម​ស្រាវជ្រាវ ដើម្បី​ឃាត់ខ្លួន​យក​ទៅ​សួរនាំ​បន្ថែម​។

បើ​តាម​ចម្លើយ​សារភាព​របស់​ជនសង្ស័យ​ទាំងអស់​ខាងលើ បានឱ្យ​ដឹង​ថា ៖ ពួក​គេ​ពិតជា​បាន​ពួនស្ទាក់​យក​ពូថៅ​គប់​ទៅ​លើ​ជន​រង​គ្រោះ​ពីក្រោយ​ខ្នង បណ្តាល​ឱ្យ​ស្លា​.​ប់ម្នាក់​នៅ​នឹង​កន្លែង​ពិតប្រាកដ​មែន ដោយសារ​តែ​ការ​ចងគំនុំ​ទំនាស់​ពាក្យ​សម្តី​រវាង​គ្នា​នឹង​គ្នា​កាលពី​កន្លង​ទៅ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ