បាល់ទះកម្ពុជានាំយកគ្រូបង្វឹកគុយបា៤រូបមកពង្រឹងក្រុមជម្រើសជាតិត្រៀមស៊ីហ្គេម
- ភ្នំពេញ
រាជធានីភ្នំពេញ ៖ សហព័ន្ធកីឡាបាល់ទះកម្ពុជាបាននាំយកគ្រូបង្វឹក និងមន្ត្រីបច្ចេកទេស៤ រូបមក
រាជធានីភ្នំពេញ ៖ សហព័ន្ធកីឡាបាល់ទះកម្ពុជាបាននាំយកគ្រូបង្វឹក និងមន្ត្រីបច្ចេកទេស៤ រូបមក
រាជធានីភ្នំពេញ ៖ សហព័ន្ធកីឡាបាល់ទះកម្ពុជាបាននាំយកគ្រូបង្វឹក និងមន្ត្រីបច្ចេកទេស៤ រូបមកពីប្រទេសគុយបា ដើម្បីបង្ហាត់ក្រុមអត្តពលិកជម្រើសជាតិ និងជួយការងារបច្ចេកទេសកីឡាបាល់ទះឆ្នេរខ្សាច់កម្ពុជា ត្រៀមប្រកួតប្រជែងមេដាយក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ ដែលកម្ពុជាធ្វើម្ចាស់ផ្ទះលើកដំបូង។
មន្ត្រីបច្ចេកទេស និងគ្រូបង្វឹកជនជាតិគុយបាមានលោក Karell Pena Ventoza ជាគ្រូបង្វឹកបាល់ទះឆ្នេរខ្សាច់, លោក Berto Friol Barrios គ្រូបង្វឹកបាល់ទះក្នុងសាល លោក Leonid Abum Castillo និងកញ្ញា Natyelis Riol Cardenas។ ក្រុមការងារបច្ចេកទេស និងគ្រូបង្វឹកទាំង៤រូបនេះបានចូលជួបលោក អាំង សេរីពិសិដ្ឋ អគ្គលេខាធិការសហព័ន្ធកីឡាបាល់ទះកម្ពុជាកាលពីថ្ងៃទី២៩ ខែសីហា នៅពហុកីឡដ្ឋានជាតិ ព្រមទាំងបានចូលមើលបច្ចេកទេសកីឡាករបាល់ទះឆ្នេរខ្សាច់ជម្រើសជាតិផងដែរ។
ក្នុងពេលជួបគ្នានោះដែរ លោកអគ្គលេខាធិការបានប្រាប់អ្នកសារព័ត៌មានថា ៖«យើងនាំយកពួកគាត់មកនេះ បន្ទាប់ពីទទួលបានការអនុញ្ញាតពីឯកឧត្ដមបណ្ឌិត នេត សាវឿន ប្រធានសហព័ន្ធកីឡាបាល់ទះកម្ពុជា និងឯកឧត្ដម ស សុខា អនុប្រធាន ហើយជាក់ស្ដែងថ្ងៃនេះតាមរយៈឯកឧត្ដម ជា ពៅ យើងឃើញថា គ្រូបង្វឹកខាងគុយបាមានពីរវិញ្ញាសាមកគឺមានបាល់ទះក្នុងសាល និងបាល់ទះឆ្នេរខ្សាច់។ ប៉ុន្តែតាមការណែនាំរបស់ឯកឧត្ដមប្រធាន និងអនុប្រធានគឺយើងត្រូវការគ្រូបង្វឹកបាល់ទះឆ្នេរខ្សាច់ជាចាំបាច់»។
លោកអគ្គលេខាធិការបានបន្ថែមថា ៖«ដូចយើងដឹងហើយថា បាល់ទះឆ្នេរខ្សាច់យើងមិនអន់ពេកទេ បើទោះបីការហ្វឹកហាត់របស់យើងមិនទាន់ដល់កម្រិតស្តង់ដារក៏ពិតមែន ។ ក្នុងការប្រកួតស៊ីហ្គេមនៅវៀតណាមថ្មីៗនេះ យើងក៏មានឈ្នះការប្រកួត និងទទួលបានលេខ៥ដែរ ។ ប៉ុន្តែក្នុងនាមជាថ្នាក់ដឹកនាំសហព័ន្ធ យើងមិនចង់បានចំណាត់ថ្នាក់នេះទេ គឺយើងចង់បានមេដាយ ។ យើងអញ្ជើញគ្រូបង្វឹកគុយបាមកគឺសម្រាប់ធ្វើជាគ្រូបង្គោលបាល់ទះឆ្នេរខ្សាច់ ។
លោកអគ្គលេខាធិការបានបន្តថា ទន្ទឹមនឹងនោះក៏យើងត្រូវសិក្សាទៅលើការបង្ហាត់របស់គាត់ដែរ ថា គាត់ខ្លាំងជាង ប្រហាក់ប្រហែល ឬគាត់ខ្សោយជាងគ្រូបង្វឹកកម្ពុជាយើង ។ ខ្ញុំសង្ឃឹមថា ជាលក្ខណៈសាកល្បងរយៈពេលខ្លី២-៣ខែនេះ គាត់នឹងបង្ហាញពីលទ្ធផលមកយើងខ្លះថា ការអភិវឌ្ឍសមត្ថភាពជំនាញរបស់កីឡាករបាល់ទះឆ្នេរខ្សាច់យើងមានការកើនឡើងឬអត់? យើងគ្រោងបង្កើតពានបាល់ទះឆ្នេរខ្សាច់មួយឲ្យពួកគាត់សាកល្បងបច្ចេកទេស ដូច្នេះយើងនឹងបានដឹងលទ្ធផលច្បាស់»។
គួរឱ្យដឹងផងដែរថា សម្រាប់បាល់ទះក្នុងសាលកម្ពុជាមានគ្រូបង្វឹករួចរាល់ហើយគឺលោក Li Jun ដែលជាជនជាតិចិន ហើយគ្រូបង្វឹករូបនេះក៏បានជួយកម្ពុជាបំបែកកំណត់ត្រាកាលស៊ីហ្គេមនៅវៀតណាមឈ្នះមេដាយសំរឹទ្ធដែរ ។ សហព័ន្ធចង់រក្សាមេដាយឲ្យដូចកាលស៊ីហ្គេមនៅវៀតណាម ឬបើអាចបង្កើនសមត្ថភាពយកមេដាយឲ្យបានខ្ពស់ជាងឆ្នាំចាស់ ដូច្នេះលោកគ្រូបាល់ទះក្នុងសាលជនជាតិគុយបាអាចជាគ្រូជំនួយ ឬជានាយកបច្ចេកទេស ដែលប្រឹក្សាយោបល់លើការហ្វឹកហាត់ ឬយុទ្ធសាស្ត្រនៃការប្រកួត។
ប្រសិនបើគ្រូបាល់ទះក្នុងសាលរូបនោះព្រមព្រៀងក្នុងលក្ខខណ្ឌនេះ សហព័ន្ធនឹងរក្សាគ្រូគុយបានោះ។ ប៉ុន្តែលោកគ្រូបង្វឹកគុយបានៅចង់ជួយកម្ពុជាពេញដៃជើង តែយ៉ាងណាសហព័ន្ធក៏នៅតែចាំមើលលទ្ធផលបង្វឹករបស់គ្រូបង្វឹកគុយបានោះជាមុនសិន ៕
ចែករំលែកព័តមាននេះ