ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សំណងជាង១៣០លានដុល្លារ​ជូនបណ្ដាជនរងគ្រោះ​​ពីការបំពា.នរបស់ពេទ្យកាយសម្ព័ន្ធ Larry Nassar

3 ខែ មុន

សហរដ្ឋអាម៉េរិក ៖ នាយកដ្ឋានយុត្តិធម៌សហរដ្ឋអាម៉េរិក នឹងផ្តល់ប្រាក់សំណងចំនួន ១៣៨.៧លាន

សហរដ្ឋអាម៉េរិក ៖ នាយកដ្ឋានយុត្តិធម៌សហរដ្ឋអាម៉េរិក នឹងផ្តល់ប្រាក់សំណងចំនួន ១៣៨.៧លានដុល្លារអាម៉េរិកដល់បណ្ដាជនរងគ្រោះរងការរំលោភបំពានផ្លូវភេទពីលោកវេជ្ជបណ្ឌិត Larry Nassar ដែលជាអតីតវេជ្ជបណ្ឌិតនៃក្រុមកីឡាកាយសម្ព័ន្ធជាតិសហរដ្ឋអាម៉េរិក ជុំវិញការបរាជ័យរបស់ការិយាល័យសហព័ន្ធស៊ើបអង្កេត FBI ក្នុងការស៊ើបអង្កេតលើការទាមទាររបស់ជនរងគ្រោះ។ នេះបើយោងតាមប្រភពពី CNN ចេញផ្សាយនៅថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៤។

ដោយឡែក របាយការណ៍របស់ BBC នៅថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៤ បានឱ្យដឹងថា នៅក្នុងពាក្យបណ្ដឹងនៅឆ្នាំ ២០២២ ជនរងគ្រោះមួយចំនួនដែលរងការរំលោភបំពានផ្លូវភេទពីលោក Nassar បានចោទប្រកាន់ FBI ថាបានប្រព្រឹត្តិខុសចំពោះពាក្យបណ្ដឹង ហើយមិនបានយកចិត្តទុកដាក់ខ្ពស់ទៅលើបណ្ដឹងជនរងគ្រោះចំនួន១៣៩នាក់ រួមមានទាំងកីឡាការិនី Simone Biles, Aly Raisman និង McKayla Maroney ម្ចាស់មេដាយមាសកីឡាកាយសម្ព័ន្ធអូឡាំពិករបស់អាម៉េរិកផងដែរ។

នៅឆ្នាំ ២០២១ នាយកដ្ឋានយុត្តិធម៌នៃអគ្គអធិការកិច្ចសហរដ្ឋអាម៉េរិក ដែលបម្រើការជាអ្នកឃ្លាំមើលការិយាល័យសហព័ន្ធស៊ើបអង្កេត FBI បានសន្និដ្ឋានថា ទីភ្នាក់ងារនេះ មិនបានអើពើនឹងការចោទប្រកាន់អំពីលោក Nassar និងបានបង្កកំហុសឆ្គងផងដែរ។ ការស៊ើបអង្កេតរបស់ FBI លើលោក Nassar ចាប់ផ្តើមនៅក្នុងឆ្នាំ ២០១៥ ប៉ុន្តែអធិការកិច្ចបានរកឃើញកំហុសនៅក្នុងការស៊ើបអង្កេតនេះ រួមទាំងការខកខានក្នុងការប្រជុំឯកសារផ្លូវការជាមួយមន្ត្រីកាយសម្ព័ន្ធអាម៉េរិក បន្ទាប់ពីពួកគេបានបញ្ចប់ការស៊ើបអង្កេតផ្ទៃក្នុងរយៈពេល៥សប្តាហ៍លើអាកប្បកិរិយាលោក Nassar ។

ជាមួយគ្នានោះ ក៏មានការលើកឡើងពីការខកខានក្នុងការទាក់ទងអាជ្ញាធររដ្ឋ និងអាជ្ញាធរមូលដ្ឋានអំពីហានិភ័យ ដែលអាចកើតមានដែលលោក Nassar បានបន្តបង្កឡើងដល់អត្តពលិក ខណៈវេជ្ជបណ្ឌិតវ័យ៦០ឆ្នាំរូបនេះ បានបន្តជួបអ្នកជំងឺអស់រយៈពេលជាង១ឆ្នាំ បន្ទាប់ពីការចោទប្រកាន់ប្រឆាំងនឹងគាត់ត្រូវបានធ្វើឡើងជាលើកដំបូងទៅកាន់ FBI ។

ភាគច្រើននៃជនរងគ្រោះនៅក្នុងពាក្យបណ្ដឹងបានអះអាងថា ពួកគេបានរងការវាយដំ បន្ទាប់ពីការរំលោភបំពានរបស់លោក Nassar ត្រូវបានរាយការណ៍ជាលើកដំបូងនៅក្នុងឆ្នាំ ២០១៥ ហើយភាគច្រើនគឺជាអត្តពលិកដែលមានកម្មវិធីហាត់ប្រាណនៅសហរដ្ឋអាម៉េរិក ឬជាមួយនឹងសាកលវិទ្យាល័យ Michigan State ជាកន្លែងដែលលោក Nassar ទទួលបន្ទុកគ្រប់គ្រងគ្លីនិច។

សរុបមក ការទូទាត់សំណងតាមផ្លូវច្បាប់ដែលកើតចេញពីសកម្មភាពលោក Nassar និងលទ្ធផលបន្ទាប់បន្សំផ្សេងទៀតចំនួនសរុបជាង ១ពាន់លានដុល្លារ ដោយរួមមានការទូទាត់សំណង ៥០០លានដុល្លាររវាងរដ្ឋមីឈីហ្គែន (Michigan) និងជនរងគ្រោះរាប់រយនាក់នៅក្នុងឆ្នាំ ២០១៨ ក៏ដូចជាការទូទាត់សំណង ៣៨០លានដុល្លារជាមួយនឹងអត្តពលិកកាយសម្ព័ន្ធអាម៉េរិក ក៏ដូចជាគណៈកម្មាធិការអូឡាំពិក និងប៉ារ៉ាឡាំពិកសហរដ្ឋអាម៉េរិក។

ដោយសារបញ្ហានេះហើយ ទើបបានជានៅឆ្នាំ ២០២១ លោក Christopher Wray នាយក FBI បានធ្វើការសុំទោសដល់អត្តពលិករងគ្រោះទាំងអស់ ហើយ FBI ក៏បានបណ្ដេញភ្នាក់ងារពួកគេម្នាក់ ដែលពាក់ព័ន្ធនឹងការស៊ើបអង្កេតនេះ។

សរុបមក ស្ត្រីរងគ្រោះជាង ៣៣០នាក់ បានចោទប្រកាន់លោកវេជ្ជបណ្ឌិត Nassar ពីបទរំលោភបំពានផ្លូវភេទ។ បច្ចុប្បន្នវេជ្ជបណ្ឌិតរូបនេះ កំពុងអនុវត្តទោសដោយជាប់ពន្ធនាគាររយៈពេល​១៧៥ឆ្នាំ សម្រាប់ការផ្តន្ទាទោសលើការរំលោភផ្លូវភេទផ្សេងៗ និងផ្សេងទៀតទាក់ទងនឹងការកាន់កាប់រូបភាពអាសអាភាសរបស់កុមារផងដែរ។ កាលពីឆ្នាំមុន លោក Nassar ត្រូវបានចាក់ដោយអ្នកទោសរួមពន្ធនាគារម្នាក់ទៀត នៅឯពន្ធនាគាររដ្ឋផ្លរីដាបណ្ដាលឱ្យរងរបួសសួតធ្ងន់ធ្ងរ ប៉ុន្តែមិនបានប៉ះពាល់ដល់អាយុជីវិតនោះទេ៕ (ប្រភព ៖ CNN និង BBC)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ