ខេត្តកំពង់ស្ពឺ ៖ ករណីមេប៉ុស្តិ៍ព្រៃវិហារចេញលិខិតបញ្ជាក់ឲ្យមុខសញ្ញាសង្ស័យក្នុងករណីគ្រឿងញៀនដែលតំណាងអយ្យការបានចោទប្រកាន់ហើយនោះ តើមានវាសនាបានកាន់តំណែងជាមេប៉ុស្តិ៍បន្តទៀតដែរ ឬយ៉ាងណា?
យោងតាមប្រភពពីមន្ត្រីនគរបាលខេត្តបានប្រាប់ថា ករណីលោកវរសេនីយ៍ត្រីគិត វ័យនៃមេប៉ុស្តិនគរបាលរដ្ឋបាលព្រៃវិហារក្នុងស្រុកគងពិសី ដែលហ៊ានចេញលិខិតបញ្ជាក់ឲ្យមុខសញ្ញាសង្ស័យក្នុងករណីគ្រឿងញៀនចំនួនបួននាក់នាពេលកន្លងមកនោះ ពេលនេះត្រូវបានក្រុមប្រឹក្សាវិន័យត្រៀមបើកអង្គប្រជុំ ដើម្បីវាយតម្លៃថា តើគួរបន្តឲ្យលោកគិតវៃនៅកាន់តំណែងជាមេប៉ុស្តិ៍ទៀត ឬ
ក៏ត្រូវដកយកមកបញ្ឈរជើងនៅស្នងការដ្ឋាននគរបាលខេត្តហើយដាក់អ្នកថ្មីទៅជំនួសវិញ។
ទោះជាយ៉ាងណា នៅមិនទាន់មានការអះអាងជាក់លាក់ណាមួយដែលអាចនឹងបង្ហាញឱ្យបានដឹងមុននោះទេ ខណៈដែលមន្ត្រីមួយរូបបានបង្ហាញថា រឿងនេះលោកស្នងការមានការខឹងសប្បាយយ៉ាងខ្លាំងចំពោះលោកគិត វៃ ដែលថ្លើមធំហ៊ានចេញលិខិតបញ្ជាក់ឲ្យមុខសញ្ញាសង្ស័យក្នុងករណីគ្រឿងញៀននេះ ដោយថ្នូរនឹងលាភសក្ការៈ ។
ដោយឡែក ប្រភពមួយទៀតបានបង្ហើបប្រាប់ផងដែរថា ក្រោយទទួលដំណឹងអំពីការប្រជុំវិនិច្ឆ័យកំហុសរបស់ខ្លួនរបស់ក្រុមប្រឹក្សាវិន័យរួចមក លោកមេប៉ុស្តិ៍បានស្វះស្វែងរកអន្តរាគមន៍ ដើម្បីកុំឱ្យមានការដករូបលោកចេញពីតំណែងនាយប៉ុស្តិ៍តែហាក់ដូចជាមិនទទួលបានលទ្ធផលល្អឡើយ ។ ប្រភពបន្តថា ករណីលោកគិត វៃ នេះ ក្រុមប្រឹក្សាវិន័យត្រូវបើកអង្គប្រជុំនាថ្ងៃទី 30 ខែសីហាឆ្នាំ 2022 តែដោយលោកស្នងការជាប់រវល់ក៏លើកទៅថ្ងៃទី 1កញ្ញា 2020 វិញ តែសភាពការណ៍ហាក់បីដូចជាតឹងតែងណាស់បើតាមស្ដាប់សម្ដីលក់ស្នងការ ។
មានការលើកឡើងផងដែរថា ជានិច្ចកាលមន្ត្រីនគរបាលសហគមន៍តែងតែក្តាប់បាននូវមុខសញ្ញាពាក់ព័ន្ធនឹងបទល្មើសនានា តែលោកគិត វៃ ហាក់បីដូចជាព្រងើយកន្តើយមិនដឹងមុខសញ្ញាក្តាប់មុខសញ្ញាប្រព្រឹត្តល្មើសមិនបានជាពិសេស ហ៊ានចេញលិខិតបញ្ជាក់ឱ្យមុខសញ្ញាសង្ស័យក្នុងករណីគ្រឿងញៀននេះទៀត ដែលករណីនេះមិនគួរទុកអោយនៅកាន់តំណែងជាមេប៉ុស្តិនគរបាលព្រៃវិហារទៀតឡើយ គួរណាស់តែថ្នាក់លើសម្លឹងរកមើលមន្ត្រីណាដែលមានសមត្ថភាពឱ្យមកកាន់តំណែងជាមេប៉ុស្តិ៍ជំនួសវិញ ។
សូមរំលឹកថា កាលពីពេលថ្មីៗនេះ សារសំឡេងមួយចំនួនដែលគេស្គាល់ច្បាស់ថា ជាសំឡេងរបស់លោកឧត្តមសេនីយ៍ទោសម សាមួន ស្នងការនគរបាលខេត្តកំពង់ស្ពឺ ដែលហាក់បីដូចជាធ្វើការស្ដីបន្ទោសទៅលើលោកមេប៉ុស្តិ៍ព្រៃវិហារ ស្រុកគងពិសីមួយរូប គឺលោកគិត វៃ ដែលហ៊ានចេញលិខិតបញ្ជាក់កិរិយាមាយាទឲ្យជនជាប់សង្ស័យក្នុងករណីគ្រឿងញៀនចំនួន04រូប ។
ក្នុងសារសំឡេងបានបញ្ជាក់ថា លោកព្រៃវិហារគងពិសី លោកមានអំណះអំណាងស្អីដែលលោកហ៊ានបញ្ជាក់មួយហើយមួយទៀត លោកគិតយ៉ាងម៉េចពេលនេះ0x017d7 អ្នកណាមួយដែលឲ្យលោកធ្វើរបៀបហ្នឹងបញ្ជាក់ថា អត់មានជាប់គ្រឿងញៀន ខណៈដែលអយ្យការ(ព្រះរាជអាជ្ញា) បានចោទប្រកាន់រួចទៅហើយ។ បញ្ជាក់ហើយផ្ញើឯកសារទៅអយ្យការទៀតលោកស្នងការបានសង្កត់ធ្ងន់ថា តើអ្នកណាមួយបញ្ជាឲ្យលោកធ្វើ? ឬក៏លោកធ្វើដោយចិត្តឯងជ្រុលហួសហេតុពេកហើយ។
សាលាឃុំបញ្ជាក់វាជារឿងមួយផ្សេងនេះ នគរបាលប៉ុស្តិ៍បញ្ជាក់ចុះលេខនគរបាលប៉ុស្តិ៍ទៀត ធ្វើអីធ្វើយ៉ាងហ្នឹង? ក្នុងនោះផងដែរ លោកស្នងការក៏បានបញ្ជាទៅលោកស្នងការរងគឺឧត្តមសេនីយ៍ត្រីម៉ាត់ ធុច ដែលទទួលបន្ទុកករណីគ្រឿងញៀនឲ្យពិនិត្យមើលលើសំណុំរឿងនេះផងដែរថា តើលិខិតបញ្ជាក់ធ្វើឡើងស្របពេលជាមួយសំណុំរឿងមួយយ៉ាងណាហើយខ្ញុំស៊ីញ៉េរដែរអត់ទេ។ ហើយបើអត់ទេ អានេះបញ្ជាក់នៅពេលក្រោយហើយដាក់ទៅតុលាការខ្លួនគាត់ហើយ ។ លោកក្នុងការបានបញ្ជាក់តាមប្រព័ន្ធតេឡេក្រាមចុងក្រោយថាបើសិនជាសំណុំរឿងមានលិខិតបញ្ជាក់មកជាមួយដែរ លោកស្នងការរងក៏មានរួមចំណែកខុសក្នុងរឿងនេះដែរ។
ដោយឡែក យោងតាមប្រភពពីមន្ត្រីនគរបាលស្រុកគងពិសីឯណោះវិញ បានបង្ហើបថាលោកគិតវៃ គឺជាមន្ត្រីប៉ូលិស ទើបតែចូលថ្មីតែមានសំណាងបានធ្វើជាមេប៉ុស្តិ៍ឡើងកាន់តំណែងក្មេងខ្ចីបែបនេះ ហើយខ្វះការពិចារណាងុបងុលនឹងលាភសក្ការទើបគាត់ហ៊ានចេញលិខិតបញ្ជាក់ឲ្យជនជាប់សង្ស័យករណីគ្រឿងញៀននេះហើយការបញ្ជាក់នេះក៏ទំនងជាលោក គិត វៃ បានទទួលលាភសក្ការៈពីក្រុមគ្រួសារជនសង្ស័យទាំងនោះមិនតិចឡើយទើបហ៊ានចេញលិខិតបញ្ជាក់ឲ្យរបៀបនេះ។
ករណីនេះ គឺមានថ្នាក់លើនោះទេ ទើបសម្រេចទោះបែបណាចំពោះលោកមេប៉ុស្តិ៍ព្រៃវិហាររូបនេះបណ្ដែតបណ្ដោយទុកឲ្យនៅកាន់តំណែងតទៅទៀតនោះមិនដឹងជាមានរឿងអ្វីកើតឡើងតទៅទៀតនោះទេនៅថ្ងៃក្រោយ ។ ដោយឡែក លោកឧត្តមសេនីយ៍ត្រី អៀង អុល ស្នងការរងទទួលផែនបុគ្គលិកបានប្រាប់ផងដែរថា បើសិនជាលោកគិត វៃ នាយប៉ុស្តិ៍ព្រះវិហារហ៊ានចេញលិខិតបញ្ជាក់កិរិយាមាយាទឲ្យជនសង្ស័យក្នុងករណីគ្រឿងញៀនមែននោះ គឺខុសច្បាប់ទាំងស្រុង។
ព័ត៌មានលម្អិតកោះសន្តិភាពនឹងមានផ្សាយជូនបន្ត ។
ចែករំលែកព័តមាននេះ