ខេត្តបាត់ដំបង៖ ក្រុមបើកល្បែងឆ្នោត (កន្ទុយលេខ) ដ៏ធំមហិមា មានអំណាចផុតលេខ ហើយថែមទាំងមានជាប់ខ្សែមន្ត្រីធំៗនៅពីក្រោយខ្នងយ៉ាងរឹងមាំ ដែលមានលេខសម្គាល់ «៩០០០» ល្បី ល្បាញកន្លងមកថា មិនខ្លាចច្បាប់ ឬសមត្ថកិច្ចបន្តិចសោះនេះ ពេលនេះល្បីកាន់តែខ្លាំងទ្វេដងទៀត ដោយសារតែមេល្បែងដ៏ធំមហិមានេះ បានបញ្ជាឲ្យកូនដើរគំរាមកំហែងអ្នកកត់កន្ទុយលេខតូចតាចឲ្យលក់ឡើងឲ្យខ្លួន បើមិនដូច្នោះទេ ពួកគេនិងបញ្ជាឲ្យកម្លាំងបង្ក្រាបរបស់ស្នងការខេត្តចុះចាប់តែម្ដង។
កោះសន្តិភាព ទទួលបានព័ត៌មានដ៏គួរឲ្យខ្លាចនេះពីប្រភពជាច្រើន នៅព្រឹកថ្ងៃទី២៦ កក្កដា រួមទាំងសកម្មភាពរបស់ក្រុមមេឆ្នោតជិះរថយន្តទំនើបដើរគំរាមអ្នកកត់កន្ទុយលេខកំប៉ិកកំប៉ុកដល់ផ្ទះទៀតផង ។ ជាក់ស្ដែង កាលពីថ្ងៃទី២៥ កក្កដា សកម្មភាពក្រុមមេឆ្នោតដ៏មានអំណាច ដែលមានលេខសម្គាល់ «៩០០០» ជិះរថយន្តស៊េរីទំនើបម៉ាកឡិចស៊ីសពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 2BU-3330 បានទៅគំរាមកំហែងអ្នកកត់កន្ទុយលេខមួយកន្លែង នៅម្ដុំ«ផ្សារលើ» ក្នុងភូមិកម្មករ សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង។ នេះបើតាមអ្នកតាមឃ្លាំមើលសកម្មភាពក្រុមមេឆ្នោតបានរាយការណ៍។
ប្រភពបានបញ្ជាក់ថា ពេលនោះ គេឃើញបុរសម្នាក់ពាក់អាវយឺតពណ៌ក្រហម ចុះទៅនិយាយជាមួយអ្នកកត់កន្ទុយលេខ ខណៈគេឃើញមានមនុស្សខ្លះមិនចុះពីរថយន្តទេ ដែលគេសង្ស័យជាមេធំដែលល្បីថា ជាមន្ត្រីមានអំណាចទៀតផង ។ បុរសពាក់អាវក្រហមនោះបាននិយាយទៅកាន់អ្នកកត់កន្ទុយលេខតូចតាចថា «ដាច់ខែនេះ ត្រូវតែលក់ឡើងឲ្យខាងក្រុមហ៊ុនខ្ញុំ បើមិនចឹងទេខ្ញុំនឹងឲ្យកម្លាំងបង្ក្រាបស្នងការខេត្ត ចុះចាប់ហើយ»។
បើតាមប្រភពបានបញ្ជាក់ថា នេះមិនមែនលើកទី១ទេ ដែលក្រុមមេឆ្នោតដ៏មានអំណាចនេះ ជិះរថយន្តទៅគំរាមកំហែងអ្នកកត់កន្ទុយលេខកំប៉ិកកំប៉ុកតាមភូមិ ហើយជននេះតែងតែគំរាមកំហែងគេបែបនេះ។ ក្រុមនេះតែងតែយកឈ្មោះកម្លាំងស្នងការខេត្ត ទៅគាបសង្កត់លើអ្នកកត់ឆ្នោតតាមភូមិ។ បើយោងលើសំដីរបស់ក្រុមមេឆ្នោតដែលមានលេខសម្គាល់«៩០០០»នេះ ទំនងក្រុមនេះបានផ្ដល់សំណូកសូកប៉ាន់ទៅឲ្យកម្លាំងស្នងការ ក្នុងក្រុមណាខ្លះៗហើយ ទើបក្រុមនេះតែងប្រើឈ្មោះសមត្ថកិច្ចស្នងការមកចាប់ចងមេឆ្នោតតូចតាចមិនដាច់ពីមាត់ ។
ប្រភពព័ត៌មានដដែលបានបញ្ជាក់ថា ជាមួយនឹងការប្រើពាក្យគំរាមកំហែង គេបានឮបុរសពាក់អាវក្រហមនោះ អះអាងថា ក្រុមហ៊ុនឆ្នោតដ៏ធំមហិមារបស់ខ្លួនដែលមានលេខសម្គាល់ «៩០០០»
មានទីតាំងនៅម្ដុំផ្លូវចូល «អាស្រមបឹងណារ៉ុង» ក្នុងសង្កាត់អូរម៉ាល់ ក្រុងបាត់ដំបង ។ មិនតែប៉ុណ្ណោះ បុរសនោះបានកត់លេខទូរស័ព្ទចំនួន០២ខ្សែទុកឲ្យអ្នកកត់កន្ទុយលេខទាក់ទងគឺលេខ «០៧១ ២២២២៤៣៨, ០៩៦ ៩៣៩៦៦៦៨» ហើយថែមទាំងសរសេរបញ្ជាក់នៅលើក្រដាសប្រាប់ពីលេខសម្គាល់របស់ក្រុមហ៊ុនទៀតផង «វិសាស ៩០០០»។
ពាក់ព័ន្ធនឹងក្រុមហ៊ុនឆ្នោត «៩០០០» នេះ បើតាមប្រភពព័ត៌មានដែលគេធ្លាប់ស្គាល់ ធ្លាប់ដឹង បានបង្ហើបប្រាប់កោះសន្តិភាពថា មេល្បែងឆ្នោតដ័ធំមហិមាមួយនេះ ជាមន្ត្រីនគរបាលពាក់ផ្កាយ២ មានតួនាទី រងនាយកដ្ឋានមួយនៅក្រសួងមហាផ្ទៃ ហើយក៏មានសាច់ញាតិជាមន្ត្រីរាជការដែលមានអំណាច មានតួនាទីគ្រាក់ៗទៀតផង។ ដូច្នេះហើយទើប មេឆ្នោត «៩០០០» នេះដើរបង្កព្យុះភ្លៀងតាមស្រុក ឬនៅក្នុងក្រុងបាត់ដំបង តាមទំនើងចិត្ត ដោយមិនខ្លាចច្បាប់ទម្លាប់ ឬ ខ្លាចញញើតសមត្ថកិច្ចឡើយ។
មិនតែប៉ុណ្ណោះ បើតាមប្រភពខាងលើនេះ បាននិយាយទៀតថា «កុំថាឡើយក្រុមហ៊ុនឆ្នោតនេះមានលេខសម្គាល់៩០០០ សូម្បីតែរថយន្តដែលមេល្បែងឆ្នោតនេះ តែងជិះក៏ពាក់ស្លាកលេខសម្គាល់៩០០០ដែរ»៕
ចែករំលែកព័តមាននេះ