រាជធានីភ្នំពេញ៖ កម្លាំងនគរបាល នៃមន្ទីរប្រឆាំងគ្រឿងញៀន ក្រសួងមហាផ្ទៃ កាលពីរសៀលថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២២ បានបើកការចុះឆែកឆេរផ្ទះមួយកន្លែង ស្ថិតក្នុងបុរីប៉េងហួតបឹងស្នោ ស្ថិតក្នុងភូមិបឹងឈូក សង្កាត់និរោធ ខណ្ឌច្បារអំពៅ ដោយសង្ស័យជាទីតាំងស្តុក បារីអេឡិចត្រូនិច (E-Cigarette) ឬទូទៅ ត្រូវគេហៅថា Vape ដែលច្បាប់ កំពុងហាមឃាត់ ក្នុងការចរាចរចែកចាយលក់។
ការចុះឆែរឆេរខាងលើនេះ ធ្វើឡើងដោយមានករចូលរួមសហការជាមួយនគរបាលប៉ុស្តិ៍ និងនគរបាលផ្នែកប្រឆាំងគ្រឿងញៀន នៃអធិការដ្ឋាននគរបាលខណ្ឌផងដែរ។
ជាលទ្ធផល ចំពោះមុខ កម្លាំងសមត្ថកិច្ច បានឆែកឆេររកឃើញមានបារីអេឡិចត្រូនិច ប្រមាណជិត ១០០កេស នៅក្នុងទីតាំងខាងលើ និងបានដកហូតវត្ថុតាងពាក់ព័ន្ធទាំងអស់ផងដែរ។
ក្នុងនោះដែរ មនុស្សប្រុសស្រី ២នាក់ ដែលស្នាក់នៅក្នុងផ្ទះខាងលើ ក៏ត្រូវបានឃាត់ខ្លួន និងបញ្ជូនទៅកាន់ មន្ទីរប្រឆាំងគ្រឿងញៀន ដើម្បីសាកសួរនាំ តាមនីតិវិធី។
គួររំលឹកថា ក្រសួងសុខាភិបាល កាលពីពេលកន្លងទៅ បានចេញសេចក្តីប្រកាសព័ត៌មាន ហាមប្រាម កុំអោយពលរដ្ឋ ពិសេសយុវជនយុវវ័យ ប្រើប្រាស់ បារីអេឡិចត្រូនិច (E-Cigarette) ព្រោះវាមានផលប៉ះពាល់ធ្ងន់ធ្ងរបំផុត ដល់សុខភាព ពិសេសអាចឈានដល់ការបាត់បង់អាយុជីវិតទៅទៀត ប្រសិនបើបន្តប្រើប្រាស់ក្នុងរយៈពេលយូរ។ ម្យ៉ាងវិញទៀត បារីអេឡិចត្រូនិច ក៏ត្រូវបានច្បាប់ ហាមឃាត់មិនអោយចែកចាយលក់ ព្រោះវាត្រូវបានគេរកឃើញថា មានសារធាតុញៀន ដែលប៉ះពាល់បំផុត ដល់សង្គមជាតិ។
កន្លងមក ប៉ូលិស នៅភ្នំពេញ និងនៅតាមបណ្តាខេត្តនានា បានចាប់រឹបអូសបារីអេឡិចត្រូនិចទាំងនោះ និងបានណែនាំ អប់រំអ្នកលក់ ដោយធ្វើកិច្ចសន្យា ឈប់ឱ្យបន្តអាជីវកម្មខុសច្បាប់នេះតទៅទៀត៕ លីហេង
ចែករំលែកព័តមាននេះ