ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សែងម៉ូតូគេ​ជិះ​ទៅ​ទិញ​បាយ លុះ​ម្ចាស់​​ឃើញទាន់ ផ្អើល​​អ្នកភូមិ​​ឡោមព័ទ្ធ​ចាប់​

1 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​ ៖​ ជនសង្ស័យ​៣​នាក់​បាន​ធ្វើ​សកម្មភាព​លួច​ម៉ូតូ​១​គ្រឿង​រួច​សែង​លើក​រំលង​របង​ផ្ទះ​

រាជធានី​ភ្នំពេញ​ ៖​ ជនសង្ស័យ​៣​នាក់​បាន​ធ្វើ​សកម្មភាព​លួច​ម៉ូតូ​១​គ្រឿង​រួច​សែង​លើក​រំលង​របង​ផ្ទះ​ជួល​មួយ​កន្លែង បន្ទាប់​មក​បាន​ជិះ​ទៅ​ឈប់​នៅ​មុខ​ហាង​បាយ​មួយ​កន្លែង​ ដើម្បី​ទិញ​បាយ​ហូប​។​ក្រោយមក​ត្រូវ​បាន​ម្ចាស់​ម៉ូតូ​ប្រទះ​ឃើញ​ក៏​បាន​ស្រែក​ឆោឡោ​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ដល់​អ្នក​ជិតខាង​ជួយ​ឡោម​ព័ទ្ធ និង​ចាប់ខ្លួន​បាន​ម្នាក់​ ចំណែក​បក្ខ​ពួក​២​នាក់​ទៀត​គេចខ្លួន​បាត់​។

ហេតុការណ៍​​ខាងលើ​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៨​និង​១៥​នាទី​ព្រឹក​ថ្ងៃ​ទី​១២ ខែកក្កដា ឆ្នាំ​២០២២ នៅ​តាម​ផ្លូវ​បេតុង ខាងលិច​ផ្សារ​ព្រៃ​ទា ស្ថិត​នៅ​ក្នុងភូមិ​ព្រៃ​ទា​១ សង្កាត់​ចោម​ចៅ​ទី​៣ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ ។

ជនសង្ស័យ​ដែល​ត្រូវ​ម្ចាស់​ម៉ូតូ​ និង​អ្នក​ភូមិ​ចាប់ខ្លួន​បាន​នោះ​ឈ្មោះ គី​ម តឿ ភេទប្រុស អាយុ​១៨​ឆ្នាំ មុខរបរ​ជាង​ជួសជុល​ម៉ូតូ​ នៅ​ភូមិសាស្ត្រ​សង្កាត់​ផ្សារ​ដេប៉ូ​ទី​៣ ខណ្ឌទួលគោក ។​សព្វថ្ងៃ​ស្នាក់​នៅ​ភូមិ​ព្រៃ​ទា​២ សង្កាត់​ចោម​ចៅ​ទី​៣ ខណ្ឌ​ពោធិ​សែន​ជ័យ និង​មានស្រុក​កំណើត ភូមិ​ប៉ឺស​២ ឃុំ​ប៉ឺស​២ ស្រុក​ក្រូចឆ្មារ ខេត្ត​ត្បូងឃ្មុំ ដោយឡែក​បក្ខ​ពួក​២​នាក់​ទៀត​រត់គេច​ខ្លួន​បាត់​ ។ ​រីឯ​ស្ត្រី​ដែល​ជា​ម្ចាស់​ម៉ូតូ​ឈ្មោះ ថុ​ន ស្រី​លី​ន អាយុ​២៨​ឆ្នាំ មុខរបរ​កម្មការិនី​រោងចក្រ មាន​ប្តី​ឈ្មោះ យឹ​ម យ៉ា​ន់ អាយុ​៣២​ឆ្នាំ មុខរបរ​កម្មករ​រោងចក្រ ស្នាក់​នៅ​បន្ទប់​ជួល​ជាន់​ទី​១ ភូមិ​ព្រៃ​ទា​១ សង្កាត់​ចោម​ចៅ​ទី​៣ ខណ្ឌ​ពោធិ​សែន​ជ័យ និង​មានស្រុក​កំណើត ភូមិ​ស្ទឹង​រាង ឃុំ​គង​ជ័យ ស្រុក​អូរ​រាំង​ឪ ខេត្ត​ត្បូងឃ្មុំ ។

ម្ចាស់​ម៉ូតូ​ខាងលើ​បាន​និយាយ​ថា នៅ​វេលា​យប់​ថ្ងៃ​ទី​១១ ខែកក្កដា គាត់​បាន​ទុក​ម៉ូតូ​ម៉ាក​ហុងដា​វ៉េវ ពណ៌​ក្រហម ពាក់​ស្លាក​លេខ ស្វាយ​រៀង 1C-1492 នៅ​ខាងក្រោម រួច​ឡើង​ទៅ​ដេក​នៅ​ក្នុង​បន្ទប់​ជាន់​ទី​១​ហើយ​ក៏​លង់លក់​រហូត​ដល់​ភ្លឺ​ ។ ​លុះដល់​វេលា​ម៉ោង​៦​និង​៣០​នាទី​ព្រឹក​ថ្ងៃ​ទី​១២ ខែកក្កដា ពេល​ចុះពីលើផ្ទះ ​ដើម្បី​យក​ម៉ូតូ​ជិះ​ទៅ​ធ្វើការ​ ស្រាប់តែ​បាត់​មិនឃើញ​ដោយ​ពុំ​ដឹង​ថា​ចោរលួច​យក​ទៅ​បាត់​តាំងពី​ពេល​ណា​ឡើយ​។

តាម​ប្រភពដដែល​បាន​ប្រាប់​ឲ្យ​ដឹង​បន្ត​ទៀត​ថា ពេល​នោះ​គាត់​ក៏​បាន​ហៅ​ម៉ូតូឌុប​ដើម្បី​ជិះ​ទៅ​សុំ​ច្បាប់​រោងចក្រ​ឈប់​សម្រាក​១​ថ្ងៃ​ដើរ​ស្វែងរក​ម៉ូតូ លុះ​ពេល​សុំ​ច្បាប់​រួច​ជិះ​ស្វែង​រក​ម៉ូតូ​ ស្រាប់តែ​ប្រទះ​ឃើញ​ម៉ូតូ​របស់​គាត់​និង​ជនសង្ស័យ​កំពុង​ស្ថិត​នៅ​មុខ​ហាង​បាយ​មួយ​កន្លែង​នៅ​ខាងលិច​ផ្សារ​ព្រៃ​ទា ។​ ភ្លាម​ៗ​នោះ​គាត់​ក៏​ស្រែក​ឆោឡោ​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ដល់​អ្នក​ភូមិ​ជួយ​ឡោម​ព័ទ្ធ​ចាប់​បាន​ជនសង្ស័យ​ម្នាក់​ឈ្មោះ​គី​ម តឿ រួច​ប្រគល់​ជូន​នគរបាល​ប៉ុស្តិ៍​ចោម​ចៅ​ទី​៣​ធ្វើការ​សាកសួរ ចំណែកឯ​បក្ខ​ពួក​២​នាក់​ទៀត​រត់គេច​ខ្លួន​បាត់​ស្រមោល​។

ក្រោយ​ពេល​ចាប់ខ្លួន ​ជនសង្ស័យ​រូប​នេះ​បាន​សារភាព​ប្រាប់​នគរបាល​ថា នៅ​វេលា​ម៉ោង​៤​ជិត​ភ្លឺ ថ្ងៃ​ទី​១២ ខែកក្កដា បក្កខ​ពួក​២​នាក់​ទៀត បាន​ចូល​ទៅ​ធ្វើ​សកម្មភាព​លួច​ម៉ូតូ​១​គ្រឿង​ខាងលើ​។​លុះ​ក្រោយ​ពេល​លួច​បាន​ដោយសារ​តែ​ទ្វាររបង​ជាប់​សោ​ពុំ​អាច​អូស​ចេញ​បាន ក៏​នាំ​គ្នា​លើក​ម៉ូតូ​ផ្លោះ​រំលង​របង​ចេញ​ក្រៅ​រួច​ជិះ​ចេញ​គេចខ្លួន ​។ បន្ទាប់​មក​បាន​ជិះ​ទៅ​កាន់​ហាង​បាយ​ខាងលើ​ដើម្បី​រក​ទិញ​បាយ​ហូប ហើយ​ជា​សំណាងអាក្រក់​ម្ចាស់​ប្រទះ​ឃើញ​ក៏​ចាប់ខ្លួន​តែ​ម្ដង​។

​​ក្រោយពេលកើតហេតុ ​នគរបាល​ប៉ុស្តិ៍​ចោម​ចៅ​ទី​៣ កំពុង​សាកសួរ​និង​កសាង​សំណុំរឿង​បញ្ជូន​ទៅ​កាន់​សាលាដំបូង​រាជធានី​ភ្នំពេញ​ចាត់ការ​តាម​ច្បាប់​ ៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ