រាជធានីភ្នំពេញ៖ អំពើឃាតកម្មមួយ បានកើតឡើង ដោយសារអតីតប្តី បានបាញ់សម្លា.ប់អតីតប្រពន្ធ បណ្តាលអោយស្លា.ប់ ក្នុងថ្លុកឈាម នៅក្នុងបន្ទប់ បង្កឱ្យមានការភ្ញាក់ផ្អើល កាលពីវេលាម៉ោង ១៥រសៀល ថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២២ នៅតាមបណ្តោយផ្លូវជាតិលេខ២ ក្នុងភូមិទួលរកា សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
អតីតប្រពន្ធនោះ មានឈ្មោះ នូ សុជាតា អាយុ ២២ឆ្នាំ បម្រើការនៅណាហ្គាវើលដ៍។ ចំណែកជនសង្ស័យជាអតីតប្តី ឈ្មោះ ជា អូន អាយុ ២៤ឆ្នាំ មុខរបរមិនពិតប្រាកដ និងមានទីលំនៅ នៅម្តុំផ្សារដីហុយ។
អ្នកទាំង២ មានបានចាប់ដៃជាប្តីប្រពន្ធ បានកូនប្រុស អាយុ ១ខួប ៩ខែ។ ពួកគេបានលែងលះគ្នា ដាច់ស្រេច អស់រយៈពេល ៣ខែកន្លងទៅហើយ ដោយដឹងលឺត្រឹមសាលាសង្កាត់ ព្រោះចំណងអាពាហ៍ពិពាហ៍របស់អ្នកទាំង២ មិនមានចុះអេតាស៊ីវិល ឬសំបុត្រអាពាហ៍ពិពាហ៍នោះឡើយ។
ប្រភពព័ត៌មាន អោយដឹងថា នៅមុនកើតហេតុ អតីតប្តី បានទៅផ្ទះរបស់ប្រពន្ធ ហើយក៏បានកើតជាទំនាស់ពាក្យសម្តីឈ្លោះប្រកែកគ្នាខ្លាំង ដោយសារប្រចណ្ឌរឿងអតីតប្រពន្ធ មានសាហាយស្មន់ ដែលនាំឱ្យលែងលះ។ ក្រោយឈ្លោះប្រកែកសម្តីគ្នាមួយប្រាវ អតីតប្តីក៏បាននាំអតីតប្រពន្ធ ចូលបន្ទប់ ដើម្បីនិយាយវែកញែករឿងដដែលខាងលើ។
ខណៈនោះ បងប្រុសបង្កើតជនរងគ្រោះ បានចូលទៅក្នុងបន្ទប់ដែរ ដើម្បីជួយសម្របសម្រួល តែត្រូវជនសង្ស័យ ជាអតីតប្តី ដកកាំភ្លើងខ្លី ម៉ាក K59 ភ្ជង់ទៅលើបុរសជាបង និងគំរាមអោយចេញពីបន្ទប់ កុំអោយចេះដឹង រឿងប្តីប្រពន្ធរបស់ពួកគេ។
ភ្លាមនោះ បុរសជាបង ក៏បានដើរចេញទៅវិញ ដោយបានបីកូនប្រុសតូចរបស់ពួកគេ ចេញពីបន្ទប់ ហើយរំពេចនោះ ជនសង្ស័យ ក៏បានបាញ់សម្លាប់អតីតប្រពន្ធ ចំសៀតថ្កា បណ្តាលអោយស្លាប់ នៅលើគ្រែតែម្តងទៅ។
ភ្លាមៗ ជនសង្ស័យ មិនបានរត់គេចទៅណាឡើយ ហើយសាច់ញាតិជនរងគ្រោះ ក៏បានរាយការណ៍ជូនសមត្ថកិច្ចមូលដ្ឋាន ដើម្បីចុះអន្តរាគមន៍ ឃាត់ខ្លួនតែម្តង។
ក្រោយការឃាត់ខ្លួន ជនសង្ស័យ ត្រូវបានបញ្ជូន ទៅកាន់ប៉ុស្តិ៍រដ្ឋបាលនគរបាលចាក់អង្រែក្រោម ដើម្បីសាកសួរ និងបន្តនីតិវិធី។
ក្រោយកើតហេតុ កម្លាំងសមត្ថកិច្ចជំនាញផ្នែកកោសល្យវិច្ច័យ បានចុះដល់ទីតាំងកើតហេតុ និងបានធ្វើកោសល្យវិច្ច័យពិនិត្យទីតាំងកើតហេតុ ក៏ដូចជាសាកសួរ។
នៅជុំវិញសព សមត្ថកិច្ចរកឃើញ គ្រាប់កាំទុះ ចំនួន ០៤គ្រាប់ ដោយក្នុងនោះ ផ្ទុះមួយគ្រាប់ អត់ផ្ទុះ ០៣គ្រាប់។
ទន្ទឹមនឹងនោះដែរ គេនៅមិនទាន់ដឹងថា គ្រាប់កាំទុះទាំង ០៤គ្រាប់នោះ ជនសង្ស័យបាញ់ទៅលើជនរងគ្រោះទាំង ០៤គ្រាប់ ឬក៏បាញ់ខ្លួនឯងខ្លះឡើយ។
ដោយឡែក ចំពោះកាំភ្លើង ដែលជនសង្ស័យ បាញ់សម្លាប់អតីតប្រពន្ធ ក៏មិនទាន់មានប្រភពបញ្ជាក់ពីសមត្ថកិច្ចថា បានមកពីណានោះដែរ។
សូមបញ្ជាក់ថា យោងតាមគណនេយ្យហ្វេសបុកផ្ទាល់ខ្លួនរបស់អតីតប្តី ដែលមានឈ្មោះ « ជា អូន សន្តិភាព » បានបង្ហោះនៅលើបណ្តាញសង្គម មុនពេលបាញ់សម្លាប់អតីតប្រពន្ធ ដោយមានបង្ហោះទាំងថតវីឌីអូប្រពន្ធ និងកូន នៅក្នុងបន្ទប់ ភ្ជាប់ជាមួយនឹងខ្លឹមសារ សរសេរថា « ខ្ញុំសុំទោសម៉ាក់ប៉ាសងខាង កូនមិនចង់ធ្វើអញ្ចឹងទេ ព្រោះតែក្តីស្រលាញ់ ខ្ញុំកាត់ចិត្តមិនបាន ហើយប្រពន្ធខ្ញុំ គេមិនផ្ដល់ឱកាសឱ្យខ្ញុំទេ ខ្ញុំខំព្យាយាមខ្លាំងណាស់កន្លងមក ខ្ញុំប្រាប់ហើយថា កុំឱ្យកុហកខ្ញុំ បំពាន ខ្ញុំស្រឡាញ់ប្រពន្ធខ្ញុំណាស់ មិនចង់ឱ្យអ្នកណាបានប្រពន្ធខ្ញុំទេ កូនសុំទោសម៉ាក់ប៉ា ខ្ញុំពិបាកធ្វើចិត្តខ្លាំងណាស់ ខ្ញុំមិនចង់បែកពីប្រពន្ធខ្ញុំទេ សូមម៉ាក់ប៉ាជួយដាក់ខ្ញុំ និងប្រពន្ធរបស់ខ្ញុំជាមួយគ្នាអស់មួយជីវិត កូនសុំទោសម៉ាក់ប៉ាពូមីងបងប្អូនទាំងអស់ជួយមើលកូនខ្ញុំផង ទ្រព្យដែលខ្ញុំមាន និងប្រពន្ធខ្ញុំដល់ឱ្យ និងថែរក្សាកូនខ្ញុំផង កូនសុំទោសម៉ាក់ប៉ាពូមីងបងប្អូនទាំងអស់ ក្តីស្រលាញ់ខ្ញុំកាត់ចិត្តមិនបាន »។
ប៉ុន្តែយ៉ាងណាក៏ដោយពេលនេះ អតីតប្តី ក្លាយជាឃាតក ត្រូវប៉ូលិសចាប់វ៉ៃខ្នោះ នាំទៅកាត់ទោស។ រីឯអតីតប្រពន្ធស្លាប់ ហើយកូនបុរសអាយុជាង ១ខួប ត្រូវកំព្រា៕ លីហេង




ចែករំលែកព័តមាននេះ