រាជធានីភ្នំពេញ ៖ ខណៈសង្គ្រាមរុស្សី-អ៊ុយក្រែន បានអូសបន្លាយអស់រយៈពេលជាច្រើនខែមកហើយ កម្ពុជាបានសម្តែងការចង់ឃើញមហាអំណាចឥណ្ឌា ចូលរួមជួយដោះស្រាយវិបត្តិរបស់ប្រទេសទាំងពីរនេះ ឲ្យបានឆាប់។ ការចង់ឃើញនេះ បានធ្វើឡើងក្នុងជំនួបពិភាក្សារវាងសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា តាមប្រព័ន្ធវីដេអូជាមួយលោក ណារិនដ្រា ម៉ូឌី (Narendea dra modi) កាលពីល្ងាចថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២២។
ក្នុងជំនួបចំពោះកិច្ចសហប្រតិបត្តិការពហុភាគី សម្ដេចតេជោ បានមានប្រសាសន៍ថា ចំពោះវឌ្ឍនភាពនៃកិច្ចប្រតិបត្តិការក្នុងក្របខណ្ឌទំនាក់ទំនងដៃគូសន្ទនាអាស៊ាន និងឥណ្ឌា ដោយកម្ពុជាស្វាគមន៍ ការកំណត់យកឆ្នាំ២០២២នេះ ជាឆ្នាំមិត្តភាពអាស៊ាន-ឥណ្ឌា ដែលបានឯកភាពគ្នាលើកិច្ចប្រជុំកំពូលអាស៊ាន-ឥណ្ឌា លើកទី១៩ នៅក្នុងឆ្នាំ២០២១កន្លងទៅនេះ ជាពិសេស ដើម្បីរំឭកខួបអនុស្សាវរីយ៍លើកទី៣០ នៃទំនាក់ទំនងដៃគូសន្ទនាអាស៊ាន-ឥណ្ឌា កន្លងមកនេះ ហើយកម្ពុជា ទន្ទឹងរង់ចាំក្នុងការប្រារព្ធ និងអនុវត្តសកម្មភាពដើម្បីអបអរសាទរនៅក្នុងព្រឹត្តិការណ៍ដ៏សំខាន់នេះ។
សម្តេចតេជោ ក៏បានគូសបញ្ជាក់ផងដែរថា កម្ពុជាបញ្ជាក់ពីសារៈសំខាន់នៃការអនុវត្តគម្រោងផ្លូវល្បឿនលឿនត្រីភាគី ឥណ្ឌា មីយ៉ាន់ម៉ា ថៃ និងការពង្រីកមកកាន់ប្រទេសកម្ពុជា ឡាវ និងវៀតណាមផងដែរ ។
សម្ដេចតេជោបានវា.យតម្លៃខ្ពស់ចំពោះការចូលរួមវិភាគទានរបស់ឥណ្ឌាចំនួន១លានដុល្លារដល់អាស៊ាន ឆ្លើយតបជាមួយនឹងកូវីដ-១៩ ហើយកម្ពុជា ក៏សូមលើកទឹកចិត្តដល់ឥណ្ឌាឲ្យបន្តគាំទ្រប្រព័ន្ធសុខាភិបាលសាធារណៈជាតិរបស់កម្ពុជា ជាពិសេសការកសាងសមត្ថភាពអ្នកជំនាញសុខាភិបាលផងដែរ។ សម្ដេចក៏បានអរគុណយ៉ាងជ្រាលជ្រៅចំពោះជំនួយដែលប្រទេសឥណ្ឌា បានផ្ដល់អោយកម្ពុជា តាមរយៈគម្រោងទទួលផលឆាប់រហ័សក្រោមគំនិតផ្ដួចផ្ដើមនៃកិច្ចសហប្រតិបត្តិការមេគង្គ-គង្គា លើវិស័យកសិកម្ម បរិស្ថាន សុខាភិបាល ការអប់រំ ការអភិវឌ្ឍន៍ជនបទ ការលើកកម្ពស់សិទ្ធិស្ត្រី និងវប្បធម៌ ដូច្នេះសម្ដេចតេជោ ស្នើសុំឱ្យឥណ្ឌាបន្តការគាំទ្រសំណើគម្រោងឆាប់ទទួលបានផលរបស់កម្ពុជាបន្ថែមទៀតដល់បណ្ដាឆ្នាំខាងមុខ។
សម្ដេចតេជោនាយករដ្ឋមន្ត្រី ក៏បានគូសបញ្ជាក់អំពីការងារដែលកម្ពុជា បានធ្វើនៅក្នុងនាមជាប្រធានអាស៊ាន ជាពិសេស នៅក្នុងការជួយដល់ប្រទេសមីយ៉ាន់ម៉ា ដោយកម្ពុជា ខិតខំក្នុងការជួយប្រទេសមីយ៉ាន់ម៉ា កុំឱ្យធ្លាក់ទៅក្នុងសង្គ្រាមស៊ីវិល ហើយសម្ដេចបានគូសបញ្ជាក់ផងដែរថា សម្ដេចបានបានអញ្ជើញទៅទស្សនកិច្ចនៅមីយ៉ាន់ម៉ា នៅថ្ងៃទី៧ -៨ ខែមករា ឆ្នាំ២០២២ និងបានជួបជាមួយលោកមីន អោងឡាំង ចំនួន២លើក តាមវីដេអូ ហើយក៏មានទស្សនកិច្ចរបស់ឯកឧត្តម ប្រាក់ សុខុន ដែលជាប្រេសិតពិសេសរបស់ប្រធានអាស៊ាន ទៅទស្សនកិច្ចនៅមីយ៉ាន់ម៉ា ហើយបន្ទាប់មកមានកិច្ចប្រជុំពិគ្រោះយោបល់ក្នុងការផ្ដល់ជំនួយដល់មីយ៉ាន់ម៉ាដែលជាជំនួយមនុស្សធម៌។
ជាមួយគ្នានោះដែរ សម្តេចតេជោ ក៏បានអញ្ជើញលោកនាយករដ្ឋមន្ត្រីឥណ្ឌា មកទស្សនកិច្ចនៅប្រទេសកម្ពុជា មុនពេលមានកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធ ឬនៅពេលវេលាដែលយើងរៀបចំកិច្ចប្រជុំកំពូល នៅក្នុងខែវិច្ឆិកា ឆ្នាំ២០២២។
ជាការឆ្លើយតប លោកនាយករដ្ឋមន្ត្រីឥណ្ឌា បានមានប្រសាសន៍ថា ៖ «យើងពិតជារីករាយដែលអាចជួយកម្ពុជាបាន ហើយកម្ពុជាជាប្រទេសទី១ នៅក្នុងក្របខណ្ឌនេះ ដែលទទួលបានវ៉ាក់សាំងពីប្រទេសឥណ្ឌា ។ ហើយឯកឧត្តមនាយករដ្ឋមន្ត្រី បានគូសបញ្ជាក់ផងដែរថា ឯកឧត្តម ពិតជារីករាយដែលឮថា កម្ពុជា មិនមានករណីឆ្លងកូវីដ-១៩ ក្នុងរយៈពេល១១ថ្ងៃមកនេះ»។
លោកក៏បានគូសបញ្ជាក់ផងដែរថា ជាសមាសភាពរបស់ឥណ្ឌា ដែលខិតខំជំរុញជួយខ្លួនឯងផង និងជួយមនុស្សក្នុងសកលលោកផងដែរ។ លោកក៏បានគូសបញ្ជាក់ផងដែរថា នៅពេលនេះ ឥណ្ឌា បានជួយផ្ដល់វ៉ាក់សាំងនេះទៅដល់ប្រមាណ១០០ប្រទេស ហើយក៏បានចូលរួមបណ្ដុះបណ្ដាលមន្ត្រីរបស់រដ្ឋាភិបាលកម្ពុជា ប្រមាណជាង ២ពាន់នាក់ ជាពិសេសនៅក្នុងការបណ្ដុះបណ្ដាលគ្រប់វិស័យខុសៗគ្នា ហើយថ្មីៗនេះ រដ្ឋាភិបាលឥណ្ឌា នឹងផ្ដល់អាហារូបករណ៍ចំនួន១០០០ កន្លែងទៀត សម្រាប់វិស័យ IT ក្នុងការបណ្ដុះបណ្ដាលប្រជាពលរដ្ឋមកពីប្រទេសអាស៊ាន ។ លោកក៏បានគូសបញ្ជាក់ពាក់ព័ន្ធនឹងគម្រោងផ្លូវហាយវេត្រីភាគី ឥណ្ឌា មីយ៉ាន់ម៉ា ថៃ ដែលបន្តខ្សែភ្ជាប់មកប្រទេសកម្ពុជា ។ នៅក្នុងគម្រោងនេះ ពិតជាសមស្របជាមួយនឹងផែនការមេ ក្នុងការតភ្ជាប់មកអាស៊ាន។
លោកបានបានបញ្ជាក់ថា «ឥណ្ឌា និងផ្ដល់នូវឥណទានចំនួន ១ពាន់លានដុល្លារ សម្រាប់ប្រទេសកម្ពុជា ក្នុងការប្រើប្រាស់សម្រាប់កិច្ចសហប្រតិបត្តិការមេគង្គ-គង្គាឦ។ លោកបានគូសបញ្ជាក់ថា កម្ពុជា គឺអាចបានទទួលផលប្រយោជន៍ពីគម្រោងឆាប់រហ័ស ជាគម្រោងផង តាមរយៈអាហារូបករណ៍ផងដែរ ហើយកន្លងមកនេះ ឥណ្ឌា ក៏មានបេក្ខភាពក្នុងក្របខណ្ឌអន្តរជាតិជាពិសេស ក្នុងក្របខ័ណ្ឌអង្គការសហប្រជាជាតិ ហើយជាពិសេស អរគុណកម្ពុជា ដែលគាំទ្រដល់បេក្ខភាពរបស់ប្រទេសឥណ្ឌា ជាសមាជិកអចិន្ត្រៃយ៍នៃក្រុមប្រឹក្សាអង្គការសហប្រជាជាតិ នៅក្នុងក្របខ័ណ្ឌកំណែទម្រង់នេះ។
ចំពោះបញ្ហាអន្តរជាតិ លោកនាយករដ្ឋមន្ត្រីបានគូសបញ្ជាក់ថា ពិតជាមានសារៈសំខាន់ណាស់ដែលធ្វើយ៉ាងណា គាំទ្រដល់ប្រទេសមីយ៉ាន់ម៉ា ដែលជាប្រទេសភូមិផងរបងជាមួយប្រទេសឥណ្ឌា ឲ្យមានសន្តិភាព ស្ថេរភាព និងការអភិវឌ្ឍ។ លោកក៏បានគូសបញ្ជាក់ដែរថា លោកពិតជាគាំទ្រនៃតួនាទីជាប្រធានអាស៊ានផង គាំទ្រមជ្ឈភាពអាស៊ានផង និងគាំទ្រការឯកភាពផ្ទៃក្នុងរបស់អាស៊ានផង ក្នុងការដើរតួនាទីសំខាន់ ជាពិសេសទៀតលោកបានគូសបញ្ជាក់ដែរថាលោកបានព្យាយាមចូលរួមចំណែកក្នុងការសន្ទនារកដំណោះស្រាយរវាងអ៊ុយក្រែន និងរុស្ស៊ី ហើយលោកបានជួបសន្ទនាជាមួយប្រធានាធិបតីទាំងពីរ រុស្ស៊ីនិងអ៊ុយក្រែន កន្លងមកនេះ ដើម្បីធ្វើយ៉ាងម៉េច ឲ្យស្ដារស្ថានភាពនេះមករកសន្តិភាពវិញ។
ចំណែកនៅក្នុងសមុទ្រចិនខាងត្បូងលោក ចាត់ទុកថា សមុទ្រចិនខាងត្បូង គឺជាសមុទ្រដែលមានសារៈសំខាន់ណាស់ ជាពិសេស ធ្វើយ៉ាងណាឱ្យមានសេរី បើកចំហ និងផ្អែកទៅលើច្បាប់អន្តរជាតិ។ ជាមួយគ្នានោះដែរលោកក៏បានគូសបញ្ជាក់ដែរថា លោករំពឹងទុកថា នឹងមកទស្សនកិច្ច និងចូលរួមកិច្ចប្រជុំនៅក្នុងខែវិច្ឆិកា ឆ្នាំ២០២ខាងមុខនេះ។
សម្ដេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណដល់លោក រដ្ឋមន្ត្រីឥណ្ឌា និងស្វាគមន៍នូវចំណុចទាំងឡាយដែលឯកឧត្តមបានលើក។ សម្ដេចបានបញ្ជាក់ថា ៖ «ខ្ញុំមានការជឿជាក់ថា ឥណ្ឌា អាចដើរតួនាទីសមស្របក្នុងការចរចារវាងភាគីទាំងពីរ អ៊ុយក្រែន និងរុស្ស៊ី»។ សម្ដេចក៏បានគូសបញ្ជាក់ដែរថា សម្ដេចចង់ឃើញដំណោះស្រាយរវាងរុស្ស៊ី-អ៊ុយក្រែន ឲ្យបានឆាប់ផងដែរ ដោយសារវាមានផលប៉ះពាល់ដល់សកលលោក ជាពិសេសលើវិស័យសន្តិសុខស្បៀង និងថាមពល ដែលប៉ះពាល់ដល់ប្រទេសទាំងអស់ ៕
ចែករំលែកព័តមាននេះ