ក្រុមហ៊ុនមួយសុំជួលដីទំហំ៣០៨ហិកតាស្ថិតក្នុងរបៀងអភិរក្សជីវៈចម្រុះជួរភ្នំក្រវាញ ដើម្បីវិនិយោគអភិវឌ្ឍន៍ទេសចរណ៍ធម្មជាតិ
ខេត្តកោះកុង ៖ លោក អ៊ុក ភ័ក្ត្រា អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង និងលោក ខូវ សូវៀត…
ខេត្តកោះកុង ៖ លោក អ៊ុក ភ័ក្ត្រា អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង និងលោក ខូវ សូវៀត…
ខេត្តកោះកុង ៖ លោក អ៊ុក ភ័ក្ត្រា អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង និងលោក ខូវ សូវៀត ទីប្រឹក្សារដ្ឋមន្ត្រីក្រសួងបរិស្ថាន បានដឹកនាំក្រុមការងារចម្រុះ រួមមានក្រសួងបរិស្ថាន មន្ទីរបរិស្ថាន និងអាជ្ញាធរស្រុក ឃុំ បានចូលរួមចុះពិនិត្យសិក្សាទីតាំងជាក់ស្តែង លើករណីស្នើសូមជួលដី ០១កន្លែង ដើម្បីវិនិយោគអភិវឌ្ឍន៍ទេសចរណ៍ធម្មជាតិ ដីទំហំ ៣០៨ហិកតា ស្ថិតក្នុងរបៀងអភិរក្សជីវៈចម្រុះជួរភ្នំក្រវាញ ក្នុងភូមិសាស្តឃុំបឹងព្រាវ ស្រុកស្រែអំបិល ។
ក្រោយការចុះពិនិត្យទីតាំងជាក់ស្តែង ក្រុមការងារបានជួបប្រជុំ និងបានសម្រេចដូចខាងក្រោម ៖
១- ជារួម អង្គប្រជុំគាំទ្រឲ្យមានការវិនិយោគ លើគម្រោងអភិវឌ្ឍន៍ទេសចរណ៍ ផ្សារភ្ជាប់នឹងធម្មជាតិ ប៉ុន្តែត្រូវគិតគូរឲ្យបានហ្មត់ចត់លើកិច្ចគាំពារបរិស្ថាន ការអភិរក្សជីវៈចម្រុះលក្ខខណ្ឌ បទដ្ឋានបច្ចេកទេស ។
២- ត្រូវកំណត់ឲ្យបានច្បាស់លាស់នូវតំបន់ ដែលត្រូវអភិវឌ្ឍន៍ និងតំបន់ ដែលត្រូវអភិរក្សការពារ ជាលក្ខណៈធម្មជាតិនៅក្នុងតំបន់ ។
៣- ស្នើឲ្យក្រុមហ៊ុនរៀបចំផែនការលម្អិត របស់គម្រោងវិនិយោគ ដាក់ជូនក្រសួងបរិស្ថាន ប្រជុំ ពិនិត្យ និងសម្រេចតាមនីតិវិធី ។
៤- ត្រូវគោរពទៅតាមគោលការណ៍ណែនាំ លិខិតបទដ្ឋានគតិយុត្ត និងនីតិវិធីច្បាប់ជាធរមាន ត្រូវដោះស្រាយផលប៉ះពាល់នានា ជាមុនសិន (ប្រសិនបើមាន) មុនធ្វើការអភិវឌ្ឍ ។
៥- ត្រូវចូលរួមការពារ និងអភិរក្សជីវៈចម្រុះ និងធនធានធម្មជាតិ ដោយមិនត្រូវឱ្យមានបទល្មើស ធនធានធម្មជាតិនានា កើតមាននៅក្នុងទីតាំងវិនិយោគរបស់ខ្លួន ។
៦- ត្រូវសហការយ៉ាងជិតស្និទ្ធ ជាមួយក្រសួងបរិស្ថាន អាជ្ញាធរខេត្ត មន្ទីរបរិស្ថាន អាជ្ញាធរមូលដ្ឋាន និងគ្រប់អ្នកពាក់ព័ន្ធ ។
៧- ម្ចាស់គម្រោងត្រូវគិតគូរឲ្យបានហ្មត់ចត់ រៀបចំឲ្យមានផែនការគ្រប់គ្រង និងយន្តការនានា ក្នុងការគ្រប់គ្រងសំណល់រឹង-រាវ ចាប់ពីអនុវត្តគម្រោងរហូតដល់ប្រតិបត្តិការគម្រោង ។
និង៨- រាល់ការសាងសង់សំណង់ ហេដ្ឋារចនាសម្ព័ន្ធ ត្រូវសូមច្បាប់អនុញ្ញាតសាងសង់តាមនីតិវិធីច្បាប់ ។
សូមបញ្ជាក់ថា រដ្ឋបាលខេត្តកោះកុង តែងតែសាទរ និងគាំទ្រចំពោះក្រុមហ៊ុន ដែលចាប់អារម្មណ៍លើការជួលដីវិនិយោគរៀបចំបង្កើតតំបន់ទេចរណ៍ធម្មជាតិ នៅក្នុងខេត្តកោះកុង ដែលជាផ្នែកមួយនៃការអភិរក្សធនធានធម្មជាតិ លើកកម្ពស់សេដ្ឋកិច្ចមូលដ្ឋាន និងចូលរួមអភិវឌ្ឍន៍ទេសចរណ៍ធម្មជាតិ ៕
ចែករំលែកព័តមាននេះ