ខេត្តស្ទឹងត្រែង ៖ អគ្គនាយកដ្ឋាននីតិកម្មនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទបានចុះណែនាំដល់កសិករឲ្យប្រុងប្រយ័ត្នចំពោះការទិញថ្នាំទៅប្រើប្រាស់លើដំណាំកសិកម្មរបស់ខ្លួនដែលអាចប្រឈមគ្រោះផ្សេងៗ ដោយសារថ្នាំមួយចំនួនមិនមានចុះបញ្ជីការទទួលស្គាល់ពីក្រសួងកសិកម្ម ។
ក្នុងការផ្សព្វផ្សាយអំពីការអនុញ្ញាតឱ្យប្រើប្រាស់ថ្នាំពុលកសិកម្មនិងណែនាំពីរបៀបប្រើប្រាស់ដល់កសិករនៅមន្ទីរកសិកម្មរុក្ខា ប្រមាញ់និងនេសាទខេត្ត លោក ភុំ រ៉ា ប្រធាននាយកដ្ឋាននិតិកម្មកសិកម្មនៃក្រសួងកសិកម្មរុក្ខាប្រមញ្ញ និងនេសាទបានបញ្ជាក់លើកឡើងថា ការរងគ្រោះនិងផលប៉ះពាល់ផ្នែកសុខភាពនោះ ក៏ដោយសារតែកសិករមួយចំនួន ពួកគាត់មិនបានដឹងអំពីផលិតផលថ្នាំច្បាស់លាស់ តើផលិតផលថ្នាំណាដែលបានចុះបញ្ជីការពីក្រសួងកសិកម្ម ផលិតផលថ្នាំណាដែលមិនបានចុះបញ្ជីការត្រឹមត្រូវ ពីក្រសួងកសិកម្មរុក្ខាប្រមាណនិងនេសាទ ហើយម្យ៉ាងទៀតការប្រើប្រាស់ថ្នាំពុលទាំងនោះពុំបានអនុវត្តទៅតាមការណែនាំទាល់តែសោះ។
លោកបានពន្យល់បន្ថែមថា កសិករយើងមុនពេលទិញថ្នាំពុលកសិកម្មយកទៅបាញ់សម្លា.ប់ស្មៅ ឬ សម្លា.ប់សត្វល្អិតនៅលើដំណាំ ត្រូវពិនិត្យមើលប្រភេទថ្នាំនិមួយៗដែលមានចុះបញ្ជីការត្រឹមត្រូវ និងមានសរសេរជាអក្សរខ្មែរ ប្រាប់ពីប្រភពផលិតនិងរបៀបប្រើ ប្រាស់ទើបយើងធានាបាននូវគុណភាព ព្រោះថ្នាំពុលកសិកម្មមានច្រើនប្រភេទ ដែលនាំចូលមកពីបណ្តាប្រទេសផ្សេងៗពីគ្នា ដូច្នេះការប្រើប្រាស់ក៏ខុសគ្នាដែរ។
ប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទខេត្តស្ទឹងត្រែង លោកទំនីរ៉ូ បានលើកដែរថា ផលវិបាកមួយនេះ ហើយដែលមន្ត្រីជំនាញមន្ទីរកសិកម្មតែងតែព្យាយាមពន្យល់ប្រជាពលរដ្ឋជារឿយៗ ព្រោះការប្រើប្រាស់ថ្នាំពុលកសិកម្មពេលមិនបានប្រុងប្រយ័ត្នអាចប៉ះពាល់ដល់សុខភាព។ ហើយកាលពីមុនបើថា គាត់លាយជីគាត់មិនដែលពាក់ម៉ាស់ឬសម្ភារៈការពារនោះទេ ហើយក៏គាត់មិនដែលពាក់ស្រោមដៃដែរ នេះជាការអនុវត្តមួយដែលខុសឆ្គង ជាការប្រព្រឹត្តខុសទៅនឹងបទដ្ឋានបច្ចេកទេស ស្តង់ដាសុវត្ថិភាព ដែលមានលក្ខណៈគ្រោះថ្នាក់ច្រើន។
ស្រ្តីអាជីវករលក់ថ្នាំកសិកម្មនៅផ្សារសាមគ្គីស្ទឹងត្រែងឈ្មោះ ស្រូយ ធារ៉ា បានទទួលស្គាល់ថា នេះជាការដាស់ស្មារតីដល់កសិករឲ្យភ្ញាក់រលឹកឡើងវិញ និងយកចិតទុកដាក់ចំពោះការងាធ្វើកសិកម្មរបស់ខ្លួន ព្រោះកន្លងមក នៅខេត្តស្ទឹងត្រែងធ្លាប់មានប្រជាពលរដ្ឋយើងរងគ្រោះរហូតដល់ស្លា.ប់ ដោយសារតែការបាញ់ថ្នាំស្មៅ និងថ្នាំសម្លាប់សត្វល្អិត មិនអនុវត្តតាមការណែនាំ។ ស្ត្រីអាជីវករដដែលនេះបន្តថា មុននឹងគាត់ប្រើ គាត់គួរណាស់តែអាន ការណែនាំនៅលើផលិតផល ព្រោះក្រុមហ៊ុននីមួយៗ គាត់បានសរសេរដាក់ នឹងការណែនាំនៅលើហ្នឹងអស់ហើយ ទាំងការប្រើប្រាស់ ទាំងការការពារសុខភាពយើងដូចគ្នា គឺត្រូវការឱ្យគាត់ពាក់ម៉ាស ស្រោមដៃអាវការពារក៏ដូចជាស្បែកជើងកវែង ចៀសវាង ជាតិថ្នាំបង្ករប៉ះពាល់ទៅនឹងស្បែក វាអាចជ្រាបចូលខ្លួនបាន។
សូមបញ្ជាក់ថា នេះជាលើកទី២ហើយនៅឆ្នាំ២០២២នេះ ដែលអគ្គនាយកដ្ឋាននិតិកម្មនៃក្រសួងកសិកម្មបានផ្សព្វផ្សាយឱ្យកសិករនៅខេត្តស្ទឹងត្រែងជ្រើសរើសប្រភេទថ្នាំពុល និងជីកសិកម្ម ទៅប្រើប្រាស់ឱ្យមានផលប្រយោជន៍ និងអនុវត្តឱ្យបានត្រឹមត្រូវតាមការណែនាំ ដើម្បីចៀសវាងការគ្រោះថ្នាក់ដែលបង្កឡើងពីការធ្វេសប្រហែស៕
ចែករំលែកព័តមាននេះ