រាជធានីភ្នំពេញ ៖ ក្រសួងធនធានទឹក និងឧតុនិយមបានឲ្យដឹងថាចាប់ពីថ្ងៃទី១៨ ដល់២៤ ឧសភា តំបន់មួយចំនួននឹងមានភ្លៀងពីតិចទៅច្រើនលាយឡំផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ ដូច្នេះសូមប្រជាពលរដ្ឋប្រុងប្រយ័ត្ន ។
យោងតាមសេចក្តីជូនដំណឹងស្តីពីការព្យាករធាតុអាកាសចាប់ពីថ្ងៃទី១៨ ដល់ថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២២ របស់ក្រសួងធនធានទឹកនៅថ្ងៃទី១៧ ឧសភា បានលើកឡើងថា នៅក្នុងរយៈពេល១សប្តាហ៍ទៅមុខកម្ពុជានឹងទទួលនូវឥទ្ធិពលពីជ្រលងសម្ពាធទាប ឥណ្ឌាក្នុងកម្រិតមធ្យម និងខ្យល់មូសុងនីរតីក្នុងកម្រិតពីបង្គួរទៅខ្លាំង ។
ក្រសួងថា ស្ថានភាពបែបនេះនឹងធ្វើឲ្យបណ្តាខេត្តនៅតំបន់វាលទំនាបកណ្តាលមានសីតុណ្ហភាពអប្បបរមាមានពី ២៤-២៦ °C និង សីតុណ្ហភាពអតិបរមាមានពី៣៣-៣៥°C ។ អាចមានភ្លៀងធ្លាក់រាយប៉ាយក្នុងកម្រិតពីមធ្យមទៅខ្លាំងលាយឡំដោយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ ។
តែចាប់ពីថ្ងៃ២២-២៤ ខែឧសភា បរិមាណទឹកភ្លៀងនឹងចុះថមថយបន្តិចវិញ ។ ចំណែកបណ្តាខេត្តជាប់ជួរភ្នំដងរែក និងខ្ពង់រាបភាគឦសានមាន សីតុណ្ហភាពអប្បបរមាមានពី២៣-២៥°C និងសីតុណ្ហភាពអតិបរមាមានពី៣៣-៣៥°C ។ នឹងអាចមានភ្លៀងនៅក្នុងកម្រិតពីតិចទៅច្រើនលាយឡំទៅដោយផ្គររន្ទះ និងខ្យល់កន្ត្រាក់ ។
ដោយឡែកតំបន់មាត់សមុទ្រមានសីតុណ្ហភាពអប្បបរមាមានពី២៤-២៦°C និងសីតុណ្ហភាពអតិបរមាមានពី៣២-៣៤ °C ។ នឹងអាចមានភ្លៀងធ្លាក់ក្នុងកម្រិតពីមធ្យមទៅច្រើនលាយឡំទៅដោយផ្គររន្ទះ និងខ្យល់កន្ត្រាក់ ។
ទន្ទឹមនោះ នៅលើផ្ទៃសមុទ្រក៏អាចមានភ្លៀងផ្គរ រន្ទះ ខ្យល់ខ្លាំង និងរលកសមុទ្រខ្ពស់ផងដែរ ។ យោងលើស្ថានភាពធាតុអាកាស ដូចបានជម្រាបជូនខាងលើ សូមសាធារណជនជ្រាបជាព័ត៌មាន៕
ចែករំលែកព័តមាននេះ