រាជធានីភ្នំពេញ ៖ កម្ពុជាបានស្នើឱ្យក្រុមហ៊ុន Walmart ដែលជាក្រុមហ៊ុនផ្សារទំនើបល្បីឈ្មោះមួយរបស់អាមេរិកមកវិនិយោគនៅកម្ពុជា ។ នៅវ៉ាស៊ីនតោន ក្នុងពេលដែលអមនាយករដ្ឋមន្ត្រីចូលរួមកិច្ចប្រជុំកំពូលអាស៊ាន-អាមេរិកនោះ ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងលោកស្រី Anbinh Phan តំណាងក្រុមហ៊ុន Walmart បានពិភាក្សាគ្នាពីឱកាសវិនិយោគនៅកម្ពុជា ។
ឯកឧត្តមរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានជម្រាបអំពីសមិទ្ធផលថ្មីៗ និងកិច្ចខិតខំប្រឹងប្រែងរបស់ក្រសួងពាណិជ្ជកម្មក្នុងការធ្វើឱ្យប្រសើរឡើងនូវបរិយាកាសធុរកិច្ចនៅកម្ពុជា ដូចជា ៖ ការចរចាបង្កើតទីផ្សារថ្មីៗបន្ថែមទៀតតាមរយៈកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីថ្មីៗ ការកសាងច្បាប់ និងលិខិតបទដ្ឋានគតិយុត្តបន្ថែម ព្រមទាំងការបន្តធ្វើទំនើបកម្មសេវាសាធារណៈ ការកាត់បន្ថយនីតិវិធី និងកិច្ចសម្រួលពាណិជ្ជកម្មនានា ដែលបានជួយសម្រួលយ៉ាងច្រើនដល់ការធ្វើធុរកិច្ច និងពាណិជ្ជកម្មនៅកម្ពុជាកាន់តែប្រសើរឡើង ។
តាមក្រសួងពាណិជ្ជកម្មកម្ពុជា លោកស្រី Anbinh Phan វាយតម្លៃខ្ពស់ចំពោះសមត្ថភាពក្នុងការគ្រប់គ្រងស្ថានភាពនៃជំងឺកូវីដ-១៩ ដ៏មានប្រសិទ្ធភាពរបស់កម្ពុជា និងបានអបអរសាទរចំពោះការសម្រេចបានកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីថ្មីៗ ព្រមទាំងជម្រាបជូនអំពីចំណាប់អារម្មណ៍ក្នុងការនាំចូលផលិតផលរបស់កម្ពុជាបន្ថែមទៀត ដូចជា ៖ គ្រឿងសង្ហារឹម ផ្លែឈើ ម្ហូបអាហារ និងគ្រឿងអេឡិចត្រូនិក ជាដើម ។
តំណាងក្រុមហ៊ុន Walmart បានបង្ហាញអំពីបំណងក្នុងការពង្រីកកិច្ចសហប្រតិបត្តិការ ការពង្រឹងភាពជាដៃគូក្នុងសកម្មភាពធុរកិច្ច និងវិនិយោគ ដែលនឹងចូលរួមចំណែកក្នុងការបង្កើតឱកាសការងារសម្រាប់ប្រជាជនកម្ពុជា ជាពិសេសស្ត្រី ការជំរុញកំណើនសេដ្ឋកិច្ច និងកាត់បន្ថយភាពក្រីក្រ ។
ឯកឧត្តម ប៉ាន សូរស័ក្តិ បានស្នើឱ្យក្រុមហ៊ុន Walmart ពិនិត្យលទ្ធភាពក្នុងការពង្រីកប្រតិបត្តិការធុរកិច្ចនៅកម្ពុជា និងវិនិយោគលើវិស័យដែលមានសក្តានុពលនានាបន្ថែមទៀតនៅកម្ពុជាផងដែរ និងបង្ហាញពីការត្រៀមខ្លួនរបស់ក្រសួងពាណិជ្ជកម្មក្នុងការសហការ និងជួយសម្រួលដល់ការធ្វើពាណិជ្ជកម្ម និងវិនិយោគនៅកម្ពុជា ៕
ចែករំលែកព័តមាននេះ