ខេត្តក្រចេះ ៖ កម្មករម្នាក់បានស្លាប់បាត់បង់ជីវិតនៅនឹងកន្លែងដោយរថយន្តក្រឡាប់សង្កត់លើ និង១០នាក់ទៀតរងរបួសកាលពីវេលាម៉ោង១រសៀលថ្ងៃទី២ មករា នៅចំណុចអូរកូនអក ក្នុងភូមិព្រែកចំឡាក់ ឃុំកញ្ជរ ស្រុកឆ្លូង ខណៈកម្មករទាំងនេះបានជិះរថយន្តកូរ៉េចេញពីចម្ការមួយកន្លែង ។
មន្ត្រីនគរបាលចរាចរស្រុកឆ្លូងបានឱ្យដឹងថា រថយន្តដែលក្រឡាប់ដោយខ្លួនឯងនេះជាប្រភេទរថយន្តកូរ៉េចំណុះ២តោនកន្លះ មានផ្ទុកមនុស្សប្រុសចំនួន១១នាក់រួមទាំងអ្នកបើកបរផងបើកចេញពីចម្ការមួយកន្លែងនៅជិតចំណុចកើតហេតុ ។ នគរបាលចរាចរបានឱ្យដឹងទៀតថា អ្នកបើកបរឈ្មោះខុន អីុ អាយុ២៣ឆ្នាំ មានទីលំនៅស្រុកពញាក្រែក ខេត្តកំពង់ចាម ។ លោកបន្តថា នៅចំណុចខាងលើ ផ្លូវចំណោតហើយរថយន្តមានល្បឿនលឿនពេកក៏រេចង្កូតធ្លាក់ចេញពីផ្លូវលំក្រឡាប់តែម្តង ។ ក្នុងហេតុការណ៍នោះបង្កឱ្យបុរសម្នាក់ឈ្មោះសំរិទ្ធ បូរិន អាយុ១៨ឆ្នាំ មានទីលំនៅស្រុកពញាក្រែក ជាកម្មករធ្វើចម្ការបានស្លាប់នៅនឹងកន្លែងដោយសាររថយន្តសង្កត់លើ ឯ៩នាក់ទៀតរបួសស្រាល និងម្នាក់ទៀតរបួសធ្ងន់ ។
លោកវរសេនីយ៍ត្រីអ៊ុំ សុភាព នាយរងការិយាល័យប៉ូលិសចរាចរជើងគោកបានឱ្យដឹងថា ក្រោយពីកើតហេតុរថយន្តត្រូវបានបញ្ជូនទៅរក្សាទុកនៅអធិការដ្ឋានស្រុកឆ្លូង ឯអ្នករងរបួសធ្ងន់ និងស្រាលត្រូវនាំទៅសង្គ្រោះនៅមន្ទីរពេទ្យ សពប្រគល់ឱ្យក្រុមគ្រួសាររៀបចំធ្វើបុណ្យតាមប្រពៃណី ៕
ចែករំលែកព័តមាននេះ