ខេត្តបន្ទាយមានជ័យ ៖ សមត្ថកិច្ចបានឃាត់ខ្លួនជន៣នាក់ ពីបទលួចឈូសឆាយកា.ប់ទន្ទ្រានដីព្រៃលិចទឹកតំបន់៣ ក្នុងភូមិសាស្គ្រស្រុកមង្គលបូរី តែក្រោយមកបានដោះលែងម្នាក់ដែលជាអ្នកស៊ីឈ្នួលបើកត្រាក់ទ័រឱ្យគេ ឯ២នាក់ទៀតបានបញ្ជូនទៅសាលាដំបូងខេត្តកាលពីថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២២កន្លងមកនេះ ។
លោក ឡុញ វុទ្ធី នាយខណ្ឌរដ្ឋបាលជលផលបន្ទាយមានជ័យ ថ្លែងថា ជន២នាក់ដែលត្រូវបានបញ្ជូនទៅសាលាដំបូងនេះ ម្នាក់ឈ្មោះ រឹត ធី ភេទប្រុស អាយុ៥៣ឆ្នាំ ជាម្ចាស់ស្រែ និងម្នាក់ទៀតឈ្មោះ វ៉ាន់ យ៉េន ភេទប្រុស អាយុ៤៦ឆ្នាំ ជាម្ចាស់ត្រាក់ទ័រ រស់នៅភូមិដូនឡឹក ឃុំសំបួរ ស្រុកមង្គលបូរី ។
លោកនាយខណ្ឌបញ្ជាក់ថា នេះជាការអនុវត្តតាមវិធានការរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការបង្ក្រាបបទល្មើសរុករានទន្ទ្រានដីព្រៃលិចទឹកតំបន់៣មាត់បឹងទន្លេសាប ដែលខេត្តបន្ទាយមានជ័យបានដកហូត ហើយឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្ត ក៏បានដឹកនាំក្រុមមន្ត្រីរាជការ និងកងកម្លាំងប្រដាប់អាវុធ ដាំកូនឈើស្ដារឡើងវិញ ។ សម្រាប់ខេត្តបន្ទាយមានជ័យ តំបន់ព្រៃលិចទឹកបឹងទន្លេសាប នៅស្រុកព្រះនេត្រព្រះមាន២ឃុំគឺ ឃុំប្រាសាទនិងឃុំភ្នំលៀប និងស្រុកមង្គលបូរីមាន១ឃុំគឺឃុំសំបួរ ។
លោក ឡុញ វុទ្ធី ថ្លែងទៀតថា កាលពីថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២២កន្លងទៅ នៅចំណុចបង្គោលលេខ៣៣៤ និយាមការ ៣០១៥៤៤.១៤៨៤៤៩៤ ស្ថិតក្នុងភូមិដូនឡឹក ឃុំសំបួរ ស្រុកមង្គលបូរី មានជន៣នាក់ប្រើប្រាស់ត្រាក់ទ័រ១គ្រឿង ធ្វើសកម្មភាពឈូសឆាយរដីព្រៃលិចទឹកតំបន់៣ ដែលត្រូវបានដាំកូនឈើឡើងវិញរួចហើយ ។
ក្រោយពីទទួលបានព័ត៌មាននេះ កម្លាំងការពារដីព្រៃលិចទឹកតំបន់៣ភូមិសាស្គ្រខេត្តបន្ទាយមានជ័យ ដែលមានមន្ត្រីជលផល និងកម្លាំងកងរាជអាវុធហត្ថ នគរបាល និងយោធា បានចុះទៅឃាត់ខ្លួនទាំង៣នាក់ និងនាំយកត្រាក់ទ័រ១គ្រឿងនោះមកខណ្ឌរដ្ឋបាលជលផលបន្ទាយមានជ័យដើម្បីសាកសួរ ។
តាមចម្លើយ គឺក្នុងចំណោមជនទាំង៣នាក់នេះ មានម្នាក់ជាអ្នកស៊ីឈ្នួលបើកត្រាក់ទ័រមិនទាក់ទិននឹងការរំលោ.ភបំពានទេ និងត្រូវបានដោះលែងឱ្យត្រឡប់ទៅផ្ទះវិញ ។ ចំណែកជន២នាក់ទៀត ដែលម្នាក់អះអាងថា ជាម្ចាស់ស្រែ
និងម្នាក់ទៀតជាម្ចាស់ត្រាក់ទ័រ ត្រូវបានកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្ត ៕
ចែករំលែកព័តមាននេះ