រាជធានីភ្នំពេញ ៖ ពាណិជ្ជកម្មទ្វេភាគីរវាងប្រទេសកម្ពុជា និងម៉ាឡេស៊ី បានកើនឡើងគួរឱ្យកត់សម្គាល់ ។ តាមទិន្នន័យពីក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) គិតត្រឹមខែកុម្ភៈ ឆ្នាំ ២០២២ ប្រទេសម៉ាឡេស៊ី ឈរនៅលំដាប់ទី ៣ ក្នុងចំណោមបណ្តាប្រទេសអាស៊ាន ដែលមានទុនវិនិយោគច្រើនជាងគេនៅកម្ពុជា ជាមួយនឹងគម្រោងវិនិយោគសរុបចំនួន ១៦២ គម្រោង ស្មើនឹង ៣,២ ពាន់លានដុល្លារ ។ ជាមួយគ្នានេះ ពាណិជ្ជកម្មទ្វេភាគីរវាងប្រទេសទាំងពីរមានទំហំប្រមាណ ៥០០ លានដុល្លារក្នុងឆ្នាំ ២០២១ ដោយកើនឡើង ១៣ ភាគរយធៀបនឹងឆ្នាំ ២០២០ ។
ឯកឧត្តម ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានជួបជាមួយគណៈប្រតិភូសហគ្រាសធុនតូច និងមធ្យមម៉ាឡេស៊ី (SMEs) មួយក្រុមកាលពីថ្ងៃទី ២៧ ខែមេសា ដើម្បីទាក់ទាញការវិនិយោគបន្ថែមមកកម្ពុជា ។ ឯកឧត្តមរដ្ឋមន្ត្រីបានសម្តែងការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកំណើននៃរំហូរវិនិយោគរបស់ម៉ាឡេស៊ីមកកម្ពុជា ជាមួយនឹងការកើនឡើងគួរឱ្យកត់សម្គាល់នៃពាណិជ្ជកម្មទ្វេភាគីរវាងប្រទេសទាំងពីរ ។
តាមរយៈជំនួបនោះកម្ពុជា និងម៉ាឡេស៊ី បានប្តេជ្ញារួមគ្នានៅក្នុងការបង្កើនកិច្ចសហប្រតិបត្តិការលើវិស័យពាណិជ្ជកម្ម វិនិយោគ សុខាភិបាល វិទ្យាសាស្ត្រ និងបច្ចេកវិទ្យា និងការទំនាក់ទំនងរវាងប្រជាជន និងប្រជាជន ក្នុងគោលដៅសម្របសម្រួល និងពន្លឿនការស្តារសេដ្ឋកិច្ចឡើងវិញពីជំងឺរាតត្បាតកូវីដ-១៩ ។
បេសកកម្មធុរកិច្ចវិនិយោគិនម៉ាឡេស៊ីនៅកម្ពុជានេះ បានរៀបចំឡើងដោយស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសម៉ាឡេស៊ី រួមជាមួយនឹងសហគ្រាសធុនតូច និងមធ្យមម៉ាឡេស៊ី ក្រុមប្រឹក្សាធុរកិច្ចម៉ាឡេស៊ីនៅកម្ពុជា (MBCC) និងសាជីវកម្មអភិវឌ្ឍន៍ពាណិជ្ជកម្មក្រៅប្រទេសម៉ាឡេស៊ី (MATRADE) ក្នុងគោលបំណងពង្រឹងទំនាក់ទំនងរវាងកម្ពុជា-ម៉ាឡេស៊ី តាមរយៈការជំរុញពាណិជ្ជកម្ម និងវិនិយោគទ្វេភាគី ដោយផ្តោតសំខាន់លើទំនុកចិត្ត និងផលប្រយោជន៍រួម ។ នេះបើតាមការបញ្ជាក់របស់ក្រសួងការបរទេស ៕
ចែករំលែកព័តមាននេះ