ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

និស្សិតស្រីលង្កាឡោមព័ទ្ធផ្ទះនាយករដ្ឋមន្រ្តី ទាមទារឱ្យ​ចុះចេញពីតំណែង

2 ឆ្នាំ មុន

និស្សិតស្រីលង្ការាប់ពាន់នាក់បានឡោមព័ទ្ធផ្ទះរបស់លោកនាយករដ្ឋមន្រ្តី ដោយធ្វើការទាមទារឲ្យគាត់ចុះចេញពីតំណែងដោយសារប្រទេសកំពុងមានវិបត្តិសេដ្ឋកិច្ចដ៏ធ្ងន់ធ្ងរ។

ស្រីលង្កា ៖ និស្សិតស្រីលង្ការាប់ពាន់នាក់បានឡោមព័ទ្ធផ្ទះរបស់លោកនាយករដ្ឋមន្រ្តី Mahinda Rajapaksa កាលពីថ្ងៃអាទិត្យ ទី​​​២៤ មេសា ម្សិលមិញនេះ ដោយធ្វើការទាមទារឲ្យគាត់ចុះចេញពីតំណែងដោយសារប្រទេសកំពុងមានវិបត្តិសេដ្ឋកិច្ចដ៏ធ្ងន់ធ្ងរ។

ការខ្វះអគ្គិសនី អតិផរណា ការខ្វះខាតស្បៀងអាហារ និងខ្វះប្រេងឥន្ធនៈធ្ងន់អស់រយៈពេលជាច្រើនខែបានធ្វើឲ្យសាធារណៈជនខឹងសម្បារយ៉ាងខ្លាំងនៅក្នុងប្រទេសស្រីលង្កា ដែលកំពុងប្រឈមនឹងវិបត្តិសេដ្ឋកិច្ចដ៏ធ្ងន់ធ្ងរ ចាប់តាំងពីប្រទេសនេះទទួលបានឯករាជ្យនៅក្នុងឆ្នាំ ១៩៤៨មក។

មេដឹកនាំក្រុមនិស្សិតជាច្រើនរូបបានធ្វើការឡើងរបងផ្ទះរបស់លោកនាយករដ្ឋមន្រ្តីនៅក្នុងរដ្ឋធានី Colombo ក្រោយពេលប៉ូលីសបានដំឡើងរបាំងនៅតាមដងផ្លូវជាច្រើនៅជុំវិញទីក្រុងដើម្បីបញ្ឈប់ក្រុមបាតុករទាក់ទងគ្នានៅកន្លែងផ្សេងៗ។

មេដឹកនាំនិស្សិតម្នាក់និយាយថា «អ្នកអាចបិទផ្លូវបាន ប៉ុន្តែមិនអាចបញ្ឍប់ការតស៊ូរបស់ពួកយើងបាន​នោះទេ រហូតដល់រដ្ឋាភិបាលទាំងមូលត្រឡប់ទៅផ្ទះវិញ»។

ក្រុមអ្នកតវ៉ាមួយចំនួនកាន់បដាដោយមានសរសេរថា «ទៅផ្ទះវិញទៅ Gota» ដែលជាឈ្មោះក្រៅរបស់ប្រធានាធិបតី Gotabaya Rajapaksa។

ប៉ូលីសនិយាយថា លោកនាយករដ្ឋមន្រ្តី Mahinda Rajapaksa មិនមានវត្តមាននៅក្នុងផ្ទះរបស់លោកនោះទេ ហើយក្រុមនិស្សិតបានចាកចេញដោយសន្តិវិធី។

សូមបញ្ជាក់ថា អស់រយៈពេលជាង ២សប្តាហ៍មកហើយ ក្រុមអ្នកតវ៉ារាប់ពាន់នាក់បានបោះជំរុំជារៀងរាល់ថ្ងៃនៅខាងក្រៅការិយាល័យរបស់ប្រធានាធិបតី Gotabaya Rajapaksa ដោយពួកគេទាមទារឲ្យមេដឹកនាំរូបនេះ និងបងប្រុសរបស់គាត់ចុះចេញពីតំណែង។

សេដ្ឋកិច្ចស្រីលង្កាចាប់ផ្តើមដួលរលំនៅពេលមានការរាតត្បាតកូវីដ ១៩ ដែលធ្វើឲ្យបាត់បង់ប្រាក់ចំណូលពីវិស័យទេសចរណ៍ និងការផ្ញើប្រាក់៕ (យោងតាមប្រភព៖ AFP)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ